ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំងៈ លោក ទ្រីគា ជាកសិករដាំដើមក្រូចឆ្មារ ក្នុងចម្ការមួយកន្លែងដែលមានជាង ៣០០ ដើម នៅក្នុងភូមិទឹកចេញ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ថា រយះពេល ៦ឆ្នាំកន្លងមកនេះលោកបានដាំដុះបន្លែសព្វមុខនៅលើដី១,៨០ហិកតា ទៅតាមរដូវកាលមានដូចជា ត្រសក់ ត្រឡាច ននោង និងស្លឹកគ្រៃជាដើម នឹងក៏បានចិញ្ចឹមមាន់ស្រែជាង៥០ក្បាលផងដែរ។
នៅក្នុងឆ្នាំ២០២០កន្លងមកនេះ លោកបានទទួលផលពេញមួយឆ្នាំជាបន្តបន្ទាប់ ដោយក្នុង១ខែៗលោកបេះក្រូចឆ្មាលក់បានពី៤០០ ទៅ ៤៥០គីឡូក្រាម ដែលក្នុងមួយគីឡូលក់បានថ្លៃពី៤០០០ ទៅ ៥០០០រៀល និងក្នុងមួយឆ្នាំសរុបបានទឹកប្រាក់ប្រមាណ៦លានរៀលទឹកប្រាក់ខាងលើនេះ គាត់ត្រូវចំណាយទៅលើថ្នាំបាញ់សត្វល្អិតអស់ជាង១លានរៀលទិញប្រេងចាក់ម៉ាស៊ីនបូមទឹកអស់ជាង១លានរៀល គឺទូទាត់អស់នៅសល់ប្រាក់ ចំណេញបានសមល្មម។
កសិកររូបនេះបានបញ្ជាក់ទៀតថាក្នុងពេលខាងមុខនេះលោកមានគម្រោងដាំដុះបន្លែក្នុងទុយោទឹកថែមទៀត ដែលត្រូវប្រើប្រាស់អគ្គិសនីដាក់ម៉ូទ័របូបទឹកជាប្រចាំទើបបន្លែខាងលើនេះអាចទទួល ផលបានល្អ។
ដូចនេះហើយ លោកស្នើសុំដល់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ មេត្តាជួយតបណ្ដាញអគ្គីសនី ពីទីប្រជុំជនមកកាន់ភូមិទឹកចេញ ឃុំក្បាលទឹក ផង ដើម្បីឲ្យរូបលោកក៏ដូចជាប្រជាប្រជាកសិករទាំងអស់នៅក្នុងភូមិបានភ្លើងប្រើប្រាស់ ដើម្បីដាំដុះបន្លែបង្ការ លើកស្ទួយជីវភាពរស់នៅឲ្យបានល្អប្រសើរ។
គាត់បញ្ជាក់ថា កន្លងមកអ្នកស្រុកក្នុងភូមិបានប្រើប្រាស់ផ្ទាំងសូឡាពន្លឺថ្ងៃ ប៉ុន្តែនៅរដូវវស្សាផ្ទាំងសូឡាពន្លឺថ្ងៃនេះ គ្មានពន្លឺថ្ងៃស្រូបភ្លើងមកបញ្ចូលស្តុកទុកក្នុងអាគុយសម្រាប់ប្រើប្រាស់បានឡើយ ព្រោះតំបន់នេះជាតំបន់ព្រៃភ្នំសម្បូរភ្លៀងច្រើន។ ដូចនេះ ខែវស្សា ផ្ទាំងសូឡាមិនអាចផលិតភ្លើងយកមកប្រើប្រាស់បានគ្រប់គ្រាន់ឡើយ។
ទាក់ទងនឹងសំណូមពរខាងលើនេះ មន្ត្រីឃុំក្បាលទឹកម្នាក់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះថា ការពិតខាងក្រុមហ៊ុនអគ្គិសនីកំពុងតភ្លើងចេញពីទីប្រជុំ ជនស្រុកមកកាន់ភូមិទឹកចេញនេះហើយ ដែលក្នុងពេលឆាប់ៗនេះប្រជាពលរដ្ឋពិតជាបានភ្លើងអគ្គិសនីប្រើប្រាស់ទៅតាមតម្រូវការហើយ៕