ប្រែសម្រួលៈវាសនា/កដ្ឋមណ្ឌូ៖ តុលាការជាន់ខ្ពស់នេប៉ាល់កាលពីថ្ងៃអង្គារ បានបញ្ជាអោយដំណើរការសភាជាតិឡើងវិញ ដែលវាជាការវាយសំពងខាងនយោបាយមួយព្រនង់យ៉ាងធ្ងន់លើនាយករដ្ឋមន្ត្រីខេភី សាម៉ា អូលី។
បញ្ជារបស់តុលាការកើតឡើង២ខែបន្ទាប់ពីលោកអូលីរុញប្រជាជាតិនៃតំបន់ហេមពាន្តមួយនេះអោយធ្លាក់ចូលក្នុងចលាចលនយោបាយ នៅពេលលោករំលាយសភានិងកោះធ្វើការបោះឆ្នោតមុនកាលកំណត់មួយ ដោយសារតែជម្លោះក្នុងគណបក្សកុំម្មុយនីស្តដែលគ្រប់គ្រងអំណាច។
នេប៉ាល់បានធ្លាក់ក្នុងភាពវឹកវរនយោបាយចាប់តាំងពីខែធ្នូឆ្នាំមុននៅពេលលោកអូលីបានសំរេចចិត្តរំលាយសភានិងកោះធ្វើការបោះឆ្នោតមុនកាលកំណត់១៨ខែ ចំពេលមានជំងឺឆ្លងកូវីដ១៩វាយប្រហារសេដ្ឋកិច្ចប្រទេសនេះជាខ្លាំង។
លោកអូលីបានការពារចំណាត់ការរបស់លោកដោយថា គូប្រជែងរបស់លោកនៅក្នុងគណបក្សកុំម្មុយនីស្តមិនសហការជាមួយរដ្ឋាភិបាលនៅក្នុងការតែងតាំងមន្ត្រីនៅក្នុងគណៈកម្មាធិការដូចជា សិទ្ធិមនុស្សជាតិនិងគណៈកម្មាធិការប្រឆាំងអំពើពុករលួយ ព្រមទាំងការសំរេចគោលនយោបាយផ្សេងៗ។
តែចៅក្រមបានច្រានចោលការលើកឡើងរបស់លោកហើយបញ្ជាអោយសភាបើកប្រជុំនៅក្នុងរង្វង់១៣ថ្ងៃ។សាលក្រមនេះមានន័យថា លោកអូលី ប្រឈមការបោះឆ្នោតសម្តែងការមិនទុកចិត្តក្នុងសភា៕
សកម្មជនអបអរការសំរេចរបស់តុលាការនិងទាមទារអោយលោកអូលីលាឈប់