Home ព័ត៌មានជាតិ នយោបាយ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អំពី​ស្ថានភាព​តាម​ព្រំដែន

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​លទ្ធផល កិច្ចសហប្រតិបត្តិការ ការពារ​សន្តិសុខ នៅតាម​ព្រំដែន នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ ក្រសួងមហាផ្ទៃ អគ្គស្នងការ អគ្គ​ស្នងការរង នគរបាលជាតិ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាច្រើនរូប​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថាៈ កិច្ចប្រជុំ ក្នុងថ្ងៃនេះ គឺ​ដើម្បី​ពិភាក្សា អំពី​ស្ថានភាព​តាម​ព្រំដែន និង​ការរៀបចំ កម្លាំង​នគរបាល ការពារ​ព្រំដែន និង​ពាក់ព័ន្ធ​នឹង កំណែទម្រង់ នគរបាល​ការពារ​ព្រំដែន​។ ពាក់ព័ន្ធ​នឹង​កំណែទម្រង់ នគរបាល​ការពារ​ព្រំដែន ចាំបាច់​ត្រូវ​មានការ រៀបចំ​ផែនការ​ជាក់លាក់ ហើយ​សម្រាប់ នគរបាល​ការពារ នៅមាន ចំណុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​រួមគ្នា យកចិត្តទុកដាក់ ដោះស្រាយ​បន្ត គឺ​មិនមែន​ត្រឹមតែ ដោះស្រាយ​បញ្ហា នៅ​ចំពោះមុខ​នោះទេ​។​

​សម្ដេច​ក្រឡាហោម ស ខេង បានចាត់ទុក​ថាៈ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ជា​កម្លាំង​ឈរ​នៅ​ជួរមុខ ជាមួយ​កង​យោពល​ខេមរភូមិន្ទ ក្នុងការ​ការពារ បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​។ ការងារ​របស់​កងក​ម្លាំ​ង នគរបាល​ការពារ​ព្រំដែន ជា​កិត្តិយស និង​ជា​មោទនភាព របស់​ក្រសួងមហាផ្ទៃ ដែល​រាជរដ្ឋាភិបាល ផ្ដល់​ការទុកចិត្ត ផ្ដល់​តួនាទី​រួម ជាមួយ​កង​យោពល​ខេមរភូមិន្ទ ក្នុងការ​ការពារ​បូរណភាព​ទឹកដី បន្ថែម​ពីលើ​ភារកិច្ច ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ នៅក្នុង​ប្រទេស​។

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ទៀតថាៈ ដើម្បី​ឲ្យ​ស្របតាម​តួនាទី​ដ៏​មាន​សារៈ សំខាន់ និង​តប​តាម​ការទុកចិត្ត របស់​រាជរដ្ឋាភិបាល ក្រុមការងារ​ពាក់ព័ន្ធ ចាំបាច់​រួមគ្នា​គាំទ្រ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ឲ្យ​មាន​ភាពរឹងមាំ ការតាំង​ចិត្ត​ច្បាស់លាស់​ព្រមទាំង ដោះស្រាយ បញ្ហា​នានា​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​រាយការណ៍​ពី របាយការណ៍​សង្ខេប អំពី​វឌ្ឍនភាព​ការងារ​ព្រំដែន ដោយ​លើកឡើងថា ចំពោះ​ការងារ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩ ក៏មាន​ការពង្រាយ កម្លាំង​នៅតាម​ព្រំដែន ដើម្បី​ទប់ ស្កាត់​ការ​គេចវេះ របស់​ពលករ ដែល​ចូលមក​កម្ពុជា ក៏ដូចជា ពលករ​ដែល​បម្រុង​ចេញពី ប្រទេស​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ បានបញ្ជាក់​បន្ថែមថាៈ សភាពការណ៍ និង​ការងារ​នៅតាម ព្រំដែន មាន​ភាពល្អប្រសើរ ជាពិសេស រក្សាបាន​នូវ​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ជិតស្និទ្ធ ជាមួយ​ប្រទេសជិតខាង ហើយ​ការរួមចំណែក ក្នុងការ​ទប់ស្កាត់ បទល្មើស​ឆ្លងដែន គ្រប់​ប្រភេទ ក៏​ទទួលបាន​លទ្ធផល ល្អប្រសើរ​ផងដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous article​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េ​តណូ ម៉ា​ស៊ូ​ឌី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កុម្ភៈ​ថា អន្តរកាល​របស់​មី​យ៉ាន​ម៉ា​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ ក្រោយ​រដ្ឋ​​ប្រហារ​នៅ​ខែ​នេះ​គួរ​ធ្វើ​តាម​បំណងប្រថ្នា​របស់​ប្រជាជន​នៃ​ប្រទេស​នេះ​។​​ការលើកឡើង​របស់​លោក​ស្រី​កើត​ឡើង​ក្រោយ​មាន​កំហឹង​ចេញ​ពី​ពួក​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ចំពោះ​របាយការណ៍​មួយ​ថា ឥណ្ឌូនេស៊ី​កំពុង​ជំរុញ​ផែនការ​មួយ​សំរាប់​សមាគម​អាស៊ាន​បញ្ជូន​អ្នកសង្កេតការ​​ទៅ​ពិនិត្យ​មើល​របប​យោធា​មី​យ៉ាន់​ម៉ា​រៀបចំ​ការបោះឆ្នោត​ដោយ​យុត្តិធម៌ តាម​ការសន្យា​របស់​ខ្លួន​។​
Next articleផ្សព្វផ្សាយ​ការអនុវត្ត​ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា “QR Code ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩”
- Advertisment -

Most Popular