ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក មែ៉ន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានជំរុញឱ្យមន្ត្រីគ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវបន្តការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសការចូលរួម ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ។
លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានមាន ប្រសាសន៍ ដូច្នេះ នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ និងទិសដៅ ការងារ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅសាល ប្រជុំសាលាខេត្ត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖ ១.អាជ្ញាធរក្រុង ស្រុក ត្រូវរួមសហការជាមួយកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កុំឲ្យមានមនុស្ស ឆ្លងចេញចូល ក្នុងនោះចំពោះ អ្នកលួចឆ្លងដែន ចូលក្នុងប្រទេស ត្រូវនាំខ្លួនធ្វើចត្តាឡីស័ក និងយកសំណាក ទៅវិភាគ។
២.បន្តផ្សព្វផ្សាយអនុវត្តវិធានការ របស់សម្តេចតេជោ ដើម្បីការការពារជំងឺកូវីដ១៩ (៣ការពារ, ៣កុំ) រួមមាន ៣ការពារ -(១.ពាក់ម៉ាស់, ២.លាងដៃ, ៣.គម្លាតបុគ្គល (រក្សាគម្លាត ចាប់ពី ១,៥ ម៉ែត្រ ឡើងទៅ)។ ៣កុំ-(១.កុំចូលទៅ កន្លែងបិទជិត គ្មានខ្យល់ចេញចូល និងមាស៊ីនត្រជាក់ច្រើនពេក, ២.កុំទៅកន្លែងមានមនុស្សច្រើន, ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម)។
៣.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងទប់ស្កាត់ ការតាមដានមុខសញ្ញា ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន ឱ្យបានល្អ។
៤.បន្តបង្កើនការផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេស ជំរុញប្រជាពលរដ្ឋ ពាក់មួកសុវត្ថិភាព និងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឱ្យបានម៉ឺងម៉ាត់ ទៅលើរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់ ចៃដន្យណាមួយ។/V-PC