Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញាធរមានសម...

អាជ្ញាធរមានសមត្ថកិច្ច ក្រុងប៉ោយប៉ែត ចុះផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្តនានា បន្ទាប់ពីនៅផ្គើន

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ មាននគរបាល កងរាជអាវុធហត្ថ កងទ័ព កាលពីល្ងាច និងរាត្រី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងបន្ថែម  ហើយក៏ចុះត្រួតពិនិត្យ និងដាក់បញ្ជាជាក់ស្តែង អោយម្ចាស់ ឬអ្នកទទួលខុសត្រូវ ត្រូវផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ ក្លិបកំសាន្ត  ឌីស្កូតែក បៀរហ្កាដិន) នានា នៅក្នុង និងក្រៅប្លុកកាសុីណូ ដែលនៅតែផ្គើន បើកដំណើរការ ធ្វើអាជីវកម្ម ពោលគឺ បានបំពានលើបម្រាមរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរដែនដី ។

លោក គាត ហ៊ុល អភិបាលក្រុុង និងជាប្រធានគណៈបញ្ជាការឯកភាព ក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖ ដោយអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកបានដឹកនាំ កងកម្លាំងទាំង ៣ ប្រភេទ បានចុះពិនិត្យគ្រប់ទីតាំង KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និង បៀរហ្កាឌិន) បានធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ផ្អាកបើកទទួលភ្ញៀវ មួយរយៈសិន តាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ ព្រមទាំងបានជូនលិខិត ណែនាំរបស់ក្រសួង ផងដែរ។

លោក គាត ហ៊ុល បានអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ 

សូមរំលឹកថា មកទល់រាត្រី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត នៅតែមានក្លិបកម្សាន្ត  ក្លិបឌីស្កូតែក  ខារ៉ាអូខេ បៀរហ្កាដិននានា នៅប្លុកកាសុីណូ និងនៅក្រៅប្លុកកាសុីណូ ដូចជាមានអភ័យឯកសិទ្ធិ ឬការការពារពិសេស   ព្រោះពួកគេមិនទាន់បិទ ឬផ្អាកសកម្មភាពនៅឡើយ ពោលគឺម្ចាស់ក្លិបទាំងនោះ ហាក់ដូចមើលរំលង អនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់ ក្រសួងទេសចរណ៍ នៅឡើយ  ក្នុងនោះ ក៏បានអនុញ្ញាត ឲ្យជនបរទេសចូលលេង គឺមានដូចជាជនជាតិ ចិន  ឥណ្ឌូណេសុី ម៉ាឡេសុី ថៃ …. និងក៏មានយុវជនខ្មែរ ផងដែរ ។

ក្លិបកម្សាន្តទាំងនោះ មានដូចជាៈ ក្លិបរេច (REC ជ្រកក្រោមស្លាក កាស៊ីណូ ក្រោន រីសត ) របស់កូនស្រី នៃលោក ឧកញ៉ា កុកអាន , ថាច់ដោន(Touch Down)  , ខារ៉ាអូខេ ខេវ័ន្ត (Karaoke K 1 )  មានថៅកែឈ្មោះ ជិន សៅ, ក្លិបខារ៉ាអូខេ បៀរហ្គាដិន អិចស្តារ ថៅកែជនជាតិចិន ។ ក្លិបទាំងនេះ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។

លោកកអភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹង កាលពីថ្ងៃទី២៣ ខែកុម្ភៈ នេះថាៈ បញ្ហាក្លិបកម្សាន្ត  ខារ៉ាអូខេ បៀរហ្គាដិន ផង ត្រូវមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានណែនាំផ្ទាល់ និងចេញសេចក្តីជូនដំណឹង ក៏បានអនុវត្តហើយ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular