ដោយៈ ទេពមង្គល / ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារ ជីនប៉ី ទាំង ៣ សាខា និងអគារស្នាក់នៅរួម របស់បុគ្គលិក ក្រុមហ៊ុនជីនប៉ី ចាប់ពីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មក និងសណ្ឋាគារ ហ័ងហ្គ័នជាយី ចាប់ពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មក ឬដឹងថា ខ្លួនបានប៉ះពាល់ ជាមួយអ្នកមានវិជ្ជមានកូវីដ ១៩ ដែលជាជនជាតិចិន ទើបរកឃើញទាំង ២ នាក់នោះ ឲ្យប្រញាប់ ទៅធ្វើតេស្ត រកវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ប្រចាំការ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង ១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ដើម្បីក្រុមការងារ ពិនិត្យយកសំណាក ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃ។
សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ស្ត្រីជនជាតិចិន ចំនួន ២ នាក់ មានវិជ្ជមានកូវីដ-១៩។ ពួកគេទាំង ២ នាក់ បានធ្វើដំណើចេញ ពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ រួមមានៈ
១. ស្ត្រីជនជាតិចិន អាយុ ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្នាក់នៅសណ្ឋាគួរ ជីនប៉ីព័រអី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
២- ស្រីជនជាតិចិន អាយុ ២២ឆ្នាំ មកពីរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត (២នាក់ អ្នកបើកបរ) ហើយស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយសង្សារ។
បច្ចុប្បន្ន ស្ត្រីជនជាតិចិន ទាំង ២ នាក់ ត្រូវបានដាក់ឱ្យ នៅព្យាបាលដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបិទសណ្ឋាគារ ដែលពួកគេធ្លាប់ស្នាក់នៅ ផងដែរ។
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦៣៣ នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ៤៧៦នាក់ និងអ្នកជំងឺ ១៤២ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕/V