ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លំដាប់កំពូលទី២របស់អឺរ៉ុប Europa League ថ្ងៃព្រហស្បតិ៍នេះឈានចូលវគ្គ ៣២ ក្រុមចុងក្រោយ ឬ ១/១៦ ជើងទីពីរ ប៉ុន្តែយើងលើកយកតែ ៣ គូមកវិភាគដូចខាងក្រោម។
– Man U vs Sociedad
បិសាចក្រហមជាក្រុមល្អដាច់គេទីពីរបន្ទាប់ពីគូប្រជែង City នៅលីកកំពូលរបស់អង់គ្លេស។ ប៉ុន្តែក្តីសង្ឃឹមប្រជែងយកពាន EPL ហាក់របូតពីដៃពួកគេទៅហើយ ដូច្នេះនៅសល់ក្តីសង្ឃឹមតែមួយគត់ទៅលើពាន Europa League នេះឯង។
បិសាចក្រហមអន្ទះអន្ទែងចង់បានពានអឺរ៉ុបមួយបន្ថែមទៀត ជាពិសេសក្រោយពេលហង្សក្រហម Liverpool បានឈ្នះពាន CL ទី៦ រដូវកាលមុន។
ថ្ងៃព្រហស្បតិ៍នេះ ពួកគេស្ថិតក្នុងសេណារីយ៉ូគួរជាទីរំពឹងបំផុត ដោយសារឈ្នះជើងទីមួយភ្លូកទឹកភ្លូកដី (៤-០) ហើយឈ្នះក្រៅទឹកដីទៀត។
ទន្ទឹមនេះ ក្រុម Sociedad កំពុងលេងឡើងចុះមិនថេរទេនិងឈរនៅលេខ៥នៅលីកកំពូលអេស្ប៉ាញ ហើយលេងក្រៅទឹកដីយ៉ាប់តាំងពីដើមរដូវកាលមកម្ល៉េះ។ ហើយមួយវិញទៀត ពួកគេមានប្រវត្តិមហាសែនយ៉ាប់ពេលប៉ះបិសាចក្រហមនាពេលកន្លងទៅ។
យើងរំពឹងបិសាចក្រហមឈ្នះយ៉ាងតិច ២ គ្រាប់នៅជើងទី២នេះ។
– Leicester vs Slavia Praha
ក្រុមកញ្ជ្រោងខៀវជាក្រុមកំពុងឡើងជើងខ្លាំងបំផុតមួយនៅអង់គ្លេស និងជាអតីតម្ចាស់ជើងឯក EPL ផងដែរ។ និយាយរួម សព្វថ្ងៃពួកគេមានកម្រិតលេងសឹងតែស្មើក្រុមល្អដាច់គេមួយចំនួននៅលើពិភពលោក ហើយច្បាស់ណាស់ពួកគេប្តេជ្ញាចិត្តលេងឱ្យបានដល់វគ្គជ្រៅៗនៅក្នុង EL។
ថ្ងៃនេះពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Slavia Praha មកពីលីកកំពូលឆែក ដែលមានកម្រិតលេងទាបជាង EPL ឆ្ងាយណាស់។ មួយវិញទៀត Slavia Praha មិនដែលឈ្នះក្រុមមកពីអង់គ្លេសម្តងណាឡើយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ដោយហេតុនេះហើយយើងរំពឹង Leceister ឈ្នះនៅកីឡដ្ឋាន King Power Stadium របស់ខ្លួនយ៉ាងហោច១គ្រាប់ដែរ។
– Arsenal vs Benfica
កីឡដ្ឋាន Stadio Georgios Karaiskaki របស់ក្រុមគីឡូយក្សក្រិក Olympiacos នឹងត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតរវាង Arsenal និង Benfica យប់ថ្ងៃព្រហស្បតិ៍នេះ។ កាល៧ថ្ងៃមុនលេងនៅទីក្រុងរ៉ូមរបស់អ៊ីតាលី កាំភ្លើងធំជាក្រុមល្អជាង Benfica ប៉ុន្តែស៊យត្រូវបានក្រុមព័រទុយហ្គាល់តាម ១-១ នៅចុងម៉ោង។
អ្នកចាត់ការទូទៅ មីគែល អាតិតា មានមហិច្ឆតាធំចង់បានពាន EL នេះ ព្រោះដឹងថាកាំភ្លើងធំគ្មានសមត្ថភាពប្រជែងបានចំណាត់ថ្នាក់កំពូលទាំង ៤ នៅ EPL នោះទេ។
កាំភ្លើងធំឈរនៅលេខ១០ និងមាន៧ពិន្ទុតាមពីក្រោយលេខ៤ West Ham ដោយសល់ត្រឹម ១៣ ប្រកួតទៀតនឹងចប់រដូវកាល។ ដំណឹងល្អសម្រាប់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះគឺថា ទម្រង់លេងរបស់ Arsenal កំពុងមានភាពល្អប្រសើរជាងមុននៅប៉ុន្មានសប្តាហ៍ចុងក្រោយ។ ម្ចាស់ផ្ទះខ្ចីទឹកដីគេមួយនេះរំពឹងឈ្នះ Benfica បន្តឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ៕
តារាងការប្រកួតលីកអឺរ៉ុបពាក់កណ្តាលសប្តាហ៍ ៖