Home ព័ត៌មានអន្តរជាតិ ពួក​ឧត្តមសេនី...

ពួក​ឧត្តមសេនីយ៍មី​យ៉ាន់​ម៉ារង​សម្ពាធ​សាជាថ្មី បន្ទាប់​ពី​ការដាក់ទណ្ឌកម្ម​និង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​បាន​រង​សម្ពាធ​ជាថ្មី​នៅក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​អង្គារ​ទី​២៣​កុម្ភៈ​នេះ​ជាមួយ​ការ​រឹតបន្តឹង​ទណ្ឌកម្ម​ពី​ទីក្រុង​វ៉ាស៊ីនតោន​និង​ព្រុច​សែ​ល​​និង​ការ​ធ្វើ​បាតុកម្ម​ធំ​បំផុត​មួយចំនួន​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ពួកគេ​ចាប់​តាំងពី​ពួកយោធា​បាន​កាន់កាប់​អំណាច​កាល​ពី​បី​សប្តាហ៍​មុន​។​

​អាជ្ញាធរ​បាន​បង្កើន​ជា​បណ្តើរៗ​នូវ​ការប្រើប្រាស់​កម្លាំង​របស់​ពួកគេ​ប្រឆាំងនឹង​យុទ្ធនាការ​បដិសេធ​ច្បាប់​រដ្ឋ​ទ្រង់ទ្រាយ​ធំ​និង​ដោយ​សន្តិវិធី ដែល​ទាមទារ​ឱ្យ​ប្រគល់​មេដឹកនាំ​អ៊ុង​សាន ស៊ូ​ជី​ដែល​ត្រូវ​​បាន​បណ្តេញ​ចេញ​អំណាច​។​

​ក្រុមបាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​ចំនួន ៣ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​ធ្វើ​បាតុកម្មរ​ហូត​មកទល់ពេលនេះ​ខណៈ​ដែល​បុរស​ម្នាក់​ដែល​កំពុង​ល្បាត​សង្កាត់​របស់​គាត់​ប្រឆាំង​នឹង​ការចាប់ខ្លួន​ពេល​​យប់​ក៏​ត្រូវបាន​បាញ់សម្លាប់​កាលពី​ចុង​សប្តាហ៍​ដែរ​។​

​ក្នុងពេល​តែមួយ​យប់​អាម៉េរិក​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​នូវ​សមាជិក​ពីរ​នាក់​ទៀត​នៃ​របប​យោធា​គឺ​មេបញ្ជាការ​កងទ័ពអាកាស​លោក មួង មួង ច និង​សមាជិក​របប​យោធា​ម្នាក់​ទៀត​ឈ្មោះ ម៉ូ មីន ទុន បន្ទាប់​ពី​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​កំពូលៗ​ដទៃ​ទៀត​កាលពី​ដើមខែ​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន និយាយថា “​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការចាត់វិធានការ​បន្ថែម​ទៀត​ប្រឆាំងនឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​និង​បង្ក្រាប​ឆន្ទៈ​របស់​ប្រជាជន​”​។​

​លោក​បាន​អំពាវនាវ​ឱ្យ​របប​នេះ​បញ្ចប់​ការវាយប្រហារ​ទៅលើ​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី អ្នកកាសែត​និង​សកម្មជន ដោះលែង​អ្នកទោស​ដែល​ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ និង​”​ស្តារ​រដ្ឋាភិបាល​​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​”​។​

​ការប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បានអនុម័ត​ទណ្ឌកម្ម​ដែល​ផ្តោត​លើ​យោធា​មី​យ៉ាន់​ម៉ា​និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​យោធា​។​

​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក យ៉ូ​សេប បូរែ​ល​និយាយថា​”​រាល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ពី​ប្រព័ន្ធ​អភិវឌ្ឍន៍​របស់​យើង​ទៅ​កម្មវិធី​កែទម្រង់​រដ្ឋាភិបាល​ត្រូវ​​បាន​ហាមឃាត់​”​។​

​ប៉ុន្តែ​លោក​បាន​និយាយថា ប្លុក​នេះ​នឹង​មិន​រារាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទេ​ព្រោះ​ខ្លាច​វា​អាច​ប៉ះពាល់​ដល់​ប្រជាជន​ទូទៅ​៕

​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​កាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular