​ខេត្តកណ្តាល យក​វិទ្យាល័យ​ហ៊ុនសែន តាខ្មៅ មួយកន្លែង​ទៀត សម្រាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ រដ្ឋបាល​ខេត្តកណ្តាល បាន​សម្រេចយក​វិទ្យាល័យ ហ៊ុនសែន តាខ្មៅ មួយកន្លែង​ទៀត សម្រាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ត្រៀម​ដាក់​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​។​

​លោក​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកណ្តាល បាន​ឲ្យ​ដឹងថាៈ ការជ្រើសរើស យក​វិទ្យាល័យ ហ៊ុន សែន​នេះ ដោយសារ​សាលា​នេះ មាន​លក្ខណៈ​ធំ​ទូលាយ អាចដាក់​មនុស្ស បាន​ច្រើន ដែល​អាចដាក់​គ្រែ បាន​រហូតដល់ ១០០ គ្រែ​។​

​លោក​បាន​បន្តថាៈ រហូតមកដល់​ពេលនេះ ខេត្ត​នៅ​មិនទាន់មាន​ការខ្វះខាត មណ្ឌល​ច​ត្តា​ឡី​ស័ក នៅឡើយ​ទេ​។ ប៉ុន្តែ​ដើម្បី​បង្ការ​ទុកជាមុន ទើប​រដ្ឋបាលខេត្ត បានស្នើ​សុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា វិទ្យាល័យ​ហ៊ុនសែន តាខ្មៅ​នេះ សម្រាប់​ត្រៀម​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ ទន្ទឹមនឹងនេះ លោក​បាន​បន្តទៀតថា រដ្ឋបាលខេត្ត បាន​ត្រៀម​មន្ទីរពេទ្យ ជ័យជំនះ សម្រាប់​ធ្វើជា​កន្លែង ព្យាបាល​ជំងឺ​កូ​វីដ ១៩ ផងដែរ​។​

​លោក​បាន​បន្ថែមថាៈ «​ដោយ​ទទួលបាន​ការណែនាំ ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឲ្យ​មន្ទីរ​រៀបចំ​មន្ទីរពេទ្យ​ជ័យជំនះ​នេះ ត្រៀម​បម្រុង​សម្រាប់ ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅពេល​ដែលមាន​អ្នកជំងឺ កើនឡើង​»​។ លោក​បាន​បញ្ជាក់ថាៈ មន្ទីរពេទ្យ​នេះ អាចដាក់​គ្រែ​អ្នកជំងឺ បាន​ចំនួន ៥០ គ្រែ ហើយ​មន្ទីរពេទ្យ ក៏បាន​បណ្តុះបណ្តាល ដល់​គ្រូពេទ្យ​រួច ហើយ​។​

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដែល​បាន​ដឹកនាំ​ក្រុមការងារ មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ មណ្ឌល​ច​ត្តា​លី​ស័ក នៅ​មន្ទីរពេទ្យ​ជ័យជំនះ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល និង​ប្រធាន​ពេទ្យ ជ័យជំនះ ត្រូវធ្វើ​ការសម្អាត នូវ​អគារ ដែល​បាន​ត្រៀម​ទុក ព្រមទាំង​រៀបចំ​នូវ សម្ភារៈ គ្រឿង​បរិក្ខារ​ពេទ្យ បន្ទប់ទឹក សម្រាប់​ត្រៀម​បង្ការ ក្នុងករណី​មានការ​កើនឡើង នៅ​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​នេះ​។​

​លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល សាលាខេត្ត​កណ្តាល បាន​ឲ្យ​ដឹងថាៈ គិត​ត្រឹម​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ ខេត្តកណ្តាល មាន​ប្រជាពលរដ្ឋ ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ៦៥០ នាក់ និង​បាន​យក​សំណាក ទៅធ្វើ​តេស្ត​ចំនួន ២៧១ នាក់ ក្នុងនោះ​មាន ១​នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular