ប្រែសម្រួលៈវាសនា/បាងកក៖ថៃអាចលុបចោលការធ្វើចត្តាឡីស័កសំរាប់ភ្ញៀបទេសចរណ៍ណាដែលបានចាក់វ៉ាក់សាំងរួចហើយប្រឆាំងនឹងកូវីដ១៩ ដោយសារវាប្រហែលជាវិធីមួយដើម្បីជួយអោយឧស្សាហកម្មទេសចរណ៍នៃប្រទេសរស់ឡើងវិញ នេះបើតាមលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ លោកប្រាយុទ្ធ បាននិយាយថា ជនបរទេសដែលមកទស្សនាថៃអាចមិនធ្វើចត្តាឡីស័ក២សប្តាហ៍បើសិនជាពួកគេកាន់កាតចាក់វ៉ាក់សាំងតែអាជ្ញាធរនៅបន្តតាមដានពួកគេ។
សូមបញ្ជាក់ថា ថៃទើបសំរេចអនុញ្ញាតអោយប្រើវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ប៊ីយ៉ូតិច និងវ៉ាក់សាំងអាស្ត្រាហ្សេនីការបស់អង់គ្លេសនិងស៊ុយអែតសំរាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន និងបានបញ្ជាទិញ៦៣លានដូសពីក្រុមហ៊ុនទាំងពីរ។
នៅថ្ងៃស្អែកទី២៤កុម្ភៈ ថៃគ្រោងនឹងទទួលវ៉ាក់សាំងចិនក្រុមដំបូងក្នុងចំណោមវ៉ាក់សាំងចំនួន២លានដូស ដែលនឹងអនុញ្ញាតអោយខ្លួនអាចចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសនៅយ៉ាងឆាប់នៅសប្តាហ៍ក្រោយ។
បើតាមលោកប្រាយុទ្ធ ថៃក៏នឹងអនុញ្ញាតអោយនាំចូលវ៉ាក់សាំងកូវីដ១៩ម៉ាកផ្សេងៗបើវាបំពេញតាមច្បាប់ក្នុងស្រុក ហើយមន្ទីរពេទ្យឯកជននឹងត្រូវអនុញ្ញាតអោយចាក់វ៉ាក់សាំងសំរាប់អតិថិជនផងដែរដោយរដ្ឋាភិបាលនឹងគ្រប់គ្រងការចែកចាយវ៉ាក់សាំងនៅដំណាក់កាលដំបូងៗប៉ុណ្ណោះ។លោកថា«ក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ក្នុងការនាំចូលវ៉ាក់សាំងនិងជាការល្អដែលមានវ៉ាក់សាំងលើស៦៥លានដូសដែលរដ្ឋាភិបាលបានបញ្ជាទិញ»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃអង្គារ ថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៩៥ករណីបន្ថែមទៀត ក្នុងនេះ៩៣នាក់ឆ្លងនៅក្នុងស្រុក និងចូលមកពីក្រៅតែ២នាក់ទេ។ចំនួនឆ្លងថ្មីនេះធ្វើអោយថៃមានអ្នកឆ្លងសរុប ២៥.៥៩៩នាក់ តែ២៤.៤៤៦នាក់បានជាសះស្បើយ និងនៅសល់តែ១.០៧០នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ចំណែកអ្នកជំងឺកូវីដ១៩ស្លាប់មានចំនួន៨៣នាក់ដដែល។
ពិភពលោកថៃនេះមានអ្នកឆ្លងកើន២៨៦.១១៦នាក់ទៀត រហូតដល់ចំនួនសរុប១១២,២៦លាននាក់ និងស្លាប់២,៤៨លាននាក់ បន្ទាប់ពីអ្នកជំងឺ៦.៥២២នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ៕
នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់អះអាងថាលោកនឹងទៅទទួលវ៉ាក់សាំងចិនស៊ីណូវ៉ាក់នៅថ្ងៃស្អែក តែរដ្ឋមន្រ្តីសុខាភិបាលអះអាងនៅថ្ងៃនេះថា លោកប្រាយុទ្ធនឹងចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីដូសដំបូងទៅវិញ