ដោយ: មុនីរ័ត្ន / ភ្នំពេញ: យោធិនជាង ២ពាន់នាក់ បានចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅទីបញ្ជាការកងពលតូចលេខ៧០ កាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១។ យោធិនដែលចាក់វ៉ាក់ គឺអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក មានដូចជា កងពលតូចលេខ៧០ កងពលតូចលេខ១៤ បញ្ជាការដ្ឋានវិស្វកម្ម បញ្ជាការដ្ឋានការពារអាកាស យោធភូមិភាគ១ យោធភូមិភាគ២។
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កងពលតូចលេខ៧០ បានរៀបចំចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនយោធិន សរុបចំនួន ១,០៥០នាក់ ដែលមានអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន៥អង្គភាពមានដូចជា៖ កងពលតូចលេខ៧០ កងពលតូចលេខ១៤ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើគោក បញ្ជាការដ្ឋានការពារអាកាស។ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងជូនយោធិនចំនួន ១១៩៩នាក់។ សរុបទាំងពីរថ្ងៃ គឺមានចំនួន ២២៤៩នាក់។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ និងមានការចូលរួមដោយ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ កងពលតូចលេខ៧០ ដើម្បីចាក់វ៉ាក់សាំងស៉ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាមនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។ មួយវិញទៀត ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលយកវ៉ាក់សាំងស៉ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៉ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕