Home ព័ត៌មានជាតិ សន្តិសុខ ចូល​កាប់ និង​...

ចូល​កាប់ និង​ចាក់​សម្លាប់ មនុស្ស​ដល់​ក្នុងផ្ទះ​នៅ​ព្រែកលៀប​, វ៉ៃខ្នោះ​២​នាក់ និង​តាម​ចាប់ខ្លួន​៤​នាក់​ទៀត​

ដោយៈ​ណូ​រ៉ា​/​ភ្នំពេញៈ ជនសង្ស័យ​២​នាក់ ក្នុងចំណោម​០៦​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ហាញមុខ​នា​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ​២០២១ បន្ទាប់ពី​បាន​ចាប់ខ្លួន​ភ្លាម ក្រោយ​ពេលធ្វើ​សកម្មភាព ចូល​កាប់ និង​ចាក់​សម្លាប់ មនុស្ស​ដល់​ក្នុងផ្ទះ ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដែល​ផ្តើមចេញពី​ទំនាស់​ពាក្យសំដី​តូចតាច​។ ករណី​ឃាត​កម្មនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​មន្ត្រី​ដដែល​បន្តថា ក្រោយពេល​កើតហេតុ​ភ្លាមៗ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួមជា​មួយ​​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ប្រមាណ​០២​ម៉ោង ក៏​ឈានទៅដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​ជនដៃដល់​ក្នុងចំណោម បក្ខពួក​០៦​នាក់​។​

​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បានឱ្យដឹងថា ដំបូង​ឡើយ​នៅ​យប់កើតហេតុ ក្រុម​របស់​ពួកគេ​មាន​គ្នា​០៦​នាក់ បាន​បបួលគ្នា​ជិះ​ម៉ូតូ​ដើរលេង​ដោយមាន​ដាក់​ដាវ​និង​កាំបិត​ទៅជា​មួយ ម្នាក់​មួយ​ដើម​គ្រប់​ដៃ ។​លុះ​ជិះ​ដល់​កន្លែងកើតហេតុ ពួកគេ​បានឃើញ​ជនរងគ្រោះ​មួយក្រុម​កំពុង​ផឹកស៊ី​ចាក់ធុងបាស់ ។​

​ជនសង្ស័យ​បន្តថា ពេលនោះ​ពួកគេ​បាន​លើកដៃ​ហ៊ោ​ក​ញ្ច្រៀ​វ ស្រាប់​តែមាន​ជនរងគ្រោះ​ម្នាក់​បាន​ស្រែក​ដាក់​ពួកគេ​ថា «​ពួក​ហែង​មើល​អី​? ហើយ​ស្រែ​កអី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​!»​។ ភ្លាមនោះ​ពួកគេ​ទាំង​០៦​នាក់​បាន​ជិះ​ហួស​បន្តិច ក៏បាន​បត់​ម៉ូតូ​ត្រឡប់មក​ក្រោយ​វិញ ហើយ​សួរថា «​អម្បាញ់មិញ​ថាឱ្យ​ពី​ណា​គេ​? »​។​

​ជនសង្ស័យ​បន្តថា ពេលនោះ​ជនរងគ្រោះ​ម្នាក់​ក៏បាន​ស្រែក​មកវិញ​ថា «​ចុះ​ហែង​ចង់​យ៉ាងម៉េច​?» ក៏បង្ក​ឱ្យមាន​ជា​ទំនាស់​ពាក្យសំដី ហើយ​ពួកគេ​ក៏បាន​ទាញ​ដាវ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើមៗ​ចេញមក ធ្វើ​សកម្មភាព​កាប់​ចាក់ទៅលើ​ក្រុម​ជនរងគ្រោះ​តែម្តងទៅ​។

​ជនសង្ស័យ​ដដែល​បន្តទៀតថា ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចូលទៅ​ក្នុងផ្ទះ ពួកគេ​ក៏​ដេញតាម ទៅ​កាប់​និង​ចាក់​បន្ថែម​ដល់​ក្នុងផ្ទះ​បណ្តាលឱ្យ​ស្លាប់​និង​របួស ហើយ​ពួកគេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​តែម្តង​។

​ក្រោយមក​ពួកគេ​ចូលដល់​កន្លែង​ស្នាក់​នៅបាន​ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់​តែមាន​សមត្ថកិច្ច​បា​ន​តាម​ទៅដល់​និង​ធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួកគេ​ទាំង​០២​នាក់ រីឯ​អ្នក​ផ្សេងទៀត​បានដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាត់អស់​។​

​ជាមួយគ្នានេះដែរ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​អំពាវនាវ ចំពោះ​សាធារណៈជន​ទាំងឡាយណា ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​០៤​នាក់​ដែល​បាន​រត់គេចខ្លួន មានឈ្មោះ​ដូចខាងក្រោម ជនសង្ស័យ​ទី​១​ឈ្មោះ រិ​ទ្ធ ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rith Sky, ទី​២​ឈ្មោះ ក្រឹម ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រិត បង​រិត​, ទី​៣​ឈ្មោះ រ៉ា ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រ៉ា និង​អា​ខោ​មួយទៀត​ឈ្មោះ Bro Raa និង​ទី​៤​ឈ្មោះ មិត្ត ហៅ​អា​បង ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Fii Boy និង​អា​ខោ​មួយទៀត​ឈ្មោះ Gk Co​។​

​សូម​បងប្អូន​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ទូរស័ព្ទ​លេខ 012 383 383/012 66 77 98 /017 81 81 71 ឬ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular