ក្រសួងកសិកម្ម​ថា តម្លៃ​ស្វាយ​នៅក្រៅ​ប្រទេស​កំពុងតែ​ធ្លាក់ចុះ

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅថ្ងៃនេះ​បានប្រកាសថា​តម្លៃ​ផ្លែស្វាយ​នៅ​ផ្សារ​ក្រៅប្រទេស​ជាពិសេស​គឺ​ប្រទេស​ចិន​គឺ​កំពុងតែ​មានការ​ធ្លាក់ចុះ ។

​ប្រភព​ដដែល​បាន​អះអាងថា​តម្លៃ​ផលិតផល​កសិកម្ម​រួមទាំង​ផ្លែស្វាយ​មានការ​ប្រែប្រួល​ឡើង​ចុះ​មិន​ទៀងទាត់​តាម​រដូវ​កាល​និង​អាស្រ័យ​លើ​ទំហំ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ទីផ្សារ​ដោយ​ជាក់ស្តែង​នា​ដើម​ឆ្នាំនេះ​ផ្លែស្វាយ​មានតម្លៃ​ល្អប្រសើរ​ប៉ុន្តែ​ចាប់ពី​ដើមខែ​កុម្ភៈ​មកទល់​បច្ចុប្បន្ននេះ​តម្លៃ​ផ្លែស្វាយ​កំពុងមាន​ការធ្លាក់ចុះ​ដោយសារ​ជា​រដូវ​កាល​ប្រមូល​ផល​ផ្លែស្វាយ​នៅ​កម្ពុជា​និង​នៅ​ប្រទេស​ផ្សេងៗ​ដែល​បណ្តាលឱ្យមាន​បរិ​មាណ​ផ្លែស្វាយ​ជន់​ច្រើន​លើសលប់​នៅលើ​ទីផ្សារ​ស្រប​ពេលដែល​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ​កំពុង​ស្ថិតនៅក្រោម​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​យោងតាម​គេហទំព័រ​www.globalprice.info​បច្ចុប្បន្ន​តម្លៃ​ផ្លែស្វាយ​ស្រស់​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះមក​ត្រឹម​ពី​១,១០​ទៅ​១,២០​ដុល្លារ​អាមេរិក​គីឡូក្រាម​តែប៉ុណ្ណោះ​។​

​ប្រភព​ដដែល​បាន​អះអាងថា​ក្នុង​គោលដៅ​ចូលរួមចំណែក​លើកកម្ពស់​តម្លៃ​ផលិតផល​ផ្លែស្វាយ​នៅលើ​ទីផ្សារ​និង​បង្កើន​ប្រាក់ចំណេញ​ជូន អ្នក​ផលិត​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ខិតខំ​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ផ្លែស្វាយ​សំខាន់ៗ​តាមរយៈ​ការចរចា​លើ​វិធាន​បច្ចេកទេស​អនាម័យ​និង​ភូតគាម​អនាម័យ​ជាមួយ​បណ្តា​ប្រទេស​មាន​សក្តានុពល​មួយចំនួន​ដូចជា​ប្រទេស​កូរ៉េ​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​។​ល​។​ការសម្រេចបាន​នូវ​ការព្រមព្រៀង​គ្នា​ជាមួយ​ប្រទេស​កូរ៉េ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បាន​អនុញ្ញាតឱ្យ​កម្ពុជា​ចាប់ផ្តើម​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​កូរ៉េ​តាំងពី​ខែមករា​ឆ្នាំ​២០២០​។

​ដោយឡែក​ការចរចា​ជាមួយ​ប្រទេស​ចិន​សម្រេចបាន​នូវ​ការព្រមព្រៀង​គ្នា​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៅ​ខែមិថុនា​ឆ្នាំ​២០២០​កន្លងមក​ក៏ប៉ុន្តែ​ដំណើរ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ ដែល​វិនិយោគ​ដោយ​ផ្នែក​ឯកជន មានការ​យឺតយ៉ាវ​ដោយសារ​ឥទ្ធិពល​នៃ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​មកទល់ពេលនេះ​ក្រុមហ៊ុន​ចំនួន​៤​ទើបតែ​បានបញ្ចប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះហើយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក៏បាន​ផ្ញើលិខិត​ស្នើសុំ​ការពិនិត្យ​និង​ឯកភាព​ចុះបញ្ជី​ពី​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ​និង​សម្រេច​អនុញ្ញាតឱ្យ​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​តម្លៃ​សមស្រប​និង​មាន​ទីផ្សារ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​សូម​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​អ្នក​ដាំ​ដុះ​ដំណាំ​ស្វាយ​ទាំងអស់​សូម​ធ្វើការ​ចុះបញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំចេញ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ងាយ​ស្រល​ទទួលបាន​ព័ត៌មាន​និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស​ក្នុងការ​បង្កើន​ផលិតភាព​និង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្តង់ដារ​ព្រមទាំង​រៀបចំ​ចងក្រង​ជា​បណ្តុំ​អាជីវកម្ម​ស្វាយ សម្រាប់​ទំនាក់​ទំនងជា​មួយ ក្រុមហ៊ុន​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ធ្វើការ​កែច្នៃ​និង​នាំចេញ​៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous article“គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត” ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។នៅក្នុងតំបន់មុខបរិវេណនៃប្រាសាទអង្គរវត្តនេះ ក៏មានគ្រឹះប្រាសាទបាយក្អែក ទួលបុរាណ ថ្នល់បុរាណ និងស្រះទឹកបុរាណជាច្រើន ដែលជាគោលដៅចម្បងរបស់អាជ្ញាធរជាតិអប្សរាក្នុងការសិក្សាស្រាវជ្រាវបុរាណវិទ្យា ដើម្បីលើកតម្លៃបុរាណដ្ឋាន ហើយស្វែងយល់ឱ្យច្បាស់អំពីសំណល់បុរាណ និងវិសាលភាពមត៌កវប្បធម៌បុរាណ៕
Next articleក្រសួងកសិកម្ម​ថា តម្លៃ​ស្វាយ​នៅក្រៅ​ប្រទេស​កំពុងតែ​ធ្លាក់ចុះ
- Advertisment -

Most Popular