ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យខាងជំនាញពាក់ព័ន្ធចុះទៅពិនិត្យសិក្សាមើលបំណែកយន្តហោះដ៏ធំមួយគ្រឿង ដែលស្ថិតនៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យដឹងការពិតថា តើយន្តហោះនោះធ្លាក់នៅក្នុងសម័យណា?
ការបញ្ជាឲ្យខាងជំនាញចុះទៅពិនិត្យមើលយន្តហោះ ដែលធ្លាក់នៅក្នុងព្រៃជាយូរឆ្នាំមកហើយនេះ គឺបន្ទាប់ពីព្រះសង្ឃមួយក្រុមបាននិមន្តចូលទៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ហើយក៏បានប្រទះឃើញបំណែកយន្តនោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅយប់ថ្ងៃទី២៤ ខែកុម្ភៈ នេះថា សម្តេចបានឲ្យខាងជំនាញពាក់ព័ន្ធចុះទៅពិនិត្យសិក្សាមើលដោយផ្ទាល់នៅកន្លែងយន្តហោះដែលធ្លាក់នៅក្នុងព្រៃនោះ។ ដោយសម្តេចបានបញ្ជាក់ថា “ខ្ញុំកំពុងតែចាត់ការហើយ ព័ត៍មាននេះ គឺជាព័ត៍មានមួយយើងចាំបាច់ណាស់ គឺត្រូវតែទៅមើលផ្ទាល់ ទៅសិក្សាមើល ព្រោះនេះវាជាស្នាកស្នាមមួយដ៏សំខាន់ណាស់ ហើយយើងអាចរកឃើញរឿងរ៉ាវដ៏ច្រើនទៀត”។
បើតាមព្រះសង្ឃដែលបានឃើញយន្តហោះបានមានដីកាថា “នេះជាយន្តហោះធ្លាក់ឡើងបែកខ្ទេចតែម្តង នៅខ្នងភ្នំឱរ៉ាល់ពីខាងលិចឆៀងខាងត្បូង។ ធំមែនទែន ប្រហែលជាធ្លាក់យូរឆ្នាំហើយ មិនដឹងជាធ្លាក់នៅឆ្នាំណាទេ…”៕សរន