Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​ដកចេញ​នូវបទបញ្ជា​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដឹកទំនិញ​កសិផល​ទៅ​លក់​នៅ​ប្រទេស​ថៃ​ដែល​ខុសពី​បទបញ្ជា​របស់​សម្តេច

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដកចេញ​នូវ​បទបញ្ជា ទាក់ទង​ការហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដឹកទំនិញ​ចូលទៅក្នុង​ប្រទេស​ថៃដើម្បី​សម្រួល​ដល់​ប្រជាជន​នៅតាម​ព្រំដែន​រកស៊ី​ធម្មតា ​។ ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន ប្រាប់​ទៅ​សម្តេច​ក្រឡាហោម ស ខេង និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៅពេលដែល​ចេញ​បញ្ជា​ណាមួយ​ទាក់ទង​នឹង​ព្រំដែន​សូមមេត្តា​ឱ្យ​សម្តេច​បានដឹង​ផង​ព្រោះ​សម្តេចទទួលខុសត្រូវ​ទៅលើ​បញ្ហា​កិច្ចការ​នយោបាយ​ក្នុងប្រទេស​នឹង​កិច្ចការ​នយោបាយ​ក្រៅប្រទេស ។

​នៅក្នុង​សារ​ជា​សម្លេង​ដែលមាន​រយៈពេល​ជាង ៦​នាទី​នា​រសៀល​ថ្ងៃទី ២៤ ខែ កុម្ភៈ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​កន្លងមក​សម្តេច​បាន​ចេញ​បទបញ្ជា ឲ្យ​មាន​ការបិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ និង ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​ដើម្បី​កុំ​ឲ្យ​ជំងឺ​ហូរ​ចូល​ពី​ខាងក្រៅ​មក​ក្នុងប្រទេស​។ តែ​សម្តេច​មិន បានចេញ​បទបញ្ជា​ហាម​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រម​ដែន​នោះទេ ។​

​ខាងក្រោម​គឺជា​សារ​សម្លេង​ទាំងស្រុង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៖

«​ជូន​ឯកឧត្តម លោកជំទាវ អភិបាលខេត្ត​នៅតាម​តំបន់​ព្រំដែន ទាំងអស់​ដែលមាន​ព្រំដែន​ជាប់​ជាមួយ​ថៃ ទាំង​ព្រំដែន​ជាមួយ​វៀតណាម ទាំង​ព្រំដែន​ជាមួយ​ឡាវ​ក៏ដូចជា​ស្ថា ប័ន​ដែលមាន​ការពាក់​ព័ន្ធ ។ កន្លងទៅ​យើង​បានធ្វើ​ការពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពង្រឹង​ការគ្រប់គ្រង​តែ​ការចេញចូល​របស់​ប្រជាជន ហើយ​យក​គោលដៅ​ច្បាស់លាស់​គឺ​ពង្រឹង ច​ត្តា​ឡី​ស័ក​នៅតាម​តំបន់​ព្រំដែន ដើម្បី​ជៀសវាង​ការហូរចូល​នៃ​ជំងឺ​ពី​ក្រៅប្រទេស​ចូលមកក្នុង​ប្រទេស ។ ប៉ុន្តែ​ចំពោះ​ការដឹក​ទំនិញ​រកស៊ី​រួមគ្នា​នៅតែ​បន្តធ្វើ​ធម្មតា ។ សុំ​ស្ដាប់ ខ្ញុំ​ឱ្យបាន​ច្បាស់​លើ​រឿងនេះ​ខ្ញុំ​ទើបបាន​ទទួលដំណឹង​ថា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានដាក់​បទបញ្ជា​ទៅតាម​ប៉ុស្តិ៍​នៅតាម​ព្រំដែន​ថៃ​ជាពិសេស​តំបន់​ច្រក​ប៉ៃលិន​ថា​មិន​ឲ្យ បងប្អូន​ខ្មែរ​យើង​ដឹក​កសិផល ដឹកទំនិញ​ទៅកាន់​ព្រំដែន​ថៃ​ដូច​កាលពីមុន​ទៀត​ទេ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ស្អែក ។ ក្នុងករណីនេះ​បែរជា​រថយន្ត​ថៃ​អាច​ចូលមក​ដឹកទំនិញ​ក្នុង ប្រទេស​របស់​យើង​វិញ​បាន ប្រសិនជា​យ៉ាង​ដូច្នេះ​ខ្ញុំ​សុំឱ្យ​ក្រសួងមហាផ្ទៃ​សម្ដេច​ក្រឡាហោម​សខេង ក៏ដូចជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដក​នូវ​បទបញ្ជា​នេះ​ចេញ​ដើម្បី សម្រួល​ដល់​ប្រជាជន​នៅតាម​ព្រំដែន​រកស៊ី​ធម្មតា ហើយ​មិន​ត្រឹមតែ​រកស៊ី​ធម្មតា​ទេ​ពេលនេះ​ជា​ខែ​ប្រមូល​ផល​ត្រូវ​ខំ​ជំរុញ​ឲ្យ​ប្រជាជន​អាច​នាំចេញ​កសិផល​ទៅ​ក្រៅ​បាន​កាន់ តែ​ច្រើន កាន់តែ​ល្អ មិនអាច​ខាង​ថៃ​អាច​ចូលមក​ដឹក​កសិផល​ពី​ខាង​កម្ពុជា​បាន ហើយ​កម្ពុជា​មិនអាច​ដឹក​កសិផល​ទៅខាង​ថៃ​បាន​នោះទេ ។ ជា មួយ​វៀតណាម​ក៏​ដូចគ្នា​ដែរ​។ ខ្ញុំ​សូមបញ្ជាក់​ឡើងវិញ​អ្វី​ដែលជា​គោលបំណង​របស់​យើង​គឺ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ដើម្បី​ការធ្វើ​ចិ​ត្តា​ឡី​ស័ក​ក៏ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៅតែ​ធ្វើ​ធម្មតា​។​ខ្ញុំ​សុំ​ឲ្យ​បណ្ដាខេត្ត​នៅតាម​ព្រំដែន​ទាំងអស់​យកចិត្តទុកដាក់​ទទួលខុសត្រូវ​ដើម្បី​នឹង​ចាត់វិធានការ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ប្រទេសជិតខាង​បាន​ហើយ​ដែលមាន ការជួយ​សម្រួល​ពី​អាជ្ញាធរ​របស់​យើង​ផង ។ កូ​វីដ​វា​បាន​បំផ្លាញ​យើង​ហើយ​មិនអាច​ឲ្យ​មានការ​បំផ្លាញ​ខាង​សេដ្ឋកិច្ច​បន្តទៀត​ទេ​ខ្ញុំ​សុំ​ស្នើឱ្យ​សម្ដេច​ក្រឡាហោម​បញ្ជាក់​ឲ្យ​ខ្ញុំ​តើអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានចេញ​បទបញ្ជា​បែបនេះ​តាម​កន្លែង​ណាខ្លះ​សូមបញ្ជាក់​ឲ្យ​មានការ​ដកចេញនៅ​បញ្ជា​នោះ​វិញ ទំ និញ​វា​មិនមាន​ជំងឺ​កូ​វីដ​នៅ​ជាមួយ​នោះទេ ទំនិញ​របស់​យើង​ដឹក​ចូលទៅ​ប្រទេស​ថៃ​ឬ​ដឹក​ចូលទៅ​ប្រទេស​វៀតណាម ឬ វៀតណាម​ដឹក​មក​កម្ពុជា ថៃ​ដឹក​មក​កម្ពុជា​វា​អត់​មាន​កូ​វីដ​នោះទេ ។ បញ្ហាសំខាន់​របស់​យើង​គឺ យើង​គ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក​តែប៉ុណ្ណោះ ។ អញ្ចឹងទេ​សុំ​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បង្កលក្ខណៈ​សម្បត្តិ​ឲ្យ ប្រជាពលរដ្ឋ​បានទទួល​ការរកស៊ី​នៅតាម​ព្រំដែន បង្កលក្ខណៈ​ឲ្យ​ការរកស៊ី​កាន់តែ​ធំ​ទៅ​ធំ​ទៅ ព្រោះ​ទីផ្សារ​របស់​យើង​ពឹងពាក់​ទៅលើ​ទីផ្សារ​ប្រទេសជិតខាង​ហ្នឹង​ក៏​ច្រើន​ហើយ មិត្ត​ភ​ក្កិ​ក៏មាន​ការពឹង​ពាក់​រក​ស៊ី​ចូលមក​យើង​ក៏​ច្រើន​យើង​ក៏​នាំ​ចេញទៅ​ប្រទេសជិតខាង​ក៏​ច្រើន​ដែរ ។ ដូច្នេះ​សូម​បន្ត​នូវ​បញ្ហា​នេះ​ឲ្យ​បានច្បាស់លាស់​ចៀសវាង​ការភាន់ច្រឡំ ។ ហើយ​ការចេញ​បញ្ជា​ណាមួយ​ទាក់ទង​នឹង​ព្រំដែន​សូមមេត្តា​ឱ្យ​ខ្ញុំ​បាន​ដឹងផង ព្រោះ​ខ្ញុំ​ទទួលខុសត្រូវ​ទៅលើ​បញ្ហា​កិច្ចការ​នយោបាយ​ក្នុងប្រទេស​នឹង​កិច្ចការ​នយោបាយ​ក្រៅ ប្រទេស ។ កន្លងទៅ​យើង​ក៏មាន​ការឆកល្វែង​ដែរ​មាន​ការចេញ​បទបញ្ជា​ទប់ស្កាត់​មិន​ឲ្យ​នាំចូល​ត្រី​ពី​ខាងក្រៅ​ប្រទេស​ដែល​អាច​ថា​ខុស​ទៅនឹង​បទដ្ឋាន​របស់​អង្គការ​ពាណិជ្ជ កម្ម​ពិភពលោក​និង​ក្រុម​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ដូចនេះ​យើង​បានធ្វើ​ការកែតម្រូវ​ទៅខាង​ក្រសួងកសិកម្ម​ជាមួយនឹង​ការហាមឃាត់​មិនឱ្យ​នាំ​ត្រី​នាំ​ត្រី​ចូល​ពី​ប្រទេស វៀតណាម ដែល​វា​អាចធ្វើអោយ​មាន​បញ្ហា ។ ថ្ងៃនេះ​ជា​រឿង​ដែល​ត្រូវ​ចាត់ការ​បន្ទាន់ ខ្ញុំ​ទទូច​ឱ្យ​ខេត្ត​នៅតាម​ព្រំដែន​យក​ការទទួលខុសត្រូវ ហើយ​សូមឱ្យ​រាយការន៍​ត្រង់​មក​ខ្ញុំ តែម្ដង​ប្រសិន​ជាមាន​បញ្ហា​ទាក់ទិន​នឹង​ភាពរអាក់រអួល​នៃ​ការធ្វើ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​កម្ពុជា​ថៃ​» ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular