ដោយ: មុនីរ័ត្ន / ភ្នំពេញ: កម្លាំងនគរបាលរាជធានីភ្នំពេញបានចុះចែកម៉ាស់ជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដើម្បីពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ ការចែកម៉ាសនេះ ខណៈដែលការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ។ ម៉ាស់ដែលលចែកជូនប្រជាពលរដ្ឋក្នុងរយៈពេល ១ថ្ងៃនេះ គឺមានចំនួន ៥ម៉ឺនម៉ាស់។
ការចែកម៉ាស់ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាចធានីភ្នំពេញ និងលោក លោកស្រីស្នងការរងធ្វើ នៅតាមគោលដៅជាច្រើនក្នុងខណ្ឌទាំង១៤។
ការចែកម៉ាស់ជូនប្រជាពលរដ្ឋត្រូវគេមើលឃើញថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញម៉ាស់ចែកជូនប្រជាពលរដ្ឋពាក់ប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ គ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនទៀត ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ចូលសហគមន៍។
នៅពេលចែកម៉ាស់ លោកលោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ក៏បានណែនាំប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ចពីជំងឺឆ្លងកូវីដ១៩ ជាពិសេសត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជានៅឃ្លាតឆ្ងាយពីគម្លាតសុវត្ថិភាព, ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, លាងដៃនឹងសាប៊ូ អាល់កុលឱ្យបានញឹកញាប់។
សូមជម្រាបថា រាជធានីភ្នំពេញបានកើតមានព្រឹត្តិការណ៍ឆ្លងសហគមន៍នូវជំងឺកូវីដ១៩ ចំនួន០៣ព្រឹត្តិការណ៍ គឺព្រឹត្តិការណ៍០៣វិច្ឆិកា ព្រឹត្តិការណ៍២៨ វិច្ឆិកា និងព្រឹត្តិការណ៍២០ កុម្ភៈ។ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គឺគេមើលឃើញថា កម្លាំងនគរបាលរាជធានីភ្នំពេញក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជានិងការណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មសហការជាមួយក្រសួងសុខាភិបាល និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយពីវិធានការណ៍របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យពួកគាត់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីការបង្ការជំងឺឆ្លងកូវីដ១៩, ចុះចែកម៉ាស់ជូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងតាមផ្លូវសាធារណៈពាក់ប្រើប្រាស់គ្រប់គ្នា និងកម្លាំងចេញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពនៅកន្លែងធ្វើចត្តាឡីស័ក ក្នុងរាជធានីភ្នំពេញ៕