Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់​ចាប់ផ...

អ៊ីរ៉ង់​ចាប់ផ្តើម​រឹតត្បិត​ការត្រួតពិនិត្យ​របស់​អ​.​ស​.​ប​រហូតដល់​អាម៉េរិក​ដក​ទណ្ឌកម្ម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ៊ីរ៉ង់​បានបញ្ជាក់​ថា​ខ្លួន​បាន​ចាប់ផ្តើម​អនុវត្ត​ការ​រឹតបន្តឹង​ថ្មី​លើ​ការធ្វើ​អធិការកិច្ច​ដោយ​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អ​.​ស​.​ប​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​សហរដ្ឋ​​អាម៉េរិក​ខកខាន​មិន​បាន​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ត្រឹម​ថ្ងៃ​កំណត់​កាលពី​ចុង​សប្តាហ៍​។​

​ប្រធាន​ទីភ្នាក់ងារ​លោក​រ៉ា​ហ្វា​អែល ហ្គ្រោ​សស៊ី​និយាយ​ថា​ការព្រម​ព្រៀង​បណ្តោះអាសន្ន​ដែល​បាន​យល់ព្រម​នៅ​ក្នុង​កិច្ចចរចា​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​ថ្ងៃអាទិត្យ​មានន័យថា​ទីភ្នាក់ងារ​ថាមពល​អា​តូ​ម៉ិក​​អន្តរជាតិ (IAEA) នឹង​មិន​អាច​ធ្វើការ​ដោយ​គ្មាន​ការអនុញ្ញាត​បានទេ ខណៈ “​ការពិភាក្សា​ខាង​នយោបាយ​” ស្តី​ពី​ការស្តារ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​រវាង​ទី​ក្រុងតេអេ​រ៉ង់​និង​ប្រទេស​មហាអំណាច​កំពុង​​បន្ត​។​

​ប៉ុន្តែ​ខណៈ​សរសើរ​ដល់​ការទូត​១១ ម៉ោង​របស់​លោក​ហ្គ្រោ​សស៊ី ទីក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ដល់​ទី​ក្រុងតេអេ​រ៉ង់​ឱ្យ​”​បំពេញ​នូវ​ការផ្ទៀងផ្ទាត់​របស់​ខ្លួន​និង​ការសន្យា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​​ដទៃ​ទៀត​ឱ្យបាន​ពេញលេញ​” នៅ​ក្រោម​កិច្ច​ព្រមព្រៀង ខណៈ​កិច្ចពិភាក្សា​កំពុងដំណើរការ​។​

​ការផ្លាស់ប្តូរ​របប​ឃ្លាំមើល​និង​ត្រួតពិនិត្យ​របស់ IAEA ដែល​ត្រូវបាន​បញ្ជា​ដោយ​សភា​ដែល​ត្រួតត្រា​ដោយ​ពួក​អភិរក្សនិយម​អ៊ីរ៉ង់​កាលពី​ឆ្នាំ​មុន​គឺជា​វិធានការ​ចុងក្រោយ​បំផុត​នៅក្នុង​វិធានការ​សងសឹក​​ដែល​អ៊ីរ៉ង់​បានអនុម័ត​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ដែល​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ដក​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ​២០១៨​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ម៉ូ​ហា​ម៉ាត់ ចា​វ៉ាត ហ្សារី​ហ្វ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន IRNA ថា “​ការអនុវត្ត​ច្បាប់​បាន​ចាប់ផ្តើម​នៅ​ព្រឹក​នេះ​” ។​

​កំណត់ត្រា​ទិន្នន័យ​ស្តី​ពី​ឧបករណ៍​ត្រួតពិនិត្យ​ដែល IAEA​បាន​ដំឡើង​នៅ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដើម្បី​បញ្ជាក់​ពី​ការអនុលោម​របស់ខ្លួន​ឥឡូវ​នេះ​នឹង​ត្រូវ​បាន​ហាមឃាត់​ដោយ​ទី​ក្រុងតេអេ​រ៉ង់​រហូត​ដល់​ប្រធា​​នា​ធិបតី​ចូ បៃ​ដិន​លុបចោល​ទណ្ឌកម្ម​ដែល​ដាក់​ចេញ​ដោយ​ត្រាំ​។​

“​វិធានការ​តម្លាភាព​ដោយ​ស្ម័គ្រចិត្ត​” រួម​ទាំង​ការត្រួតពិនិត្យ​លឿនៗ​ដល់​ទីតាំង​ផ្ទាល់​ដែល​មិន​ស្ថិតក្រោម​ការឃ្លាំមើល​ជាប្រចាំ ក៏​ត្រូវបាន​ផ្អាក​ផងដែរ​។​

​លោក​ហ្សារី​ហ្វ​បាន​និយាយ​ថា​ការផ្លាស់ប្តូ​រ​ទាំង​នេះ​នឹង​មិន​មាន​ផលប៉ះពាល់​ភ្លាមៗ​ទៅលើ​ការងារ​របស់​ក្រុមអធិការកិច្ច​របស់ IAEA នោះទេ​។​

​អ្នកការទូត​កំពូល​របស់​អ៊ីរ៉ង់​រូបនេះ​និយាយថា “​ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​គឺថា​ទិន្នន័យ​ដែល​បាន​កត់ត្រា​នៅក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​យើង​នឹង​ត្រូវ​រក្សា​ទុក​ហើយ​មិន​ត្រូវបាន​ប្រគល់ឱ្យ​ទៅ IAEA នោះទេ​”​។​

​លោក​និយាយថា ទិន្នន័យ “​មិន​ដែល​ត្រូវបាន​ផ្តល់ឱ្យ IAEA ភ្លាមៗ​ទាន់​ពេលវេលា​នោះ​ទេ ប៉ុន្តែ​ត្រូវបាន​ប្រគល់ឱ្យ​ជា​លក្ខណៈ​ប្រចាំថ្ងៃ​ឬ​ប្រចាំ​សប្តាហ៍​”​។​

​ប្រសិនបើ​ការចរចា​អំពី​ការវិលត្រឡប់​របស់​អាម៉េរិក​ទៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅតែ​បន្លាយពេល​យូរ​ទៀត​នោះ រឿង​នោះ​នឹង​ត្រូវ​ផ្លាស់ប្តូរ​។​

​អង្គការ​ថាមពលនុយក្លេអ៊ែ​រ​អ៊ីរ៉ង់​បាន​និយាយ​ថា​យោង​តាម​ច្បាប់​ថ្មី​ប្រសិនបើ​នៅតែ​មិន​មាន​ការដក​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​បន្ទាប់​ពី​រយៈពេល ៣ ខែ ខ្លួន​នឹង​ចាប់ផ្តើម​លុប​កំណត់ត្រា​នោះ​ចោល​។​

​អង្គការ​និយាយថា ប្រសិនបើ​ទណ្ឌកម្ម​មិន​ត្រូវបាន “​លុបចោល​ពេញលេញ​ក្នុង​រយៈពេល ៣ ខែ​ទេ​” នោះ​ទិន្នន័យ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀងរហូត​។​

​លោកបៃ​ដិនបាន​បង្ហាញ​ពីការ​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ​ប៉ុន្តែ​ទទូច​ឱ្យ​អ៊ីរ៉ង់​វិលត្រឡប់​ទៅរក​ការប្តេជ្ញាចិត្ត​នុយក្លេអ៊ែរ​របស់ខ្លួន​ជាមុនសិន​៕

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ម៉ូ​ហា​ម៉ាត់ ចា​វ៉ាត ហ្សារី​ហ្វ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular