ប្រែសម្រួលៈវាសនា/ហ្សាការតា៖រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌីបាននិយាយកាលពីថ្ងៃអង្គារទី២៣កុម្ភៈថា អន្តរកាលរបស់មីយ៉ានម៉ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ក្រោយរដ្ឋប្រហារនៅខែនេះគួរធ្វើតាមបំណងប្រថ្នារបស់ប្រជាជននៃប្រទេសនេះ។
ការលើកឡើងរបស់លោកស្រីកើតឡើងក្រោយមានកំហឹងចេញពីពួកអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារចំពោះរបាយការណ៍មួយថា ឥណ្ឌូនេស៊ីកំពុងជំរុញផែនការមួយសំរាប់សមាគមអាស៊ានបញ្ជូនអ្នកសង្កេតការទៅពិនិត្យមើលរបបយោធាមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតដោយយុត្តិធម៌ តាមការសន្យារបស់ខ្លួន។
ពួកអ្នកប្រឆាំងតវ៉ា ចង់អោយស្តាររដ្ឋាភិបាលជាប់ឆ្នោតឡើងវិញជាបន្ទាន់ ហើយខ្លះអំពាវនាវតាមបណ្តាញសង្គមអោយមានបាតុកម្មនៅស្ថានទូតឥណ្ឌូនេស៊ីនៅមីយ៉ាន់ម៉ាថែមទៀត។
លោកស្រី រ៉េតណូ បាននិយាយក្នុងសារមួយបញ្ជូនទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «អន្តរកាលប្រជាធិបតេយ្យគួរធ្វើតាមបំណងប្រថ្នារបស់ប្រជាជនមីយ៉ានម៉ា។ផ្លូវណាទៅមុខជាមធ្យោបាយល្អទៅកាន់ទីបញ្ចប់នេះ។ឥណ្ឌូនេស៊ីមានការព្រួយបារម្ភខ្លាំងអំពីសភាពការណ៍នៅមីយ៉ាន់ម៉ា និងគាំទ្រប្រជាជនមីយ៉ាន់ម៉ា។សុខមាលភាពនិងសន្តិសុខរបស់ប្រជាជនមីយ៉ាន់ម៉ាជាអាទិភាពទី១»។
លោកស្រីអំពាវនាវអោយគ្រប់ភាគី«ធ្វើការអត់ធ្មត់អតិបរមាដើម្បីបញ្ចៀសការបង្ហូរឈាម»។
ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយថាឥណ្ឌូនេស៊ីមិនបានផ្លាស់ប្តូរគោលជំហរស្តីពីមីយ៉ាន់ម៉ាដោយងាកទៅគាំទ្រការបោះឆ្នោតថ្មីណាមួយក្រោយយោធាធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតទេ៕
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី កំពុងកៀរគរការគាំទ្រអោយមានកិច្ចប្រជុំពិសេសមួយរបស់សមាគមអាស៊ានដើម្បីពិភាក្សាអំពីវិបត្តិមីយ៉ាន់ម៉ា ចំពេលមានរបាយការណ៍ថា រដ្ឋាភិបាលក្រុងហ្សាការតាគាំទ្រផែនការបញ្ជូនអ្នកសង្កេតការអាសានទៅពិនិត្យមើលការបោះឆ្នោតដែលក្រុមយោធាមីយ៉ាន់ម៉ាបានសន្យាធ្វើ