Home ព័ត៌មានសំខាន់ៗ ក្រសួងបរិស្ថា...

ក្រសួងបរិស្ថាននិងអង្គការដៃគូរកឃើញវត្តមានសត្វច្រើនប្រភេទកំពុងរស់នៅដែនជម្រកសត្វព្រៃភ្នំសំកុស

ដោយ:ម៉ាដេប៉ូ /ភ្នំពេញ: ក្រោមកិច្ចសហការ រវាង នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប ជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿងនៅដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ដ្រ ខេត្ត ពោធិ៍សាត់ ដោយក្នុងការសិក្សាជ្រាវបានទទួលលទ្ធផលសំខាន់ៗដូចជា៖ ថតបាន ដំរីព្រៃ ខ្ទីង ឈ្លូស ស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។

នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

បញ្ជាក់នៅថ្ងៃទី២៣ ខែ កុម្ភៈឆ្នាំ២០២១នេះលោក នេត្រ ភក្រ្តាបានឱ្យដឹងថាតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ មានសត្វជាច្រើនទៀតដែលមិនទាន់ថត ហើយក្រុមការងារសិក្សាស្រាវជ្រាវនឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនៅតាមតំបន់ទាំងនេះ។

ចំពោះទិន្នន័យពីការសិក្សាស្រាវជ្រាវនេះគេនឹងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូល និងតំបន់អភិរក្ស។

ជុំវិញបញ្ហានេះលោក នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់នេះគឺក្រសួងបរិស្ថានបានធ្វើការងារជាមួយនឹង អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិដែលក្នុងនេះបានដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ ដើម្បីថតចាប់យកសកម្មភាពក្នុងព្រៃដែលក្នុងនេះគោលដៅចម្បងគឺ ចាំឃ្លាំមើលវត្តមានរបស់សត្វព្រៃរស់នៅទីកន្លែងនេះ។

លោក បញ្ជាក់ថា”សម្រាប់កិច្ចការងារដែលបានធ្វើនេះគឺចាប់ពីដើមឆ្នាំ២០២០មកដោយក្នុងនេះក្រោមកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និង អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិយើងបានដាក់ម៉ាស៊ីនថតលើកដំបូងចំនួន៩គ្រឿង និងក្រសួងគ្រោងដាក់បន្ថែមនូវម៉ាស៊ីនថតស្វ័យប្រវត្តិនេះចំនួន១០គ្រឿងទៀត។ដើម្បីធ្វើយ៉ាងណា ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។

ក្នុងកិច្ចការងារនេះដែរក្រសួងគ្រោងប្រើម៉ាស៊ីនថតស្វ័យប្រវត្តិពី ២០-២៥គ្រឿងដោយធ្វើការចល័តម៉ាស៊ីនថតទាំងនេះរៀងរាល់ខែដែលធ្វើឡើងទាំងរវាងរដូវប្រាំង និង រដូវវស្សាផងដែរ”។

លោក រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ការដាក់កាម៉ារ៉ានេះប្រយោជន៍ដើម្បីតាមដានទីជម្រករបស់វា(សត្វ)ថារដូវប្រាំងវារស់នៅកន្លែងណា និង រដូវវស្សាវារស់នៅកន្លែងណា”។ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះដែរ លោករដ្ឋលេខាធិការបានបានបញ្ជាក់ថាលទ្ធផលគឺយើងទទួលបានល្អប្រសើរ ក្នុងនេះយើងថតបាន សត្វដំរី សត្វខ្ទីង ឈ្លូស ស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ខ្លាឃ្មុំ ស្ការធំ ក្ងោក កុកអំបោះ និង សត្វច្រើនប្រភេទទៀត”។

ទាក់ទិនទៅនឹងការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះត្រូវបាន លោក នេត្រ ភក្រ្តាលើកមកបញ្ជាក់បន្ថែមថាគឺ ដើម្បីពិនិត្យមើលទៅលើវត្តមានរបស់សត្វព្រៃ នៅតំបន់ភ្នំសំកុសក្នុងទឹកដីខេត្តពោធិ៍សាត់ ថាតើវាមានវត្តមានសត្វព្រៃប្រភេទណាខ្លះ ។

ជាមួយគ្នានេះការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះក៏ដើម្បីឃ្លាំមើលសកម្មភាពរបស់ជនល្មើសដែលតែងលបលួចមកកាន់តំបន់នេះដើម្បីកំណត់ថាទីតាំងកន្លែងនោះមានមនុស្សចូលទៅច្រើនទេ មានសកម្មភាពអ្វីខ្លះនៅទីនោះដើម្បីយើងផ្តល់របាយការណ៍នេះដល់ក្រុមល្បាតចុះទៅបង្រ្កាប ក៏ដូចជាដើម្បីកិច្ចការពារ និងអភិរក្ស។

លោក រដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា”គឺតាមរយៈព័ត៌មានទាំងអស់នេះហើយបានជួយច្រើនទៅដល់ការសម្រេចចិត្តរបស់មន្រ្តីជំនាញក្នុងការចុះការពារ និង អភិរក្សក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិ៍សាត់នេះ”។

លោក រដ្ឋលេខាធិការបានលើកឡើងផងថា ក្នុងកិច្ចការពារ អភិរក្សសត្វព្រៃកន្លងមកក្រសួងបរិស្ថានបានសហការជាមួយដៃគូក្នុងនេះមានអង្គការសំខាន់គឺអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ អង្គការ WA អង្គការ CIជាដើមក្នុងការសហការចូលរួមបង្រ្កាបបទល្មើស។

ជាមួយគ្នាក្នុងការសិក្សាសត្វព្រៃនេះដែរគឺក្នុងគោលបំណងឈានទៅដល់ការធ្វើចំណាតថ្នាក់តាមតំបន់ ដើម្បីងាយស្រួលកំណត់ទៅជាតំបន់ អភិរក្ស តំបន់ស្នូល តំបន់ ប្រើប្រាស់ដោយចិរភាពនិងតំបន់សហគមន៍ជាដើម។នេះបើយោងតាមច្បាប់ស្តីពីការពារតំបន់ធម្មជាតិ។ ពាក់ព័ន្ធក្នុងរឿងនេះ លោកបានពន្យល់ថាចំពោះតំបន់ដែលមានវត្តសត្វច្រើនយើងនឹងចាត់ទុកជាតំបន់ អភិរក្ស តំបន់ស្នូល ហើយតំបន់ទាំងនេះគឺមិនអនុញ្ញត្តិឱ្យចូលឡើយពីព្រោះថាវាជាទីជម្រករបស់សត្វព្រៃ ហើយនៅពេលបែងចែកតំបន់នេះក្រសួងនឹងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់ចូល ទៅក្នុងតំបន់នេះបានទេ។ក្រៅពីនេះវាក៏រំលឹកឱ្យពួកគាត់ដឹងថា ទីកន្លែងទាំងនេះមិនអាចចាត់ជាទីកន្លែងតំបន់សហគមន៍ឬអ្វីផ្សេងបានឡើយដោយសារវាមានវត្តមានសត្វព្រៃពិសេស សត្វកម្រច្រើនកំពុងរស់នៅ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular