​អភិបាល​រាជធានី ចែក​ម៉ាស់​សម្ដេច​តេ​ជោ ជា​លើក​ទី​២ ដល់​ខណ្ឌ​ទាំង ១៤ សង្កាត់​ទាំង ១០៥ ប៉ូលិស និង​ប៉េអឹម​, ផ្សារ ២៥ និង​សហគមន៍​អ្នកក្រីក្រ​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថាៈ បើ​ម្ចាស់​អាជីវកម្ម ដែល​មិន​អនុវត្ត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ជុំវិញ ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នឹងមាន​ទោសទណ្ឌ ហើយនឹង​អាច​បិទ​អាជីវកម្ម ជា​បណ្ដោះអាសន្ន​ផងដែរ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ដែល​លោក បានប្រគល់​ម៉ាស រាប់សិប​ម៉ឺន របស់​សម្ដេច​តេ​ជោ ជូន​ដល់​រដ្ឋបាល​ខណ្ឌ ទាំង ១៤ សង្កាត់​ទាំង ១០៥ ផ្សារ​ទាំង​២៥ និង​កងកម្លាំង​ប៉ូលិស និង​ប៉េអឹម​ភ្នំពេញ ជា​លើក​ទី​២ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​។​

​លោក ឃួ​ង ស្រេង បានលើកឡើង​ថាៈ ចំពោះ​អ្នក​ដែរ មិន​អនុវត្ត​ទៅតាម​វិធាន​របស់ ក្រសួងសុខាភិបាល គឺ​ត្រូវ​ប្រឈម​នឹងមាន​ទោសទណ្ឌ ដោយសារ​ថា មិនយូរ​ទេ អាច​ស្អែក ឬ ខានស្អែក រាជរដ្ឋាភិបាល នឹង​ចេញ ស ជ ណ ឱ្យ​អនុវត្ត ចំពោះ​អ្នក​ដែល​មិន​អនុវត្ត ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ស្ដីពី​ការបង្ការ ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ នេះហើយ​។ ចំណែកឯ​អ្នកបើក​អាជីវ​កម្មដ្ឋាន​នានា ក៏​ប្រឈម​នូវ​ការបិទ​អាជីវកម្ម ជា​បណ្ដោះអាសន្ន​ផងដែរ បើ​ពួកគាត់ មិន​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។​

​លោក ឃួ​ង ស្រេង ក៏បាន​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ពាក់​ម៉ាស លាងដៃ ជាប្រចាំ ពោលគឺ​ត្រូវអនុវត្ត អោយបាន​នូវ​វិធាន​របស់ ក្រសួងសុខាភិបាល និង​ត្រូវ​ស្វែងយល់ ពីសារ​របស់ សម្ដេច​អគ្គមហាសេនាបតី​ជោ ហ៊ុន សែន ដើម្បី​យើង​រួមគ្នា​ទប់ស្កាត់ នូវ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ​ឱ្យបាន​ជោគជ័យ​។​

​គួរបញ្ជាក់​ថាៈ ម៉ាស​របស់​សម្ដេច​អគ្គមហាសេនាបតី​ជោ ហ៊ុន សែន ដែល​លោក ឃួ​ង ស្រេង ប្រគល់ជូន​ជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​នេះ រួមមានៈ ប្រគល់ជូន ១៤ ខណ្ឌ ក្នុង ១ ខណ្ឌ ទទួលបាន​ម៉ាស ១៤.០០០ ម៉ាស សង្កាត់​ទាំង ១០៥ ក្នុង ១ សង្កាត់ ទទួលបាន​ម៉ាស ២.០០០ ម៉ាស សហគមន៍​ក្រីក្រ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ចំនួន ១២៤.០០០ ម៉ាស ប្រគល់ជូន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ៥ ម៉ឺន​ម៉ាស កងរាជអាវុធហត្ថ ៣ ម៉ឺន​ម៉ាស និង​នៅតាម​ផ្សារ​នានា​ទាំង ២៥ ផ្សារ ក្នុង​មួយ​ផ្សារ ទទួលបាន ៤.៥០០ ម៉ាស​។​

​លោក ឃួ​ង ស្រេង ក៏បាន​សូមឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចែក​ម៉ាស​ទាំងនេះ ឱ្យ​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​រួមគ្នា​ទប់ស្កាត់ នូវ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​នេះ អោយ​ទទួលបាន​ជោគជ័យ​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular