Home ព័ត៌មានអន្តរជាតិ អាម៉េរិក​និង​...

អាម៉េរិក​និង​អង្គការ​សិទ្ធិមនុស្ស​រិះគន់​ម៉ាឡេស៊ី​ចំពោះ​ការបញ្ជូន​ជន​មី​យ៉ាន់​ម៉ា​ជាង​មួយ​ពាន់​នាក់​ឱ្យ​ទៅ​របប​យោធា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កុម្ភៈ​បាន​ដឹកនាំ​ការរិះគន់​ទៅលើ​ប្រទេស​ម៉ាឡេស៊ី​ចំពោះ​ការបញ្ជូន​ជនជាតិ​មី​យ៉ាន់​ម៉ា​ជាង ១.០០០​នាក់​ត្រឡប់​ទៅកាន់​ប្រទេស​​ដែល​គ្រប់គ្រង​ដោយ​យោធា​របស់​ពួក​គេ​វិញ ដោយ​ផ្គើន​ទៅ​នឹង​សេចក្តី​បង្គាប់​របស់​តុលាការ​។​

​ជន​ចំណាកស្រុក ដែល​សកម្មជន​និយាយថា​រួម​មាន​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ងាយ​រងគ្រោះ​ផង​នោះ បាន​ចាកចេញ​កាលពី​ថ្ងៃ​អង្គារ​តាម​នាវា​កងទ័ពជើងទឹក​មី​យ៉ាន់​ម៉ា​ពី​មូលដ្ឋាន​យោធា​ម៉ាឡេស៊ី គឺ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​រដ្ឋប្រហា​រ​។​

​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​នេះ ហើយ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​និរទេស​ចេញ​នេះ​តុលាការ​កំពូល​ក្រុង​គូ​ឡា​ឡាំ​ពួបាន​បង្គាប់​ឱ្យ​បញ្ឈប់​ការ​និរទេស​នេះ​ជា​បណ្តោះអាសន្ន​​ដើម្បី​អនុញ្ញាត​ឱ្យមាន​តស៊ូ​ផ្នែក​ច្បាប់​ពី​ក្រុម​សកម្មជន​។​

​សហរដ្ឋ​អាម៉េរិក ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ចូ បៃ​ដិន បាន​បង្កើន​ការទទួលយក​ជនភៀសខ្លួន​និង​ស្វែងរក​ការដាក់​សម្ពាធ​ដើម្បី​ក្រឡាស់​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា បាន​និយាយថា ខ្លួន​មាន​ការព្រួយបារម្ភ​ចំពោះ​ចំណាត់ការ​របស់​ម៉ាឡេស៊ី ដែល​វ៉ាស៊ីនតោន​មាន​ទំនាក់ទំនង​មិត្តភាព​ល្អ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ណេ​ត ប្រា​យ បាន​និយាយថា​យោធា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ក្នុង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ប្រឆាំងនឹង​សមាជិក​នៃ​ក្រុម​សាសនា​​និង​ជនជាតិភាគតិច​។​

​លោក​ប្រាយ​បាន​កត់សម្គាល់​ថា​ម៉ាឡេស៊ី​បាន​បន្ត​ជំរុញ​ទៅមុខ​បើទោះបីជា​មាន​សេចក្តី​បង្គាប់​របស់​តុលាការ​ម៉ាឡេស៊ី​ដែល​រារាំង​ការ​និរទេស​ពួកគេ​និង​ចំ​ពេល​កំពុង​មាន​ភាពចលាចល​នៅក្នុង​ប្រទេស​ភូមា ដែល​បាន​កើតឡើង​ចាប់តាំងពី​រដ្ឋប្រហារ​។​

​លោក​ប្រាយ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​និយាយ​សំដៅ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​យ៉ាង​ដូច្នេះ​ថា “​យើង​បន្ត​ជំរុញ​ប្រទេស​ទាំងអស់​ក្នុង​តំបន់​ដែល​កំពុង​គិត​ពិចារណា​អំពី​ការបញ្ជូន​ជន​ចំណាកស្រុក​ភូមា​ត្រឡប់​ទៅ​ភូមា​វិញ សូម​បញ្ឈប់​ការធ្វើ​មាតុភូមិនិវត្តន៍​ជន​ទាំងនោះ​រហូត​ដល់​អង្គកា​រ UNHCR អាច​វាយតម្លៃ​ថា​តើ​ជន​ចំណាកស្រុក​ទាំងនេះ​មាន​ការការពារ​ឬ​អត់​”​។​

​ក្រុមមន្ត្រី​មិន​បាន​ផ្តល់​ការពន្យល់​អំពី​មូលហេតុ​ដែល​ពួកគេ​មិន​អើពើ​នឹង​សេចក្តី​បង្គាប់​របស់​តុលាការ​និង​បញ្ជូន​ជន​ចំណាកស្រុក​ចំនួន ១.០៨៦ នាក់​ត្រឡប់​ទៅ​វិញ​នោះ​ទេ​៕

​ជន​ចំណាកស្រុក​ភូមា ១.០៨៦ នាក់​ត្រូវបាន​ម៉ាឡេស៊ី​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​តាម​វា​នា​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular