ដោយៈ សរិទ្ធ / ភ្នំពេញៈ យុវជន២នាក់ ក្នុងចំណោម ៦នាក់ ដែលចូលទៅកាប់ចាក់ សម្លាប់មនុស្ស ដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនមកសាលាដំបូង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមមច្បាប់។
យុវជន ២ នាក់នេះ ឈ្មោះ ពេជ្រ ប៉ី អាយុ១៧ឆ្នាំ នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងឈ្មោះ រុន សុភាក់ អាយុ ១៨ឆ្នាំ មានទីលំនៅ បុរីភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ ៤ នាក់ទៀត បានកំពុងរត់គេចខ្លួន។
គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមជនដៃដល់ ចំនួន៦នាក់ បានចូលទៅកាប់ចាក់ ក្នុងវង់ផឹកស៊ីមួយ បណ្តាលឲ្យជនរងគ្រោះម្នាក់ ស្លាប់ និង ២នាក់ ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងជំនាញ នៃការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុភ្លាម និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមាណ ២ ម៉ោង ក៏ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៣ នាក់ (ក្នុងនោះ ២ នាក់ គឺជាជនដៃដល់ ក្នុងចំណោមបក្ខពួក ៦នាក់ និងម្នាក់ទៀត ត្រូវបានជនដៃដល់ យកដាវទៅផ្ញើ ក្នុងបន្ទប់ តែមានសារធាតុញៀន ត្រូវសមត្ថកិច្ច បញ្ជូនទៅមណ្ឌលអប់រំ មិនបញ្ជូនមកតុលាការទេ) នៅដីទំនេមួយកន្លែង ដែលសង់ឱ្យកម្មករ ស្នាក់នៅ ជាប់ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ ជនសង្ស័យ បានឲ្យដឹងថាៈ ដំបូងឡើយ នៅយប់កើតហេតុ ក្រុមរបស់ពួកគេ មានគ្នា ៦ នាក់ បានបបួលគ្នាជិះម៉ូតូ ដើរលេង ដោយមានដាក់ដាវ និងកាំបិត ទៅជាមួយ ម្នាក់មួយដើម គ្រប់ដៃ លុះជិះដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះ មួយក្រុម កំពុងផឹកស៊ី ចាក់ធុងបាស់ ពេលនោះ ពួកគេបានលើកដៃ ហ៊ោកញ្ជ្រៀវ ស្រាប់តែមានជនរងគ្រោះម្នាក់ បានស្រែកដាក់ពួកគេថា ពួកហែងមើលអី ហើយស្រែកអី ក្បាលមួយស្បែកជើង ឥឡូវហើយ! ភ្លាមនោះ ពួកគេទាំង ៦នាក់ បានជិះហួសបន្តិច ក៏បានបត់ម៉ូតូ ត្រឡប់មកក្រោយវិញ ហើយសួរថា អម្បាញ់មិញ ថាឲ្យពីណាគេ? ពេលនោះ ជនរងគ្រោះម្នាក់ ក៏បានស្រែកមកវិញថា ចុះហែង ចង់យ៉ាងម៉េច? ក៏បង្ករឲ្យមានជាទំនាស់ ពាក្យសម្តី ហើយពួកគេ ក៏បានទាញដាវ ដែលសៀតជាប់ជើង ម្នាក់មួយដើមៗ ចេញមក ធ្វើសកម្មភាព កាប់ចាក់ទៅលើក្រុមជនរងគ្រោះតែម្តង។ ពេលនោះ ជនរងគ្រោះ បានរត់ចូលទៅក្នុងផ្ទះ ពួកគេ ក៏ដេញតាម ទៅកាប់ និងចាក់បន្ថែម ដល់ក្នុងផ្ទះ បណ្តាលឲ្យស្លាប់ និងរបួស ហើយពួកគេ ក៏ឡើងជិះម៉ូតូ ចេញពីកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ ពួកគេចូលដល់កន្លែងស្នាក់នៅ បានប្រហែលមួយម៉ោង ក៏ស្រាប់តែមានសមត្ថកិច្ច បានតាមទៅដល់ និងធ្វើការឡោមព័ន្ធ ចាប់ខ្លួនពួកគេបាន ៣ នាក់។ រីឯអ្នកផ្សេងទៀត ដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់អស់។
ជាមួយគ្នានេះដែរ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ក៏សូមអំពាវនាវ ចំពោះសាធារណជន ទាំងឡាយណា ដែលបានឃើញ ឬស្គាល់ ឬមានដំណឹង របស់ជនសង្ស័យ ៤នាក់ ដែលបានរត់គេចខ្លួននោះ ៕/V