ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រោមបញ្ជាដឹកនាំផ្ទាល់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានយកចិត្តទុកដាក់ខិតខំជម្រុញធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យខានតែបាននៃការរីករាលដាលនៃវីរុសកូវីដ១៩ កុំឲ្យចូលក្នុងសហគមន៍ និងរួមគ្នាការពារប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យកូវីដ១៩បន្តកើតមានតទៅទៀត។
រូបថតៈនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ
ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាង១០០នាក់ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បន្តថា នៅក្នុងសហគមន៍ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងតាមបណ្តាព្រំដែន គឺសមត្ថកិច្ចខិតខំទប់ស្កាត់នៅក្នុងការលួចឆ្លងដែនខុសច្បាប់ ដែលគេចវេសពីការធ្វើចត្តាឡីស័ក។
អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា “វ៉ាក់សាំងស៊ីណូហ្វាមរបស់សាធារណរដ្ឋប្រជាមានិតចិន មានប្រសិទ្ធភាព មិនថានៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ក៏គេបានប្រើប្រាស់វ៉ាក់សាំងនេះដែរ មិនដូចជាការភូតកុហកបំផ្លើសអំពីបញ្ហាណាដែលធ្វើឲ្យមានការភ័យខ្លាចអំពីការចាក់វ៉ាក់សាំងនេះទេ ពីព្រោះយើងទទួលបានការចាក់វ៉ាក់សាំង គឺទទួលបានការការពារមួយការពារកុំឲ្យឆ្លងមេរោគកូវីដ១៩”៕សរន