ប្រែសម្រួលៈវាសនា/ប៉េកាំង៖ប្រធានាធិបតីចិនលោកស៊ី ជីនភីង កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស«ជោគជ័យទាំងស្រុង» នៅក្នុងយុទ្ធនាការកំចាត់ភាពក្រីក្រ។
លោកស៊ី បានធ្វើការប្រកាសដូច្នេះក្នុងពេលចូលរួមពិធីមួយដើម្បីកត់សំគាល់សមិទ្ធផលរបស់ចិននៅក្នុងការលុបបំបាត់ភាគក្រីក្រ និងចាប់ផ្តើមដើរតួជាគំរូ។
ក្នុងពិធីលោកស៊ីបានប្រគល់រង្វាន់ដល់បុគ្គលពាក់ព័ន្ធក្នុងយុទ្ធនាការនេះ។ព្រឹត្តិការណ៍នៅមហាសាលប្រជាជនក្នុងក្រុងប៉េកាំង ត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទៅកាន់ប្រជាជាតិចិនដែលមានប្រជាពលរដ្ឋ១,៤ពាន់លាននាក់។
បុគ្គលឆ្នើមទទួលបណ្ណសរសើរសំរាប់ការងាររបស់គេក្នុងយុទ្ធនាការបំបាត់ភាពក្រីក្រ
លោកស៊ីបានចាត់ទុកការប្រយុទ្ធប្រឆាំងភាពក្រីក្រជាគោលដៅចម្បងមួយរបស់លោក ចាប់តាំងពីក្លាយជាមេដឹកនាំបក្សកុំម្មុយនីស្តនៅចុងឆ្នាំ២០១២។គណបក្សត្រូវគេរំពឹងថានឹងប្រកាសជោគជ័យនេះថាជាមធ្យោបាយមួយនៅក្នុងការស្ថាបនាសង្គមដ៏សំបូរសប្បាយមួយ ដែលនឹងលើកស្ទួយកំរិតជីវភាពរបស់ប្រជាជននិងភាពស្របច្បាប់របស់ខ្លួន។
លោកស៊ីក៏ជាបុគ្គលដែលត្រូវបានរំលេចនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នាមួយកាលពីខែកញ្ញាឆ្នាំមុន នៅពេលលោកបានអបអរជោគជ័យរបស់ចិននៅក្នុងការដោះស្រាយជំងឺឆ្លងកូវីដ១៩។
អាណត្តិទី២របស់ស៊ី ជាប្រធានបក្សត្រូវផុតនៅឆ្នាំក្រោយ តែលោកត្រូវគេរំពឹងជាទូទៅថានឹងបន្តនៅក្នុងមុខតំណែងនេះក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០១៨ ដែលអនុញ្ញាតអោយលោកអាចបន្តនៅក្នុងមុខតំណែងដ៏មានឥទ្ធិពលនេះសំរាប់អាណត្តិទី៣។
កាសែតThe People’s Daily ដែលជាម៉ាស៊ីនឃោសនារបស់បក្ស កាលពីថ្ងៃពុធបានចុះផ្សាយអត្ថបទ៣ទំព័ររួមមានអក្សរ២២.០០០មួយ ដោយសង្ខេបបទបញ្ជាកាត់បន្ថយភាពក្រីក្រដែលលោកស៊ី បានចេញចាប់តាំងពីលោកចូលកាន់អំណាចមក។កាសែតបាននិយាយថា« កិច្ចខិតខំរបស់លោកស៊ី សំរេចបានជោគជ័យធំធេង និងបានចូលរួមចំណែកដ៏ធំមួយចំពោះវឌ្ឍនភាពសកល»។
ចិនកាលពីឆ្នាំមុន បានបង្កើនខ្សែបន្ទាត់ភាពក្រីក្រផ្លូវការសំរាប់ប្រជាជនរបស់ខ្លួនដល់៤.០០០យ័ន(៦២០ដុល្លារ)ក្នុង១ឆ្នាំ ដោយកើនពី២.៦២៥យ័ន នៅឆ្នាំ២០១២ នេះបើតាមសារព័ត៌មានស៊ីនហួរ។ចំនួននេះវាហួសខ្សែបន្ទាត់ក្រីក្រកំណត់ដោយធនាគារពិភពលោកនិងអង្គការOECD៕
ប្រធានាធិបតីចិន ស៊ី ជីនភីង ចាប់ទុកជោគជ័យនេះជាអព្ភូតហេតុមួយ