បាត់ដំបង នៅសល់​ទឹក​ទុក​ចែករំលែក សម្រាប់​ប្រើ នៅ​ខេត្តបន្ទាយមានជ័យ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ទោះបីជា​ការដាំដុះ​ស្រូវប្រាំង ត្រូវបាន​គេ​ធ្វើ​លើស​រហូតដល់ ១៨៤ ភាគរយ នៃ​ផែនការ ពីរម៉ឺន​ហិកតា យ៉ាងណា ក៏​អាង​កំពីងពួយ នៅតែមាន​លទ្ធភាព បញ្ចេញ​ទឹក​ស្រោចស្រព បាន​គ្រប់គ្រាន់ និង​ត្រៀម​បម្រុង​ទុក សម្រាប់​ប្រើប្រាស់ ប្រចាំថ្ងៃ ជួយ​ទៅដល់​ខេត្ត​ផ្សេង នៅពេល​ខាងមុខ ទៀតផង​។​

​លោក ឡុង ផលគុណ នាយក​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ថាៈ ទឹក​អាង​កំពីងពួយ ពេលនេះ នៅសល់ ប្រមាណ​ជា ៧០ លាន​ម៉ែត្រគូប បន្ទាប់ពី​បាន​បញ្ចេញ​ប្រើ ជា​បន្តបន្ទាប់ អស់​ប្រមាណ​ជា ១០០ លាន​ម៉ែត្រគូប ទៅ​ស្រោចស្រព​លើ​ផ្ទៃ ដី​ដំណាំ​ស្រូវប្រាំង ដែល​ប្រជាកសិករ ធ្វើបាន​ចំនួន ៣៦.០០០ ហិកតា ស្មើ​ប្រមាណ​ជា ១៨៤ ភាគរយ នៃ​ផែនការ ២ ម៉ឺន​ហិកតា​។​

​នាយក​មន្ទីរ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ការដាំដុះ​ស្រូវប្រាំង នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​បិទ​បញ្ចប់​ហើយ និង​ផ្ទៃដី​ប្រមាណ ៥០ ភាគរយ បាន​ច្រូតកាត់​រួច ដោយ​មិនមាន ការដាំដុះ ថ្មី​ទៀត​ទេ​។ ទឹក​ដែល​នៅសល់ បើក​បញ្ចេញ​បែងចែក ទៅតាម​វេន​រាល់ថ្ងៃ សម្រាប់​ស្រូវ​ដែល​មិនទាន់បាន ប្រមូល​ផល ដោយ​មិនមាន​កន្លែង​ណាមួយ​រងគ្រោះ​ពី បញ្ហា​ខ្វះ​ទឹក​នោះទេ​។ នៅក្នុង​អាង​ធំ ក៏ដូចជា នៅតាម​ប្រព័ន្ធ​ចែកចាយ មានទឹក​គ្រប់គ្រាន់ សម្រាប់​បញ្ចូល​ស្រែ តាម​កម្មវិធី​បែងចែក​ទឹក​។​

​លោក ឡុង ផលគុណ បានបញ្ជាក់​ថាៈ បញ្ហា​ស្រូវប្រាំង​នេះ អាជ្ញាធរ ក៏ដូចជា មន្ត្រី​ជំនាញ បាន​ហាម​ដាច់ខាត មិន​ឱ្យមាន​ការដាំដុះ ជា​លើក​ទី​២​ទេ ទឹក​ដែល​នៅសល់ គិតថា ប្រមាណ​ជា ៣០ លាន​ម៉ែត្រគូប នៅក្នុង​អាង​កំពីងពួយ រក្សាទុក​សម្រាប់តែ​ប្រើប្រាស់ ប្រចាំថ្ងៃ ជាពិសេស​ទុក​សម្រាប់​ជួយ​យក ទៅប្រើ​ប្រាស់ នៅ​ខេត្ត​ផ្សេង ដែល​ពេលនេះ តំបន់​មួយចំនួន​របស់​ខេត្ត នៅជាប់​ខេត្តបាត់ដំបង​នេះ អាច​នឹងខ្វះ​ទឹក​សម្រាប់​ផលិត ទឹកស្អាត​ប្រើប្រាស់ នៅពេល​ខាងមុខ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular