​ស្ថានទូត​ចិន ប្រគល់​ម៉ាស​ជាង ១០ ម៉ឺន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ម៉ាស​ពេទ្យ​ចំនួន ៨៤ កេស ស្មើនឹង ១០០.៨០០ ម៉ាស (​ដប់​ម៉ឺន​ប្រាំបី​រយ​) ដែលជា​អំណោយ​របស់ សាធារណរដ្ឋ ប្រជាមានិត​ចិន តាមរយៈ​ស្ថានទូត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រគល់ជូន រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជាមួយ រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​នូវ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ បាន​រីក​រាលដាល​ចូល ក្នុង​សហគមន៍ ជាថ្មី​ម្តងទៀត នោះ​គឺ​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។​

​ពិធី​ប្រគល់ និង​ទទួល​ខាងលើនេះ បានធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ។​

​លោក ឃួ​ង ស្រេង នៅក្នុង​ឱកាស​នោះ បាន​សម្តែង​នូវ​ការ​អរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រជាជន​ចិន និង​ថ្នាក់ដឹកនាំ​ចិន ដែល​តែងតែ​ជួយ ប្រទេស​កម្ពុជា កន្លងមក​។ ជាក់ស្តែង នៅក្នុង​ពេលនេះ ប្រទេស​ចិន បានផ្ដល់​ម៉ាស​ពេទ្យ ជាច្រើន ម៉ឺន​បន្ទះ​ថែមទៀត ជូន​មក​រដ្ឋបាល រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម ក្នុងការ​ទប់ស្កាត់​នូវ ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ​។

​ក្នុងនាម​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំងប្រទេស លោក​អភិបាល​រាជធានី​ភ្នំពេញ សូម​ថ្លែង​ការ​អរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រទេស​ចិន ដែល​បាន​ជួយ​មក ដល់​កម្ពុជា នូវ​ម៉ា​សទាំង ៨៤ កេស​នេះ​។ នេះ​បានបង្ហាញ​ឱ្យឃើញ ពី​ទំនាក់ទំនង​មិត្តភាព ដ៏​យូរអង្វែង រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន កាន់តែ​ល្អប្រសើរ មួយកម្រិត​ថែមទៀត ។ លោក ឃួ​ង ស្រេង ក៏បាន​ប្ដេជ្ញាចិត្ត ធ្វើការ​ទប់ស្កាត់ ឲ្យ​បាន​នូវ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ នេះ ឱ្យ​ទទួលបាន​ជោគជ័យ​។​

​ក្នុងកា​ឆ្លើយតប លោក វ៉ាង វិ​ន​ធាន ក៏បាន​លើកឡើងថាៈ ដោយ​មើលឃើញ​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ជា​មិត្ត មាន​ការរីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ ដល់​សហគមន៍ ជាថ្មី​ម្ដងទៀត​នោះ ក្នុងនាម​សាធារណរដ្ឋ ប្រជាមានិត​ចិន ក៏បាន​ប្រគល់​នូវ​ម៉ាស់ ទាំង ៨៤ កេស​នេះ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជាមួយ រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ការបង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ទទួលបាន​ជោគជ័យ​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular