ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ប្រភពពីប្រព័ន្ធយុត្តិធម៌បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃអង្គារទី២៣កុម្ភៈថា តារាភាពយន្តលំដាប់យក្សរបស់បារាំងលោក ជើរ៉ាត់ ដេប៉ាឌូ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងបៀតបៀនផ្លូវភេទ ដែលជាការចោទប្រកាន់ចុងក្រោយបំផុតប្រឆាំងជនល្បីៗនៅបារាំង។
លោកដេប៉ាឌូ ជាតារាសម្តែងដ៏ល្បីល្បាញបំផុតម្នាក់ក្នុងជំនាន់របស់គាត់ ត្រូវបានចោទប្រកាន់ពីបទរំលោភនិងវាយដំតារាសម្តែងស្រីម្នាក់ក្នុងវ័យខ្ទង់ ២០ ឆ្នាំប្លាយកាលពីឆ្នាំ ២០១៨ ។
ការស៊ើបអង្កេតដំបូងលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈប្រឆាំងនឹងបុរសអាយុ ៧២ ឆ្នាំរូបនេះត្រូវបានទម្លាក់ចោលក្នុងឆ្នាំ ២០១៩ ដោយសារគ្មានភស្តុតាង។
ប៉ុន្តែការស៊ើបអង្កេតត្រូវបានបើកឡើងវិញកាលពីរដូវក្តៅឆ្នាំមុន ដែលនាំឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋក្នុងខែធ្នូកន្លងទៅ នេះយោងតាមប្រភពតុលាការ។
តារាសម្តែងស្រីរូបនោះបានចោទប្រកាន់លោកដេប៉ាឌូថារំលោភនិងវាយធ្វើបាបនាងនៅផ្ទះរបស់គាត់នៅទីក្រុងប៉ារីសចំនួនពីរលើកដាច់ដោយឡែកពីគ្នានៅខែសីហាឆ្នាំ ២០១៨ ។
លោក អឺវី តេមីន មេធាវីរបស់លោកដេប៉ាឌូបានប្រាប់ AFP ថា តារាសម្តែង ដែលមានសេរីភាពប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ “បដិសេធរាល់ការចោទប្រកាន់”។
យោងតាមប្រភពជិតស្និទ្ធនឹងករណីនេះបានឱ្យដឹងថា លោកដេប៉ាឌូគឺជាមិត្តភក្តិរបស់ក្រុមគ្រួសារតារាស្រីរូបនោះ៕
លោក ជើរ៉ាត់ ដេប៉ាឌូ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងបៀតបៀនផ្លូវភេទកាលពីថ្ងៃអង្គារ