ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈអង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ស្ថាបនាជាតិដែលមានមេដាយស្ថាបនាជាតិមាសពីរគ្រឿង មេដាយស្ថាបនាជាតិប្រាក់ពីរគ្រឿង និង លិខិតថ្លែងអំណរគុណ ពី ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅខេត្តរតនគិរីក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។
អង្គការភ្លែនអន្តរជាតិកម្ពុជាបានទទួលមេដាយចំនួនបួនពីរាជរដ្ឋាភិបាល(រូបថតអង្គការភ្លែនអន្តរជាតិកម្ពុជា)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះកាលពីថ្ងៃទី២២ខែកុម្ភៈបានបញ្ជាក់ថាមេដាយនិងលិខិតថ្លែងអំណរគុណនេះត្រូវបានប្រគល់ជូនលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមការងារនៃអង្គការភ្លែនដោយ លោក ថង សាវុន អភិបាលខេត្តរតនគិរីក្នុងពិធីសម្ពោធរួមគ្នាអគារនៃអនុវិទ្យាល័យ និងបឋមសិក្សាថ្មី និងអន្តេវាសិកដ្ឋានរបស់គ្រូ នៅថ្ងៃទី២២ ខែកុម្ភៈនៅស្រុកអូរជុំ ខេត្តរតនគិរី។
អង្គការភ្លែនអន្តរជាតិកម្ពុជាបាននឹងកំពុងធ្វើការជាដៃគូជាមួយមន្ទីរអប់រំយុវជននិងកីឡានិងអង្គការក្នុងស្រុកដើម្បីគាំទ្រដល់ថ្នាក់សិក្សាពន្លឿនសម្រាប់កូនសិស្សលើសអាយុគាំទ្រថ្នាក់ចូលរៀនសារឡើងវិញសម្រាប់កុមារដែលបោះបង់ការសិក្សាពង្រឹងសមត្ថភាពដល់គ្រូទាក់ទងនឹងវិធីសាស្ត្របង្រៀនបែបបរិយាបន្ន និងយេនឌ័រ បង្កើតសាលារៀនបណ្តុះអាសន្នសហគមន៍។ លើសពីនេះទៀត អង្គការភ្លែនបានជួយសាងសង់អគារសិក្សាស្តង់ដារថ្មីរួមមានបណ្ណាល័យ គាំទ្រយុទ្ធនាការចុះឈ្មោះចូលរៀនប្រចាំឆ្នាំ និងយុទ្ធនាការតោះចូលរៀនវិញបន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល។
សេចក្តីប្រកាសដដែលបានរំលឹកកថាអង្គការភ្លែនក៏បានគាំទ្រមធ្យោបាយធ្វើដំណើរសម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់កុមារាកុមារីដែលទីទាល់ក្រនិងងាយរងគ្រោះ និងផ្គត់ផ្គង់សម្ភារៈសិក្សានៅសាលារៀនផងដែរ។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថាសមិទ្ធផលសំខាន់ៗថ្មីៗដែលអង្គការ ភ្លែនអន្តរជាតិកម្ពុជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅខេត្តរតនគីរីរួមមាន សំណង់អាគារសិក្សាថ្មីចំនួន ៩ កន្លែងដែលមាន៤៣បន្ទប់រៀននិងបំពាក់ដោយបរិក្ខារសម្ភារអនាម័យ។យើងបានវិនិយោគលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្ស ២.៩៩៩នាក់ (ក្មេងស្រី ១.០៧៥នាក់) និងរាប់ពាន់នាក់ទៀតនាពេលអនាគត។
លោកស្រី គ្វីននេត បានបន្តថា យើងពិតជាមានមោទនភាពដែលជាផ្នែកមួយនៃការចូលរួមចំណែកនេះ។ ប៉ុន្តែដើម្បីនិរន្តរភាព ពួកយើងសូមសំណូមពរដល់ក្រសួងអប់រំយុវជននិងកីឡាសូមបែងចែកគ្រូបន្ថែមដល់សហគមន៍ក្រីក្រនិងសហគមន៍ដាច់ស្រយាលដែលសិស្សភាគច្រើនមិនអាចចូលរៀន ពង្រឹងការអនុវត្តក្រមសីលធម៌របស់គ្រូ ពង្រឹងមុខងារនៃគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងសាលារៀន។អ្វីគ្រប់យ៉ាងដែលយើងធ្វើយើងចង់ធានាថាកុមារជាពិសេសក្មេងស្រីនៅតំបន់ដាច់ស្រយាលទទួលបានឱកាសស្មើគ្នាក្នុងការអប់រំប្រកបដោយគុណភាព និងកសាងអនាគតភ្លឺស្វាងរបស់ពួកគេ។
អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍន៍។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕
អង្គការភ្លែនអន្តរជាតិកម្ពុជាបានទទួលមេដាយចំនួនបួនពីរាជរដ្ឋាភិបាល(រូបថតអង្គការភ្លែនអន្តរជាតិកម្ពុជា)
អង្គការភ្លែនអន្តរជាតិកម្ពុជាបានទទួលមេដាយចំនួនបួនពីរាជរដ្ឋាភិបាល(រូបថតអង្គការភ្លែនអន្តរជាតិកម្ពុជា)