ដោយៈ ទេព មង្គល/ភ្នំពេញៈ រមណីដ្ឋានមួយកន្លែងដែលមានឈ្មោះថា «ទឹកធ្លាក់ហោង» ស្ថិតនៅខេត្តត្បូងឃ្មុំ ត្រូវបានគេអះអាងថា កំពុងទាក់ទាញភ្ញៀវទេសចរ ។
ដើម្បីអភិវឌ្ឈន៍រមណីដ្ឋាននេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រី កាលពីថ្ងៃទី ២២ ខែ កុម្ភៈចុះពិនិត្យរមណីយដ្ឋានដែល ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ដើម្បីកែលម្អសោភ័ណភាពឲ្យមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ បន្ថែមទៀត។
ក្រោយពិនិត្យស្ថានភាពជាក់ស្តែង លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យមន្ទីរ ជំនាញ សហការជាមួយអាជ្ញាធរដែនដី ធ្វើការសាងសង់ស្ពានឆ្លងអូរ ដាំកូនឈើ និងរៀបចំទីតាំងបរិវេណជុំវិញឲ្យបានស្អាត ឲ្យក្លាយទៅជារមណីយដ្ឋានគំរូប្រចាំខេត្ត តាមផែនការរបស់រដ្ឋបាលខេត្ត ដើម្បីទាក់ទាញស្រូបយកភ្ញៀវទេសចរមកកម្សាន្តតំបន់ ធម្មជាតិទឹកធ្លាក់ខួបប្រាំងខួបវស្សានេះ។
សូមជម្រាបថា រមណីយដ្ឋានទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត។
ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជា ច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ៕/PC