ដោយៈ សុផល / ភ្នំពេញៈ ឆ្លើយតបនឹងការលើកឡើងថា «នៅកម្ពុជា មានវីរុសកូវីដ ១៩ ឆ្លងតាមសត្វប្រចៀវនោះ» លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានច្រានចោលព័ត៌មាននោះ ចុះផ្សាយមិនត្រឹមត្រូវ ឬការយល់ច្រឡំ ណាមួយ ចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ ត្រូវបានរកឃើញ នៅលើសត្វប្រចៀវ នៅកម្ពុជា ដោយមន្ទីរពិសោធន៍ ប៉ាស្ទ័រកម្ពុជា តាំងពីឆ្នាំ២០១០។
លោកស្រី បានអះអាងថាៈ វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ ឡើយ គឺគ្រាន់តែស្រដៀងគ្នា តែប៉ុណ្ណោះ។ នោះជាការវិភាគព័ត៌មាន ខុសលក្ខណៈបច្ចេកទេស ហើយលោកស្រី បានជម្រាបជូនថាៈ មិនត្រូវមានការសន្និដ្ឋាន ណាមួយប្រាសចាកពីបច្ចេក ទេសនោះទេ។ លោកស្រី បានបន្ថែមថាៈ យើងត្រូវជឿជាក់ លើអ្នកវិទ្យាសាស្ត្រ និងការ ស្រាវជ្រាវ។
លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា បានថ្លែងថាៈ «យើងមានការស្រាវជ្រាវ មិនមែនតែលើសត្វប្រចៀវ ប៉ុណ្ណោះទេ តែលើសត្វដទៃទៀត ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវរបស់យើង លើសត្វប្រចៀវ នៅកម្ពុជា នោះ គឺមិនអាចចម្លងជំងឺ មកលើមនុស្សបានទេ»។
លោកស្រី បានបន្ថែមថាៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការស្រាវជ្រាវ ជាយូរឆ្នាំមកហើយ ជាពិសេស ទៅលើសត្វប្រចៀវ។ ការស្រាវជ្រាវនេះ មិនមែនផ្តោត តែទៅលើមេរោគ កូរ៉ូណា មួយប៉ុណ្ណោះទេ ដើម្បីចង់ដឹងពីកត្តាហានិភ័យ ពីការឆ្លងពីសត្វប្រចៀវ ទៅមនុស្ស និងពីមនុស្ស ទៅសត្វប្រចៀវ ទៅវិញនោះ ជាពិសេសចង់ដឹងប្រភពនៃមេរោគដែល កើតឡើង នាពេលថ្មីៗ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យលើសំណាក ចំនួន ១៣០ ហើយ ២ ករណី បានរកឃើញ វីរុស ស្រដៀងគ្នានឹងវីរុសកូវីដ ១៩ សព្វថ្ងៃនេះ តែលក្ខណៈ ស្រដៀងនេះ មិនមែនជាមេរោគ តែមួយទេ។ ភាពចម្លង ក៏មានលក្ខណៈខុសគ្នាដែរ ពីវីរុសកូរ៉ូណា ដែលយើងបានរកឃើញ លើសត្វប្រចៀវ និងវីរុសកូវីដ ១៩ សព្វថ្ងៃ។
លោកស្រី បានបញ្ជាក់ថាៈ ការរកឃើញនេះ មិនមែនតែការពិសោធន៍ នៅកម្ពុជាទេ គឺមានការរកឃើញដូចគ្នា នៅប្រទេសជាច្រើន នៅក្នុងតំបន់ផងដែរ ដូចជានៅ ចិន ថៃ ជាដើម។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានធ្វើសន្និសីទសារ ព័ត៌មានមួយ ដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» និងដើម្បីជម្រាបជូន សាធារណជន អំពីការវិវឌ្ឍថ្មី នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល ចូលក្នុង សហគមន៍ ជាលើកទី៣ នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដោយ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងមាន ការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត លីអាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងលោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផងដែរ៕/V-PC