Home ព័ត៌មានសំខាន់ៗ កម្ពុជា​-​សហរ...

កម្ពុជា​-​សហរដ្ឋអាមេរិក បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ ចូលរួមចំណែក​ដល់ កំណើនសេដ្ឋកិច្ច​កម្ពុជា និង​បង្កើត​ការងារ​ជូន​កម្មករ​-​និយោជិត

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ប្រទេស​កម្ពុជា – សហរដ្ឋអាមេរិក បានបង្ហាញ​នូវ កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​បន្តទៀត ដើម្បី​ចូលរួមចំណែក ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ការបង្កើត​ការងារ ជូន​បងប្អូន​កម្មករ – និយោជិត ។​

​ការបញ្ជាក់​បែបនេះ ធ្វើឡើង ក្នុងជំនួប​ពិភាក្សា រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នា​ទីស្តីការក្រសួង​ការងារ​។​

​គួរបញ្ជាក់​ថាៈ ក្នុងជំនួប​ទ្វេភាគី​នេះ ធ្វើឡើង ដើម្បី​ពិភាក្សា​ការងារ លើ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ កន្លងមក ជាពិសេស កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត គោលនយោបាយ ផ្សាភ្ជាប់​ពាណិជ្ជកម្ម ទៅនឹង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​កម្ពុជា​ធ្លាប់បាន​អនុវត្ត ប្រកបដោយ​ជោគជ័យ ជាមួយ​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ ១៩៩៩ រហូតដល់​បច្ចុប្បន្ន​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ថ្លែងអំណរគុណ ចំពោះ​ភាគី​សហរដ្ឋអាមេរិក ដែល​ទទួលស្គាល់​នូវ វឌ្ឍនភាព នៃ​ការអនុវត្ត​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ ការធានាបាន នូវ​ល័ក្ខខ័ណ្ឌ​ការងារ ស្របតាម​បទដ្ឋាន ការងារ​អន្តរជាតិ ដែលជា​កត្តា​ស្នូល សម្រាប់​ភាគី​សហរដ្ឋអាមេរិក បន្ត​ផ្តល់​ភាព អនុគ្រោះ​ពាណិជ្ជកម្ម ដល់​កម្ពុជា រហូតមកទល់​បច្ចុប្បន្ន​។ តាមរយៈ គម្រោង​រោងចក្រ កាន់តែ​ប្រសើរឡើង នៅ​កម្ពុជា ដែល​អនុវត្ត ដោយ​អង្គការ​អន្តរជាតិ ខាង​ការងារ (ILO) ជា​គម្រោង​វាយ​តំលៃ ប្រកបដោយ​តម្លាភាព នូវ​ល័ក្ខខ័ណ្ឌ​ការងារ នៅក្នុង​វិស័យ​កាត់ដេរ សំលៀកបំពាក់ និង​ផលិត​ស្បែកជើង ហើយ​ដែល បច្ចុប្បន្ន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម កំពុង​ជំរុញ​ការពង្រីក​វិសាលភាព អនុវត្ត​ដល់​រោងចក្រ ផលិត​ផលិតផល ធ្វើដំណើរ និង​កាបូប (TGB)​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ដែរថាៈ បើទោះជា​ជំងឺ​កូ​វីដ ១៩ កំពុង​បន្ត​ការគំរាមកំហែង ពិភពលោក​ក៏ដោយ ក៏​ការនាំចេញ​ផលិតផល​ពី​កម្ពុជា ទៅកាន់​ទីផ្សារ មិនមាន​ការធ្លាក់ចុះ​ទេ មានតែ​កើនឡើង បើ​ប្រៀប​ជាមួយ​ទីផ្សារ ប្រទេស​ផ្សេងទៀត​។​

​ក្រៅពីនេះ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា ក្នុង​ការបន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ លើ​ការបន្ត​លុបបំបាត់ ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ ការពង្រឹង​សមត្ថភាព អធិការ​ការងារ តាមរយៈ​ការ​ទស​ន្ស​កិច្ច​សិក្សា នៅ​សហរដ្ឋអាមេរិក តាមរយៈ​កម្មវិធី International Visitors Leadership Program on Demand និង​ការបន្ត អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាមគ្គីភាព ការងារ​អន្តរជាតិ (ACILS)​។ កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ រវាង​ក្រសួង និង​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាមគ្គីភាព ការងារ​អន្តរជាតិ ក្នុង​រយ​ពេលកន្លងមក ក៍​ទទួលបាន​សមិទ្ធផល​ជាច្រើន ក្នុងការ​ចូលរួម​ជួយ​អោយ ភាគី​ពាក់ព័ន្ធ ជាពិសេស​អង្គការ​វិជ្ជាជីវៈ កាន់​តែមាន​ភាពចាស់ទុំ ក្នុងការ​ចូលរួម​អនុវត្ត​ច្បាប់ ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ច្បាប់​ស្តីពី​របប​បេឡា​ជាតិ សន្តិសុខ​សង្គម និង​លិខិតបទដ្ឋាន គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ដែល​ទាំងនេះ ជា​ផ្នែក​មួយ ដ៏​សំខាន់ ក្នុងការ​កាត់បន្ថយ នូវ​វិវាទ​ការងារ ហើយ​ឈានទៅ​បង្កើត អោយមាន​សុខដុម​នីយកម្ម នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។​

​ទន្ទឹមនឹង​នេះដែរ លោក ឯកអគ្គរដ្ឋទូត ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​អនុវត្តបាន​យ៉ាង​ល្អ ក្នុងការ​ចូលរួម​ធានា នូវ​និរន្ត​ភាព នៃ​ដំណើរការ​អាជីវកម្ម ផលិតកម្ម និង​ពាណិជ្ជកម្ម តាមរយៈ​ការដាក់ចេញ នូវ​វិធានការ សេចក្តីណែនាំ និង​តាមដាន​ត្រួតពិនិត្យ មើល​ការអនុវត្ត របស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំង​ការចូលរួម​ដោះស្រាយ រាល់​បញ្ហា​នានា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស ការទូទាត់​អត្ថប្រយោជន៍ និង​ប្រាក់ឧបត្ថម្ភ ជូន​បងប្អូន​កម្មករ និយោជិត ពេល​រោងចក្រ​ព្យួរការងារ និង​ដោះស្រាយ ទូទាត់​ប្រាក់​អ​តី​ភាព​ការងារ និង​អត្ថប្រយោជន៍ ពេល​រោងចក្រ​បិទទ្វារ លែង​ដំណើរការ ឬ​រោងចក្រ​ក្ស័យធន ឬ​ម្ចាស់​រត់ចោល​។​

​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា ក្នុង​ការបន្ត​ពិនិត្យមើល លើ​ចំណុច​ខ្លះៗ នៃ​បទដ្ឋាន​គតិយុត្តិ ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព ដើម្បី​ការអនុវត្ត កាន់តែ​ទទួលបាន ប្រសិទ្ធភាព​ខ្ពស់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​គួរ​បញ្ជាក់ថា ក្នុង​ពិធី​នេះដែរ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ថ្លែងអំណរគុណ ជាថ្មី​ម្តងទៀត ចំពោះ​ភាគី​សហរដ្ឋអាមេរិក ដែល​បាន​បន្ត​នូវ​ការគាំទ្រ និង​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ ក្នុងការ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ខិតខំ​បន្ត អនុវត្តបាន​យ៉ាង​ល្អ នូវ​ការប្រយុទ្ធ ប្រឆាំង​អំពើ ជួញដូរ​មនុស្ស ការផ្តល់​កិច្ច​គាំពារ ដល់​ពលករ​ទេសន្តរប្រវេសន៍ ការលុបបំបាត់ នូវ​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ ការបន្ត​លើកកម្ពស់​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ សិទ្ធិ​ការងារ សំ​វាទ​សង្គម និង​ការ​ផ្តល់នូវ កិច្ច​គាំពារ​សង្គម​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular