Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​រំលឹក​ពី​ខួប​៤២​ឆ្នាំ​នៃ​ការជួបគ្នា​ឡើងវិញ​រវាង​សម្តេច​និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ភ្នំពេញៈនៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រក​ម្ពុ​ជា​បាន​បង្ហោះ​នូវ​សំណេរ ជា​ប្រវត្តិ​ជីវិត​​រវាង​សម្តេច​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ។​

សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រក​ម្ពុ​ជា​និងសម្តេច​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន (រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ជាមួយ​រូបថត​ចំនួន​បីសន្លឹក​សម្តេច​បាន​រៀបរាប់ថា​”​ថ្ងៃនេះ​គឺជា​ខួប​៤២​ឆ្នាំ នៃ​ការជួបគ្នា​ឡើងវិញ រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២១)”​។
​កាលពី​លើក​មុន ខ្ញុំ​បាន​សរសេរ​រៀបរាប់​ត្រួសៗ​មួយចំនួន​រួចមកហើយ​លើ​ការ ជួប​ហើយ​ព្រាត់ និង ព្រាត់​ហើយ​ជួប​។ លើក​នេះ​ខ្ញុំ​ខិតខំ​សរសេរ​បំពេញបន្ថែម​នូវ​រឿងរ៉ាវ​បន្ទាប់ពី​កូនប្រុស​កំសត់​បាន​ស្លាប់​យ៉ាង​វេទនា​កាលពី​ថ្ងៃទី​១០ ខែ វិ​ច្ចកា ឆ្នាំ​១៩៧៦ ហើយ​ដែល​ខ្ញុំ​បាន​សរសេរ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​(​ការឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន​)​។​

​ខ្ញុំ​គួររំលឹកថា បន្ទាប់ពី​មិនអាច​សុំ​ការអនុញ្ញាត​ពី​មេបញ្ជាការ​ឃោរឃៅ ដើម្បី​យកស​ពកូន​ទៅ​កប់​និង​នៅ​ថែ​ទា​ភរិយា​ដែល​ទើប​សម្រាល កូន​បាន ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ជាមួយ​មេបញ្ជាការ​រូបនេះ​ទៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ​(​ពេល​នោះគេ​បង្កើតជា​ស្រុក​ពាមជីលាំង​)​។ យើង​សម្រាក​និង​ធ្វើការ​នៅ​ទីនោះ​មួយ​យប់ និង​មួយ​ព្រឹក​។​ពេល​រសៀល​យើង​បានធ្វើ​ដំណើរ​ត្រឡប់មក​អង្គភាព​វិញ​ដោយ​ឆ្លងកាត់​តាម មន្ទីរពេទ្យ​ស្រុក​មេមត់ ដែល​ភរិយា​ខ្ញុំ​កំពុង​សម្រាក​នៅ​ទីនោះ​។

​ក្នុងពេល​ធ្វើដំណើរ ខ្ញុំ​បាន​ខិតខំ​សុំ​មេបញ្ជាការ​រូបនេះ​ជាថ្មី​ម្តងទៀត ដើម្បី​បាន​នៅ​មើលថែ​ភរិយា​របស់ខ្ញុំ ។ តែ​សំណើរ​ដដែល ចម្លើយ​ក៏​ដដែល​ដែរ ដែល​ធ្វើអោយ​ខ្ញុំ​ស្ទើរតែ​ទ្រាំលែងបាន​បម្រុង​ដក​កាំភ្លើង​បាញ់​ក្បាល​អា​ចង្រៃ​នេះ​ប៉ុន្តែ​ការអត់ធ្មត់​គឺជា​រឿង​ចាំបាច់ ដើម្បី​ធានា​ដល់​ការរស់រានមានជីវិត សម្រាប់​ការតស៊ូ​មួយ​ដែល​ខ្លួន​បានរៀបចំ​បណ្តាញសម្ងាត់​មួយចំនួន​រួចមកហើយ​។
​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេល​ម៉ូតូ​មកដល់​មន្ទីរពេទ្យ ខ្ញុំ​ឈប់​ម៉ូតូ​ដោយ​មិនចាំបាច់​សុំច្បាប់ ព្រោះ​ខ្ញុំ​ជា​អ្នកជិះ​ស្រាប់​។ ខ្ញុំ​ដើរទៅ​បន្ទប់​ដែល​ភរិយា​ខ្ញុំ​សម្រាក ពិនិត្យឃើញ​រ៉ានី​ហើម​ខ្លួន​។ ដោយសារ រ៉ានី ជា​គ្រូ​ពេទ្យឆ្មប​ស្រាប់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​អាច​នៅសល់​សុក​ដែល​ពេទ្យ​ទម្លាក់​មិន​អស់​។​

​ពីរ​នាក់​ប្តី​ប្រពន្ធ​យើង​ពុំមាន​អ្វី​ក្រៅពី​មើលមុខ​គ្នា​ដោយ​ទឹកភ្នែក​នោះទេ គឺ​ទឹកភ្នែក​អាណិត​និង​ស្តាយ​កូន​ដែល​ស្លាប់ទៅ​ទឹកភ្នែក​ដែល​មិន បាន​នៅ​ថែទាំ​ភរិយា​ដែល​ទើប​ឆ្លងទន្លេ​តែ​រ៉ានី​ហាក់ដូច​រឹងប៉ឹង​ជាង​ខ្ញុំ​និង​យល់​ពី​ការងារ​ដែល​ខ្ញុំ​ត្រូវធ្វើ​ទោះជា​ខ្ញុំ​មិនដែល​ប្រាប់​នាង​ក៏ដោយ​។​

​ខ្ញុំ​ចាកចេញ​ទាំង​ទឹកភ្នែក ហើយក៏​មិនបាន​សួររក​ទីកន្លែង​ដែល​គេ​កប់​សាកសព​កូន​ខ្ញុំ​ដែរ​។ ពេល​ត្រឡប់​ទៅដល់​អង្គភាព​វិញ ខ្ញុំ​ក៏បាន​យក​រឿងនេះ​ជំរាប​ទៅ​ប្រធាន​នយោបាយ​នៃ​អង្គភាព​ដែល​គាត់​ជា​មនុស្ស​ចិត្តបុណ្យ​ម្នាក់​។ គាត់​បាន​អនុញ្ញាតអោយ​ខ្ញុំ​យក រ៉ានី ទៅ​ព្យាបាល​នៅ​អង្គភាព​ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់​(​ពេល​នោះគេ​បង្កើតជា​ស្រុក​ត្រ​មូង​)​។ ព្រឹក​ថ្ងៃទី​១២ ខែ​វិ​ច្ឆិកា ឆ្នាំ ១៩៧៦ ខ្ញុំ​ខិតខំ​ទៅកាន់​មន្ទីរពេទ្យ​តាំងពី​មេឃ​មិនទាន់​ភ្លឺ ដើម្បី​នាំយក រ៉ានី មកកាន់​អង្គភាព​។

​ពិតជា​សំណាង​សម្រាប់​រ៉ានី ដែល​ខ្ញុំ​បាន​នាំ​នាង​មកអោយ​ឆ្មប​បុរាណ​កាយ​ទម្លាក់​សុក​ចេញ​ទាន់ពេល បើ​ពុំ​នោះទេ​នឹង​ទៅជា​ក្រឡាភ្លើង​និង​ឈានដល់​ស្លាប់​មិន​ខាន​។​
​ពេលនោះ ទោះបីជា​លំបាក តែ​ខ្ញុំ​បាន​មើលថែទាំ រ៉ានី ដោយ​ផ្ទាល់ដៃ​។ ខ្ញុំ​មើលថែទាំ និង​បំរើ រ៉ានី ដូច​ថែទាំ​ម្តាយ​ចាស់ មិន​ត្រឹមតែ​បាយទឹក​ទេ សូម្បីតែ​សម្លៀកបំពាក់​ក៏​ខ្ញុំ​ត្រូវ​បោកគក់​ជូន​គាត់​ដែរ​។ ខ្ញុំ​បាន​បំពេញ​មុខងារ​ជា​ប្តី​យ៉ាងពិត​ប្រាកដ​។ ខ្លុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំខ្មែរ ដើម្បី​សុខភាព​របស់​ភរិយា​។ អ្វីៗ​គ្រប់​យ៉ាងខ្ញុំ​ត្រូវធ្វើ​ដោយ​ផ្ទាល់ដៃ​ប្រហែល​ជាង​កន្លះ​ខែ​។ ខ្ញុំ​តែង​លួច​យំ​អាណិត​ប្រពន្ធ​ដែល​ខំ​មក​តាម​ប្តី​ដោយ​លំបាក​វេទនា​តែ​ខ្ញុំ​មិន​ចង់ឃើញ​ទឹកភ្នែក​រ៉ានី​ទេ ដូចនេះ​បានជា​ខ្ញុំ​មិន​នាំ​គាត់​និយាយ​ឬ​រំលឹក​ពី​រឿង​កូន​ស្លាប់​ឬ​រឿង​ណា​ដែល​មិន​សប្បាយចិត្ត​នោះឡើយ​។​

សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រក​ម្ពុ​ជា​និងសម្តេច​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន (រូបថតផេកសម្តេចតេជោហ៊ុនសែន)

ទោះបីជា​ជួប​ការលំបាក តែ​នេះ​ជា​លើកដំបូង ដែល​ខ្ញុំ​បានរស់នៅ​ជាមួយ រ៉ានី លើសពី​មួ​យស​ប្តា​ហ៏ បន្ទាប់ពី​រៀបការ​ហើយ​។ មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី មាន​ផ្ទៃពោះ​សារជាថ្មី​ម្តងទៀត ដែល​ខុស​ជាមួយ​បំណងប្រាថ្នា​របស់ខ្ញុំ ព្រោះ​មិនគួរ​មានកូន​ក្នុង​កាលៈទេសៈ​បែបនេះ​ទេ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​វាយ​ពួក ប៉ុលពត ក្នុងពេលដែល​ភរិយា​មាន​ផ្ទៃពោះ ប្រសិនជា​ការប្រយុទ្ធ​កើតឡើង​តើ​ប្រពន្ធ​និង​កូន​របស់ខ្ញុំ​ទៅជា​យ៉ាងណា​? ខ្ញុំ​ចង់​រស់នៅ​ជាមួយ​ភរិយា​ខ្ញុំ តែ​ខ្ញុំ​មិន​ចង់ឃើញ​ភរិយា​និង​កូន​ខ្ញុំ​មាន​គ្រោះថ្នាក់​នៅពេល​មានការ​ប្រ​យុ​ទ្ឋ​កើតឡើង​។ ខ្ញុំ​បាន​ទៅសុំ​ប្រធាន​នយោបាយ​អង្គភាព ដើម្បី​បញ្ជូន​រ៉ានី​ទៅធ្វើ​ការ​នៅ​មន្ទីរពេទ្យ​កងទ័ព​ដែលមាន​ទីតាំងនៅ ភូមិ​សំរោង ឃុំ​ដារ ស្រុក​មេមត់ ឃ្លាត​ពី​អង្គភាព​ខ្ញុំ​ជាង​៣០​គីឡូម៉ែត្រ​។​

បែក​គ្នា​លើក​មុនៗ​ត្រូវបាន​អង្គការ​ជា​អ្នក​បំបែក តែ​បែក​គ្នា​លើក​នេះ​ខ្ញុំ​ជា​អ្នករៀបចំ​ដោយ​ខ្លួនឯង ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​វាយ​ពួក​បន​ប្រល័យពូជសាសន៍​ប៉ុល ពត​។ ខ្ញុំ​ជួប រ៉ានី ចុងក្រោយ​គឺ​ថ្ងៃ​១៨ ខែ មិថុនា​ឆ្នាំ ១៩៧៧ គឺ​មុន​២​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ​ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​វាយ​ពួក​ប៉ុល ពត​។ ខ្ញុំ​បានសម្រេច​ចិត្ត​ច្បាស់លាស់​ហើយ តែ​ខ្ញុំ​មិន​និយាយប្រាប់​រ៉ានី​នោះទេ​។ ការមិន​និយាយប្រាប់ មិន​មានន័យថា​ខ្ញុំ​មិន​ទុកចិត្ត​ភរិយា​ខ្ញុំ​នោះឡើយ តែ​បញ្ហាសំខាន់ គឺ​ខ្ញុំ​មិន​ចង់ឃើញ​ទឹកភ្នែក​ភរិយា​ខ្ញុំ​ហូរ​ស្រ​ក់មក មិន​ចង់អោយ​ភរិយា​ខ្ញុំ​ទទួលរង​នូវ​ការវាយប្រហារ​ខាង​ផ្លូវចិត្ត​ភ្លាមៗ​សម្រាប់​រឿង​មួយ​ដែល​មិនទាន់បាន​កើតឡើង​នៅឡើយ​នោះទេ​។​

មុនពេល​ចាកចេញ ខ្ញុំ​មិន​សម្រក់​ទឹកភ្នែក​ឲ្យ រ៉ានី​ឃើញ​នោះដែរ​។ ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជា​ថ្ងៃ​ដែល​លំបាក​បំផុត​សម្រាប់​ខ្ញុំ ហើយក៏​ជា​ថ្ងៃ​ដែល​ខ្ញុំ​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​។ ម៉ោង​ប្រហែល​២​រសៀល បន្ទាប់ពី​បញ្ជា​អោយ​កងទ័ព​បើក​ជង្រុក​ស្រូវ ដើម្បី​ដាំបាយ​ទទួលទាន ខ្ញុំ​បាន​អង្គុយ​សរសេរ​លិខិត​ផ្ញើឱ្យ​រ៉ានី​។ ការចាប់ផ្តើម​នៃ​លិខិត​ពិតជា​លំបាក​រក​ពាក្យ​សរសេរ​ដែល​ទីបំផុត​ខ្ញុំ​បាន​ប្រើពាក្យ​ថា​(​មកដល់​រ៉ានី​ប្រពន្ធ​ដ៏​កំសត់រ​បស់បង នៅពេលដែល​អូន​អាន​លិខិត​នេះ រូប​បង​នៅ​សែនឆ្ងាយ ឆ្ងាយ​រហូតដល់​រូប​បង​មិនដឹងថា​ខ្លួន​នៅ​កន្លែង​ណា​ផង​ទេ​)​។ រឿង​ដែល​ពិបាក តើ​ត្រូវ​ប្រាប់​រ៉ានី​ថា​ខ្ញុំ​នៅទីណា​? ព្រោះ​គ្មានអ្វី​ច្បាស់​ទេ​សម្រាប់​ជីវិត​ខ្ញុំ​នាពេលនោះ​។ សរសេរ​លិខិត​រួច ត្រូវគេ​បាញ់សម្លាប់​? ឬ សរសេរ​លិខិត​រួច ត្រូវធ្វើ​ការប្រយុទ្ធ​? យើង​ចង់ទៅ​ទិសខាងកើត តែ​សភាពការណ៍​បង្ខំ​អោយមក​ទិស​ខាងលិច​វិញ​។ ខ្ញុំ​សរសេរ​ផង​យំ​ផង រហូត​ស្រវាំងភ្នែក ទម្រាំ​បាន​លិខិត​មួយច្បាប់​ចំណាយពេល​ប្រ​មាណ​២​ម៉ោង​។​

ខ្ញុំ​ចង់​រំលឹក​ដល់​អព្ភូតហេតុ​មួយ ដែល​បាន​កើតឡើង​នា​ល្ងាច​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ​។ ម៉ោង​ប្រហែល​៤​ល្ងាច បន្ទាប់ពី​ប្រគល់​លិខិត​និង​សម្ភារមួយចំនួន​តាមរយៈ​និ​រ​សារ​ខ្ញុំ​ឈ្មោះ​នឿន​(​ពេលនេះ​ជា​ឧ​ត្ត​ម​សេនីយ​ត្រី​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​)​ដើម្បី​បញ្ជូនទៅឲ្យ​ភរិយា​ខ្ញុំ​។ ខ្ញុំ​ក៏​សម្រាក​លង់លក់​ដើម្បី​រង់ចាំ​មិត្ត​ខ្ញុំ​៤​នាក់​ទៀត​។ ខ្ញុំ​ភ្ញាក់ឡើង​ម៉ោង​៨​យប់​ទៅហើយ ខ្ញុំ​ក្រោក​អង្គុយ​យក​ដែកកេះ​ដុត​ចង្កៀងប្រេងកាត។ ពេល​ចង្កៀង​ឆេះ​ស្រាប់តែ​ឮ​សំឡេង​មនុស្ស​ស្រែក​ចេញពី​ដើម​ជ្រៃ​ដែលមាន​ខ្ទម​អ្នកតា​នៅ​នឹង​គល់​ហ្នឹង គឺ​នៅ​ឃ្លាត​ពី​ផ្ទះ​ខ្ញុំ​ប្រហែល​៣០​ម៉ែត្រ​។
​សំឡេង​មនុស្ស​ប្រុស​វ័យ​ចំណាស់​ស្រែក​ខ្លាំងៗ​ថា​(​ចេញ​ភ្លាម​ទៅ ចេញ​ឲ្យឆាប់​)​ស្រែក​ច្រើនដង និង ខ្លាំងៗ​ស្ទើរ​បែក​ក្រដាសត្រចៀក​។ បន្ទាប់ពី​សំឡេង​ស្រែ​កចប់​ភ្លើង​ចម្រុះ​ពណ៍​មក​រុំ​ខ្លួន​ខ្ញុំ​ជុំជិត។ ខ្ញុំ​ស្រែក​ស្ទើ​ភ្លាត់​សំឡេង​ឱ្យ​អ្នក​នៅ​ខាងក្រៅ​ផ្ទះ​ចូលមក​ជួយ​។ នៅពេល​យុទ្ធជន​៣​នាក់​ចូលមក ខ្ញុំ​សួរ​ពួកគេ​ថា​អ្នកណា​ស្រែក​? ហើយ​មាន​ឃើញ​ភ្លើង​ក្នុងផ្ទះ​ឬទេ​?​ពួកគេ​ទាំង​៣​នាក់​ឆ្លើយ​ស្រុះគ្នា​ថា មិនឮ និង​មិនឃើញ​អ្វី​ទាំងអស់​។ ខ្ញុំ​ព្រឺក្បាល ហើយ​គិតក្នុងចិត្ត​ថា បារមី​តាម​ថែទាំ​ខ្ញុំ ប្រាប់​អោយ​ខ្ញុំ​ចាកចេញ​ហើយ​។​

​ខ្ញុំ​សូម​ជម្រាប​ថា ដើម​ជ្រៃ​ដ៏​ធំ​ដែលមាន​ខ្ទម​អ្នកតា​នៅ​នឹង​គល់ ធ្លាប់​ឲ្យ​ខ្ញុំ​ឃើញ​២​លើក​រួចមកហើយ​។​លើក​ទី​១​នៅ​ចុងឆ្នាំ​១៩៧៥ ខ្ញុំ​ដេក​យល់សប្តិ​ឃើញ​បុរស​ចំណាស់​ម្នាក់ យកសា​រុង​សូត្រ​ថ្មី​យ៉ាង​ស្អាត​មកឲ្យខ្ញុំ​(​ជំនឿ​មនុស្ស​ខ្លះ​យល់សប្តិ​បាន​សា​រុង​សូត្រ​គឺ​នឹងមាន​ប្រពន្ធ​)​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ខ្ញុំ​រៀបការ​ជាមួយ​រ៉ានី​។ លើក​ទី​២ ភ្លើង​ហោះ​ចេញពី​ដើម​ជ្រៃ​កាត់​ដំបូលផ្ទះ​ខ្ញុំ​ជះ​ពន្លឺ​ចូលក្នុង​ផ្ទះ ។ពេលយប់​នោះ​ហើយ​ដែល​រ៉ានី​ក្អូ​ត​ចង្អោរ​ចាញ់កូន​នៅ ខែមករា ឆ្នាំ ១៩៧៧ គឺ​កំណើត​ម៉ា​ណែ​ត​នេះហើយ​។

ការ​ព្រាត់​គ្នា​នា​ថ្ងៃ​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជា​ការ​ព្រាត់​គ្នា​ដោយមាន​សង្ឃឹម​តិចតួច​ណាស់​ថា​នឹង​បាន​ជួប​វិញ​។ ទឹកភ្នែក​រាប់ម៉ឺន​សែន​លាន​ដំណក់​ហូរ​មកជា​មួយ​ការឈឺចាប់​ដែល​មិនអាច​រៀបរាប់​បាន តែ​ទឹកភ្នែក​នេះហើយ​ដែល​ជួយ​ពង្រឹងស្មារតី​ខ្ញុំ​ឱ្យ​ប្រឹង​តស៊ូ​ដើម្បី​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា​។ (​ប្រវត្តិ​ទាក់ទង​នឹង​ការតស៊ូ​រំដោះជាតិ​មាន​ឯកសារ​ច្រើន​ហើយ មិនមាន​ការចាំបាច់​ដើម្បី​ខ្ញុំ​សរសេរ​នៅក្នុង​អត្ថបទ​ទាក់ទង​នឹង​ការជួប​ជុំគ្នា​ឡើងវិញ​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​នោះទេ​)​។​

តាំងពី​បែក​គ្នា​នា​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតដល់​ថ្ងៃទី​២៤ ខែ កុ​ម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំ​មិនដែល​ទទួល​ព័ត៌មាន​អំពី​ភរិយា​ខ្ញុំ​ទេ ហើយ​ប្រសិនបើ​បានទទួល​វិញ​គឺ​សុ​ទ្ធតែ​បញ្ជាក់ថា ភរិយា​ខ្ញុំ​បាន​ស្លាប់​បាត់ទៅហើយ​។ តាំងពី​ថ្ងៃ​បែក​គ្នា​មក​ខ្ញុំ​មិនដែល​ទទួល​ព័ត៌មាន​ថា ភរិយា​ខ្ញុំ​នៅរស់​ទេ ហើយ​កាន់តែ​ជឿថា​ភរិយា​ខ្ញុំ​ស្លាប់​បាត់ទៅហើយ នោះ​គឺ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ រយៈពេល​ជាង​១​ខែ ខ្ញុំ​មិនអាច​ស្វែង​រកឃើញ​ឬ​មាន​ព័ត៌មាន​ពី​ប្រពន្ធ ឬ​ឳ​ពុកមា្ត​យ​ក្មេក បងថ្លៃ ប្អូនថ្លៃ​ខ្ញុំ​ឡើយ គឺ​បាត់​ទាំង​ពូជ​តែម្តង​។​

​មានរឿង​មួយ​ដែល​ខ្ញុំ​គួរ​រំលឹក​នោះ​គឺ នៅ​ប្រហែល​ពាក់​កណ្តាលខែ​កុ​ម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំ​យល់សប្តិ​ឃើញ រ៉ានី​ភរិយា​ខ្ញុំ​នៅ​ម្ខាង​ព្រែក​ដែលមាន​ទឹក​ជ្រៅ​មិនអាច​ដើរមក​រកគ្នា​បាន ខ្ញុំ​កំពុងតែ​ទៅរក​ទូក​ដើម្បី​អុំ​ទៅយក រ៉ានី ស្រាប់តែ​នាឡិកា រោទ៍​ឡើង​នៅ​ម៉ោង​៥​ភ្លឺ ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ពីដេក​ដាច់​យល់សប្តិ​អស់​។ ខ្ញុំ​ភ្ញាក់ឡើង ខ្ញុំ​អង្គុយ​យំ ហើយក៏​មិនអាច​រក​ការពន្យល់​ពី​ការ​យល់សប្តិ​នេះ​ថា រ៉ានី​នៅរស់​ឬ​ស្លាប់​?។

សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រក​ម្ពុ​ជា​និងសម្តេច​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន (រូបថតផេកសម្តេចតេជោហ៊ុនសែន)

ការសប្បាយរីករាយ​សម្រាប់​ការរំដោះ​ប្រជាជន​ចេញពី​របប ប៉ុល ពត មិនទាន់​បានបញ្ចប់​ទឹកភ្នែក​ខ្ញុំ​នៅឡើយ​។ ប្រសិនបើ​ប្រពន្ធ​ខ្ញុំ​ស្លាប់ តើ​គាត់​ស្លាប់​នៅទីណា​? ស្លាប់​ដោយ​ជំងឺ​ឬ​ស្លាប់​ដោយ​គេ​សម្លាប់​? ហើយ​តើ​កូន​របស់​ខ្ញុំគេ​កើត​មុនពេល​ភរិយា​ខ្ញុំ​ស្លាប់​? ឬ​ស្លាប់​ទាំង​មាន​ផ្ទៃពោះ​? ប្រសិន​កូន​ខ្ញុំ​កើត​ហើយ​តើ​គេ​ប្រុស​ឬ​ស្រី​? តើ​គេ​នៅរស់​ឬ​ស្លាប់​?​ប្រសិនបើ​កូន​ខ្ញុំ​នៅរស់​តើ​គេ​នៅទីណា​? សំនួរ​ជាច្រើន​បានធ្វើអោយ​ខ្ញុំ​ហូរ​ទឹកភ្នែក​ដោយ​ការឈឺចាប់​។​
​ល្ងាច​ថ្ងៃទី ២៤ ខែ កុ​ម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំ​កំពុងធ្វើការ​នៅ​ក្រសួងការបរទេស នៅ​មាត់ទន្លេ ស្រាប់តែ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នូ បេង បាន​ទៅប្រាប់​ខ្ញុំ​ថា ប្រពន្ធ​និង​កូន​ព្រមទាំង​ប្អូនស្រី​ខ្ញុំ​មកដល់​ផ្ទះ​ហើយ​។ ខ្ញុំ​មិន​ជឿ​ទាល់តែសោះ ព្រោះ​ករណីបែបនេះ​មាន​២​លើក​រួចមកហើយ​។ លើក​ទី​១​មាន​ស្ត្រី​អាយុ​ប្រហែល​ម្តាយខ្ញុំ​បានមក​ជួប​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ជា​ប្រពន្ធ​តា​រដ្ឋមន្ត្រីការបរទេស​។ គាត់​ប្រើ​ខ្ញុំ​ឱ្យទៅ​ហៅ​ប្តី​គាត់​មកជួប​គាត់​។ តាមពិត​គាត់​ច្រឡំ ព្រោះ​ប្តី​គាត់​មានឈ្មោះ​ដូច​ខ្ញុំ​ដែរ​។ លើក​ទី​២ នៅ​ក្រសួងការបរទេស ស្ត្រី​ម្នាក់ទៀត​ក៏​ទៅរក​ប្តី​គាត់​ដែរ​។ ខ្ញុំ​មកជួប​គាត់ គាត់​ហៅ​ខ្ញុំ​ថា​ក្មួយ ហើយ​សុំ​ចូលទៅ​ជួប​រដ្ឋមន្ត្រី​។ ពេលនោះ​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ហ្នឹង​ហើយ​ជា​រដ្ឋមន្ត្រី គាត់​ខឹង​ខ្ញុំ​យ៉ាងខ្លាំង ហើយ​ស្រែក​ឡូឡា​ទាល់តែ​ខ្ញុំ​បើកឡាន​ចេញពី​ក្រសួង មិនដឹងថា​គាត់​ទៅណា​ទៀត​ទេ​។ ដោយសារ​មានរឿង​មិន​ពិត​រួមផ្សំ​ថា​មាន​ទាំង​កូន និង​ប្អូន​ទៀត​ខ្ញុំ​អត់​ជឿ​តែម្តង​។ តែ​យ៉ាងណា នៅ​ម៉ោង​ប្រមាណ ៥​ល្ងាច ហើយ ខ្ញុំ​ក៏​មក​ផ្ទះ​។​

​ជា​រឿង​រំភើប​ណាស់ ចុះ​ពីលើ​ឡាន​ភ្លាម​ខ្ញុំ​ក្រឡេកឃើញ រ៉ានី ប្រពន្ធ​ខ្ញុំ​មុនគេ បន្ទាប់​ទៅ​ឃើញ​ប្អូនស្រី​ខ្ញុំ និង​ក្មេងប្រុស​ម្នាក់​។ ប្រព​ន្ទ​ខ្ញុំ​ប្រាប់​ខ្ញុំ​ទាំង​ទឹកភ្នែក​ថា នេះហើយ​ជា​កូនប្រុស​យើង ខ្ញុំ​ខំ​ទៅ​ស្រ​វាពរ​កូន តែ​កូន​នេះ​បែ​ជា​គេច​ចេញទៅ​ឱប​ម្តាយ​ហើយ​ស្រែកយំ​។ តាមពិត​ភរិយា​ខ្ញុំ និង​ក្រុមគ្រួសារ​បាន​សម្ងំ​លាក់ខ្លួន មក​រើស​គួរ​ស្រូវ​នៅ​ស្រុក​ត្បូងឃ្មុំ ព្រោះ​សភាពការណ៍​ពេលនោះ​ច្របូកច្របល់​ពេក មិនទាន់​ហ៊ាន​ចេញមុខ​នៅឡើយ​។ ភរិយា​ខ្ញុំ​បានទទួល​ដំណឹង​ថា​ខ្ញុំ​នៅរស់​ជា​រៀង​រហូតមក តែ​ដើម្បី​សេចក្តីសុខ នាង​សុខចិត្ត​លាក់ខ្លួន​ទ្រាំទ្រ​ជាមួយ​ការលំបាក​មួយ​រយះ​ទៀត​។ ការជួបជុំ​ឡើងវិញ​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​បានបញ្ចប់​ស្ថានភាព​ពោះម៉ាយ​និង​មេម៉ាយ ដែល​រូបខ្ញុំ​មានឈ្មោះ​ជា​បុរស​ពោះម៉ាយ ឯ រ៉ានី​​មានឈ្មោះ​ថា​ជា​មេម៉ាយ​កូន​១​។​

​ម៉ា​ណែ​ត កូនប្រុស​ខ្ញុំ​ហៅ​ខ្ញុំ​ថា​ពូ​រយៈពេល​២​ខែ​ដោយសារតែ​គេ​មិន​ដែលមាន​ឪពុក​សម្រាប់​ហៅ​។ នៅពេល ម៉ា​ណែ​ត ព្រម​ហៅ​ខ្ញុំ​ថា​ពុក​បាន​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​និង​ភរិយា​មានរឿង​អកុសល​កើតឡើង​ម្តងទៀត គឺ​ភរិយា​ខ្ញុំ​រលូត​កូន​។ នេះ​ជា​កំហុស​របស់ខ្ញុំ​ដែល​មិនបាន​រែក​ទឹក​ដាក់​ពាង​។ នៅ​ភ្នំពេញ​ពេលនោះ​ពុំមាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់​ទេ​។ យើង​ត្រូវ​រក​ធុង​ទៅ​អូស​ទឹក​នៅ​ទន្លេមេគង្គ ហើយ​យកមក​រក្សាទុក​នៅ​ពាង​ខាង​ក្រោមផ្ទះ និង​ត្រូវ​រក​ប៉ោត​រែក ឬ​យួរ​មកចាក់​ក្នុង​ពាង​នៅ​បន្ទប់ទឹក​។ ខ្ញុំ​តែង​ធ្វើ​កិច្ចការ​នេះ​ជាប្រចាំ តែ​ថ្ងៃមួយ​ប្រញាប់​ទៅធ្វើ​ការមិន​បាន​ដងទឹក​ដាក់​ពាង ប្រពន្ធ​ខ្ញុំ​ទៅ​ខំ​យូរ​ទឹក​មកចាក់​បំពេញ​ពាង ទើប​ធ្វើឱ្យ​កូន​ជិត​២​ខែ​នេះ​រលូត​។ សោក​ដ​នាដកម្ម​គ្រួសារ​ខ្ញុំ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ទុក្ខសោក​របស់​ប្រជាជន​ទូទាំងប្រទេស ដែល​ក្រុមគ្រួសារ​ភាគច្រើន​លំបាក​វេទនា​និ​នា​ស​ព្រាត់ប្រាស់​លើស​គ្រួសារ​ខ្ញុំ​ច្រើនដង​ទៅទៀត​។​សូមកុំ​អោយ​រឿង​ឈឺចាប់​កើតឡើង​លើទឹក​ដី​កម្ពុជា​តទៅទៀត​។​

ការជួបគ្នា​កាលពី​៤២​ឆ្នាំមុន​គ្រួសារ​ខ្ញុំ​មាន​មនុស្ស​តែ​៣​នាក់​គឺ​ខ្ញុំ​និង​ភរិយា​និង​កូន​​ប្រុស​មួយ​គឺ​ហ៊ុន ម៉ា​ណែ​ត​តែប៉ុណ្ណោះ​។​៤២​ឆ្នាំក្រោយ​គ្រួសារ​នេះ​មាន​មនុស្ស​​រហូត​៣៤​នាក់​គឺ​ខ្ញុំ​និង​ភរិយា​កូនបង្កើត​៥​នាក់​កូនប្រសា​៥​នាក់​និង​ចៅ​២២​នាក់​​ដែល​នេះ​ក៍​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​​ចំនួន​ប្រជាជន​ពី​ប្រមាណ​៥​លាន​នាក់​នា​ឆ្នាំ​១៩៧៩​ហើយ​មកដល់ពេលនេះ​មាន​​ប្រមាណ​១៦​លាន​នាក់​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular