Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​មក​ទស្សនកិច្ច​ថៃ និង​ជា​ដំណើរ​ក្រៅប្រទេស​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា បាន​មក​ទស្សនកិច្ច​ថៃ​កាលពី​ថ្ងៃ​ពុធ នេះ​បើ​តាម​ប្រភព​រដ្ឋាភិបាល ។​វា​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​មន្ត្រី​នៃ​របប​យោធា​​ចាប់តាំងពី​រដ្ឋប្រហារ​នៅ​ដើមខែ​នេះ​។​

​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីមី​យ៉ាន់​ម៉ានេះ​កើត​ឡើង​នៅ​ពេល​ឥណ្ឌូនេស៊ី​ជំរុញ​អោយ​មាន​កិច្ចប្រជុំ​ពិសេស​មួយ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដើម្បី​ពិភាក្សា​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា​។​

​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ស្រង់​ប្រភពព័ត៌មាន​ដែលថា រដ្ឋមន្ត្រី​ការបរទេស​ថៃ ដន ប្រា​មុត​វី​ណាយ ត្រូវ​រំពឹងថា​នឹង​ជួបពិភាក្សា​ត្រីភាគី​ជា​មួយ​លោក វុន​ណា មួង ល្វីន និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េ​តណូ ម៉ា​ស៊ូ​ឌី ដែល​ក៏​កំពុងស្ថិត​នៅ​ប្រទេស​ថៃ​។​រដ្ឋមន្ត្រី​ថៃ​និង​មី​យ៉ាន់​ម៉ា បាន​ជួបគ្នា​រួចហើយ​។​

​លោក វុន​ណា មួង ល្វីន ត្រូវបាន​យោធា​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ជំនួស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​កំពុង​ជាប់​ឃុំ ក្រោយ​រដ្ឋប្រហារ​។​

​ការបណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​បាន​បង្ក​បាតុកម្ម​រាល់ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដោយ​ពួក​បាតុករ​ទាមទារ​អោយ​ដោះលែង​លោក​ស្រី​ស៊ូ​ជី​និង​អ្នក​ត្រូវ​ចាប់ខ្លួន​ដទៃទៀត ហើយ​ស្តារ​រដ្ឋាភិបាល​ស៊ីវិល​​ឡើងវិញ​។​

​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ពុធ បាន​និយាយថា​ខ្លួន​បាន​ពិភាក្សា​ជាមួយ​ភាគី​ទាំងពីរ​ក្នុង​វិបត្តិ​នយោបាយ​មី​យ៉ាន់​ម៉ា និង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាច​ជួយ​រក​ដំណោះស្រាយ​មួយ តែ​លោក​ស្រី​មិន​មាន​ផែន​​ការ​ទៅ​ទស្សនកិច្ច​មី​យ៉ាន់​ម៉ា​ឆាប់ៗ​នេះ​ទេ ទោះ​ជា​ឯកសារ​លិច​ធ្លាយ​មួយ​បង្ហាញ​ថា លោកស្រី​អាច​ទៅ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កុម្ភៈ​៕

​គេ​ថា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​មី​យ៉ាន់​ម៉ា បាន​មក​ដល់​ថៃ​និង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ​រួចហើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular