ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងបរិស្ថាន បានរៀបចំពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រ ដល់ជ័យលាភី ការប្រកួតវីដេអូ បែបអត្ថាធិប្បាយ (វិដេអូសំណេរ) ក្នុងយុទ្ធនាការ ការពារព្រៃឈើ និងសត្វព្រៃ ក្នុងតំបន់ទេសភាពព្រៃឡង់ តាមរយៈការផ្លាស់ប្តូរ ឥរិយាបថសង្គម។
ក្នុងពិធីដែលបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២១ នេះ គេឃើញមានការចូលរួម ពីសំណាក់លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង អគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន លោក រីឆាត ឈិន ប្រធានការិយាល័យ សន្តិសុខស្បៀង និងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID លោក ថៃ សីលា នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ខាំបូធីកឃីក និងបេក្ខជន បេក្ខនារី ប្រកួតផលិតវីដេអូ បែបអត្ថាធិប្បាយ ជាច្រើនរូបទៀត។
លោក រីឆាត ឈិន ប្រធានការិយាល័យ សន្តិសុខស្បៀង និងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថាៈ ការបង្កើតការប្រកួតផលិតវីដេអូ បែបអត្ថាធិប្បាយ (វីដេអូសំណេរ) ស្តីអំពីបរិស្ថាន គឺផ្តល់ឱកាស ដល់យុវជនបញ្ចេញសមត្ថភាព ផលិតវីដេអូ តាមជំនាញរបស់ខ្លួន លើប្រធានបទ ការការពារ ព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ការប្រកួតផលិតវីដេអូសំណេរនេះ ប្រព្រឹត្តទៅ បីសប្តាហ៍ ដែលបានបញ្ចប់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ ការប្រកួតផលិតវីដែអូ អមជាមួយ បទអត្ថាធិប្បាយនេះ ទទួលបានចំណាប់ អារម្មណ៍ទូទាំងប្រទេស ហើយត្រឹមថ្ងៃកំណត់ យើងទទួលបាន ១៨ វីដេអូ លើប្រធានបទបរិស្ថាន ក្នុងតំបន់ទេសភាពព្រៃឡង់។
នេះគឺជាជោគជ័យមួយ ដែលបង្ហាញច្បាស់តា មរយៈការប្រកួតផលិត វីដេអូនេះ។ លើសពីនេះ យើងសង្ឃឹមថា ដំណើរការប្រកួត ផលិតវីដេអូនេះ នឹងផ្តល់ព័ត៌មាន និងជំនាញចាំបាច់ ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការផ្លាស់ប្តូរ ឥរិយាបថវិជ្ជមាន ក៏ដូចជា ជំរុញលើកទឹកចិត្ត អ្នកដទៃទៀត ឱ្យផ្លាស់ប្តូរឥរិយាបថ វិជ្ជមានដូចគ្នាផងដែរ។
លោក រីឆាត ឈិន បានជំរុញលើកទឹកចិត្ត យុវជនកម្ពុជា ឱ្យចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការ និងការខិតខំប្រឹងប្រែង របស់ពួកគេ នាពេលអនាគត។ យុវជនកម្ពុជាទាំងអស់ នឹងទទួលបានឱកាសស្វែងយល់ និងឱ្យតម្លៃដល់ធម្មជាតិ ដែលមានក្នុងប្រទេសរបស់ខ្លួន ក៏ដូចជា លើកកម្ពស់កេរដំណែលជាតិបៃតង ក្នុងចំណោមមិត្តភក្តិ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ របស់ខ្លួនទាំងមូល។
ដោយឡែក លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង តំណាងលោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ គម្រោងអនាគតបៃតង ដែលមានគំនិតផ្តួចផ្តើម ក្នុងការរៀបចំកម្មវិធីប្រកួតវីដេអូខ្លី អំពីព្រៃឡង់នេះឡើង ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំការផ្សព្វផ្សាយ និងជម្រុះតាមដំណាក់កាល យ៉ាងយកចិត្តទុកដាក់ និងមានតម្លាភាព រហូតរកឃើញ អ្នកឈ្នះរង្វាន់ជ័យលាភី។
លោកស្រី បានឱ្យដឹងទៀតថាៈ សម្រាប់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ជាអង្គភាពជំនាញមួយ ក៏មានបេសកកម្មចម្បង របស់ខ្លួន គឺលើកកម្ពស់ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិត សាធារណជន ឱ្យចូលរួមប្រតិបត្តិ មេត្រីភាពបរិស្ថាន។
ក្នុងនាមអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកស្រី សូមលើកទឹកចិត្តឲ្យប្អូនៗយុវជន ឱ្យចូលរួមការប្រកួតប្រជែង របៀបនេះបន្តទៀត ប្រសិនជាមាន ទោះស្ថាប័ន ឬគម្រោងផ្សេងៗទៀត រៀបចំឡើង ក៏ដោយ ព្រោះលោកស្រី សង្ឃឹមថា ប្អូនៗ នឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញសាធារណជន ឱ្យចូលរួមប្រែក្លាយចំណេះដឹងបរិស្ថាន ឱ្យទៅជាការប្រតិបត្តិ មេត្រីភាពបរិស្ថានល្អ និងមានការផ្លាស់ប្តូរឥរិយាបថ ជាវិជ្ជមាន ចំពោះបរិស្ថាន និងធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕/V.mara