ប្រែសម្រួលៈវាសនា/តូក្យូ៖ជប៉ុននៅខែនេះបានតែងតាំងរដ្ឋមន្ត្រីនៃ«ភាពឯកោ»ជាលើកដំបូងក្រោយជួបអត្រាធ្វើអត្តឃាតឡើងខ្ពស់បំផុតជាលើកដំបូងនៅរយៈពេល១១ឆ្នាំមកនេះ។
នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា បានតែងតាំងលោក តេតស៊ូស៊ី សាកាម៉ូតុ ជារដ្ឋមន្ត្រីនៃភាពឯកាដើម្បីដោះស្រាយបញ្ហាសង្គមក្នុងសម័យកូវីដ១៩ រួមទាំងការសម្លាប់ខ្លួនក្នុងចំនួនដ៏ច្រើនដែលជប៉ុនមិនធ្លាប់ជួប។
នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា បានតែងតាំងលោក តេតស៊ូស៊ី សាកាម៉ូតុ ជារដ្ឋមន្ត្រីនៃភាពឯកា
រដ្ឋាភិបាលរបស់លោកស៊ូហ្កា ចាត់ទុកការធ្វើអត្តឃាតនេះជាបញ្ហាបន្ទាន់មួយ ដោយភាពឯកោក្នុងចំណោមប្រជាជនជប៉ុនត្រូវបានរំលេចសាជាថ្មីដោយសារតែជំងឺឆ្លងកូវីដ១៩។
ភាពឯកោពីសង្គមនិងការនៅតែឯងត្រមង់ត្រមោច ត្រូវបានគេមើលឃើញថាជាមូលហេតុនៃបញ្ហាសង្គមមួយចំនួន ដូចជាអត្តឃាត ភាពក្រីក្រនិងការមិនប្រាស្រ័យទាក់ទងក្នុងសង្គម។
តួលេខអង្កេតដំបូងៗបញ្ចេញដោយទីភ្នាក់ងារប៉ូលិសជាតិបានបង្ហាញថា មនុស្ស២០.៩១៩នាក់បានបញ្ចប់ជីវិតរបស់ពួកគេនៅឆ្នាំ២០២០ គឺកើនលើសឆ្នាំ២០១៩ចំនួន៧៥០នាក់។
ដោយមានការចូលរួមពីក្រសួងជាច្រើន រដ្ឋាភិបាលជប៉ុនក៏បានបង្កើតក្រុមការងារមួយកាលពីសប្តាហ៍មុន សំរាប់ដោះស្រាយបញ្ហានៅតែឯងឯកានិងស៊ើបរកផលប៉ះពាល់របស់វា ។
លោក តេតស៊ូស៊ី សាកាម៉ូតុ ដែលក៏ទទួលបន្ទុកដោះស្រាយអត្រាកំណើតទាបនិងធ្វើអោយសេដ្ឋកិច្ចតាមតំបន់មានសកម្មភាពឡើងវិញ បាននិយាយថាលោកសង្ឃឹមថានឹងធ្វើសកម្មភាពរារាំង ភាពឯកោសង្គម និងការនៅតែឯងព្រមទាំងការពារទំនាក់ទំនងរវាងមនុស្ស។
ទិន្នន័យបង្ហាញថា កាលពីខែតុលាឆ្នាំមុនជប៉ុនបានជួបការសម្លាប់ខ្លួនខ្ពស់ជាងការស្លាប់ដោយកូវីដ១៩នៅឆ្នាំ២០២០សរុបទាំងអស់។មនុស្ស២.១៥៣នាក់បានធ្វើអត្តឃាតនៅក្នុងខែតុលាតែមួយ នៅពេលជប៉ុនពេលនោះមានអ្នកស្លាប់ដោយកូវីដ១៩សរុបត្រឹមតែ ១.៧៦៥នាក់។
មកត្រឹមថ្ងៃ២២កុម្ភៈ ឆ្នាំ២០២១ មនុស្ស៧.៥៤១នាក់បានស្លាប់ដោយកូវីដ១៩នៅជប៉ុនចាប់តាំងពីជំងឺនេះចាប់ផ្តើមវាយប្រហារជប៉ុនកាលពីដើមឆ្នាំមុន តែវានៅទាបជាងឆ្ងាយពីចំនួនស្លាប់ដោយការធ្វើអត្តឃាតនៅឆ្នាំ២០២០៕
គេថាកំណើននៃការសម្លាប់ខ្លួននេះពាក់ព័ន្ធនឹងស្ត្រីនៅលីវកាន់តែច្រើននៅជប៉ុន ដែលមិនមានការងារឋិតថេរ។នៅខែតុលាឆ្នាំមុន ស្ត្រី៨៧៩នាក់បានស្លាប់ដោយការសម្លាប់ខ្លួនឯងនៅជប៉ុន គឺលើសចំនួនអត្តឃាតពេលដូចគ្នាកាលពីឆ្នាំ២០១៩ដល់ទៅ៧០ភាគរយ