ប្រែសម្រួល : កញ្ញាដាលីស ៖ អាជ្ញាធរបាននិយាយថាជើងឯកកីឡាវាយកូនគោលលោក ថៃហ្គ័រ វូដ បានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារទី២៣កុម្ភៈ នៅពេលរថយន្តប្រភេទ SUVរបស់គាត់បានក្រឡាប់ច្រើនតង់រួចធ្លាក់ទៅជម្រាលផ្លូវនៅជាយក្រុងឡូស អែនជើឡេស។ កំពូលតារាវាយកូនគោលរូបនេះត្រូវបានទាញចេញពីកញ្ចក់មុខ ហើយភ្នាក់ងាររបស់គាត់និយាយថាគាត់កំពុងធ្វើការវះកាត់ជើង។
អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទកាសែតថា វូដនៅតែឯងនៅពេលរថយន្តនេះបើកក្រឡាប់កណ្តាលផ្លូវមុនម៉ោង ៧ និង ១៥ នាទី ព្រឹក។ មិនមានរថយន្តផ្សេងទៀតចូលរួមពាក់ព័ន្ធនោះទេ។បុរសអាយុ ៤៥ ឆ្នាំរូបនេះនៅដឹងខ្លួននិងអាចទាក់ទងសុំជំនួយបាន នៅពេលដែលអ្នកពន្លត់អគ្គិភ័យបានបំបែកកញ្ចក់មុខដើម្បីទាញគាត់ចេញ។
ប៉ូលិសតំបន់ជាយក្រុងឡូស អែនជើឡេសលោក អាឡិច វីឡានូវ៉ានិយាយថា ពោងសុវត្ថិភាពបានផ្ទុះឡើង ហើយផ្នែកខាងក្នុងរថយន្តរក្សាសភាពដើមនៅដដែលហើយពោងនោះបានជួយឱ្យគាត់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ លោក ដារីល អូសប៊ី ប្រធានផ្នែកពន្លត់អគ្គិភ័យប្រចាំតំបន់បាននិយាយថា ជើងទាំងពីររបស់គាត់បានរងរបួសធ្ងន់។
ពួកគេនិយាយថាមិនមានភស្តុតាងភ្លាមៗដែលថាគាត់នឹងពិការជើងឬយ៉ាងណាទេ។
អាជ្ញាធរនិយាយថាពួកគេបានឆែករកក្លិនស្រាឬសញ្ញាផ្សេងទៀតដែលថាគាត់អាចស្ថិតក្រោមឥទ្ធិពលនៃសារធាតុអ្វីមួយហើយមិនបានរកឃើញនោះទេ។ពួកគេមិនបាននិយាយថាគាត់បើកបរលឿនប៉ុនណានោះទេ៕
ថៃហ្គ័រ វូដ របួសជើងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ក្រឡាប់ឡានកាលពីថ្ងៃអង្គារ