ដោយ:រ៉ាម៉ន/ភ្នំពេញ: គិតត្រឹមព្រឹកថ្ងៃទី២៣ កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាក និងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចអភិបាលប្រចាំការដោះស្រាយកិច្ចបន្ទាន់ៗមួយចំនួនពាក់ព័ន្ធ បញ្ហាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
ក្នុងនោះលោកឃួង ស្រេងបានលើកឡើងថា៖ រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង ១៤បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៤នេះ។
លោកឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឱ្យបានលឿននិងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។
គួរបញ្ជាក់ដែរថា៖ មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។
លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា៖ ចំពោះកិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងជារាងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀតក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩នេះ៕