ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះព្រះបរមរាជវាំងតាមរយៈបណ្តាញសង្គមមួយដែលស្និទនឹងខ្លួនបានធ្វើការផ្សព្វផ្សាយនូវ«វឌ្ឍនភាព អំពីការងារជួសជុល អភិរក្ស និងកែលម្អប្រាសាទចន្ទច្ឆាយា»។
ប្រភពដដែលបានឲ្យដឹងថាប្រាសាទចន្ទច្ឆាយាសម្ពោធនៅឆ្នាំ១៩១៣ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិដោយសម្ភារៈសំណង់សំខាន់នៃតួប្រាសាទផ្សំឡើងដោយគ្រឿងផ្គុំបេតុងសសៃដែកមានគ្រឹះសសរធ្នឹមនិងកម្រាលបេតុង។សំណង់នេះមានជញ្ជាំងខណ្ឌនិងជាជញ្ជាំងទ្របន្ទុកត្រង់អ័ក្សសសរ F និង I ។
ប្រភពដដែលបានបន្តថា សម្រាប់គ្រឿងឈើ មាននៅលើគ្រោងដំបូលដូចជា ផ្ទោង និងដៃរណែងប្រក់ដោយក្បឿងដីដុតមានពណ៌លឿង ខៀវ និងបៃតង ដោយឡែកថ្នាំពណ៌គូសគំនូរ វិញ ជាប្រភេទក្រមួនលាយជ័រឈើ គូសលើក្រណាត់ក្រចៅ(Canvas) បិទផ្ទាល់លើពិតាន ។
ប្រភពដដែលក៏បានរាយការណ៍អំពីការខូចខាតផងដែរដោយលើកឡើងថាដោយសារអគារឈរលើល្បាយដីភក់អាចនៅក្បែរទឹកទន្លេវាអាចមានចលនាបំរែបំរួលនីវ៉ូតិចតួចទៅតាមរដូវកាលនៃកំពស់ទន្លេ។កន្លងមកអគារនេះតែងតែមានការលិចទឹកជ្រាបចូលក្នុងជណ្តើរក្រោមដី ជញ្ជាំងខណ្ឌមានសំណើម និងមានស្នាមប្រេះត្រង់ជញ្ជាំងទ្រទំងន់ ។
ប្រភពដដែលបានបន្តថាសត្វព្រាបនិងប្រចៀវក៏ជាប្រភពនៃការខូចខាតរបស់សំណងនេះ។ប្រភពដដែលបានលើកឡើងថាការមករស់នៅក្នុងប្រាសាទ របស់សត្វព្រាប និងសត្វប្រចៀវបង្កើតជាលាមកសម្រាមរួមផ្សំនិងទឹកភ្លៀងបង្កជាអាស៊ីតធ្វើឲ្យពុកផុយបេតុងបាយអបូក ក្បាច់លម្អផ្សេងៗ គំនូរ ថ្នាំពណ៌…។
ប្រភពដដែលបានបន្តថា ក្រៅពីនោះ អាយុកាលនៃសម្ភារៈសំណង់ក៏ជាប្រភពនាំឲ្យបាត់បង់គុណភាពបេតុង ក្បឿងកាវបិទក្រណាត់គំនូរ នឹងពិតាន ព្រមទាំងគុណភាពក្រណាត់គំនូរផងដែរ។
ដោយសារបញ្ហានេះប្រភពដដែលក៏បានបង្ហាញនូវគម្រោងការងារជួសជុលដោយក្រុមការងារបានជីកល្បាយដីភក់ដកចេញបង្ហាប់ដោយថ្ម ខ្សាច់និងពង្រឹងទីតាំងដែលមានបញ្ហារួចចងដែកចាក់កម្រាលបេតុងទៅវិញរួចរាល់១០០%។ ចំពោះការងារជួសជុលរចនាសម្ព័ន្ធបេតុង សសរធ្នឹមនិងពិតានជាន់ផ្ទាល់ដីរួចរាល់១០០%។ការងារជួសជុលស្នាមប្រេះនិងពង្រឹងបេតុងកម្រាលធ្នឹមពិតានជាន់ទីមួយនិងដំបូលបាន១០០%។ កំពុងបន្តរៀបចំប្រព័ន្ធបង្ហូរទឹកភ្លៀងជាន់ទីមួយ និងលាបថ្នាំការពារជម្រាបទឹកជាន់ដំបូល។ ចំណែកការងារតម្លើងគ្រោងដំបូលឈើ ផ្ទោង ដៃរណែងបានចប់រួចរាល់ រងចាំក្បឿងដែលកំពុងផលិត ។ ការងារដំឡើងក្បាច់លម្អផ្សេងៗដូចជាបង្កាន់ដៃ រងស្បូវ ដងក្តារ ជហ្វា និងក្បាច់លម្អបុស្បុកទាំង៧ថ្នាក់បានរួចរាល់១០០%។
ប្រភពដដែលបានបន្តថាដោយឡែកការងារជួសជុលគំនូរត្រូវរងចាំក្រុមជំនាញជួសជុលគំនូរមកពីប្រទេសបារាំងអំឡុងខែមិថុនាខាងមុខ ប៉ុន្តែអាចនឹងមានការកែប្រែពេលវេលា ដោយសារបញ្ហាកូវិត១៩ )។
ប្រភពដដែលបានបញ្ជាកា់ថា សរុបមកប្រាសាទចន្ទច្ឆាយាឆ្នាំ២០១៩-២០២០ បានប្រមាណ៦៧%នៃការងារសរុបទាំងមូលហើយ ៕.mara