Home ព័ត៌មានសំខាន់ៗ ករណី​មេ​គយ​ចល...

ករណី​មេ​គយ​ចល័ត​ក្រសួង​តំបន់​៥​មិន​ថយក្រោយ , អធិការកិច្ច​ចុះ​ចប់​រង់ចាំ​ថ្នាក់លើ​សម្រេច

ដោយ​:​ប​.​ជ័យ / បន្ទាយមានជ័យ​: ករណី​លោក ឈួន សោភា ប្រធាន​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឬ​គេ​ស្គាល់​ថា​គយ​ចល័ត​ក្រសួង​តំបន់​៥​ប្រចាំខេត្ត​បន្ទាយមានជ័យ​នេះ​មិនអាច​ថយក្រោយ​ទេ​។​ទោះ​ក្នុងអំឡុង​ក្រុមអធិការកិច្ច​ចម្រុះ​ចុះ​អធិការកិច្ច ហើយ​តែងតាំង​អនុប្រធាន​នៅនឹងកន្លែង​ម្នាក់​ឲ្យ​ទទួល​ស្តីទី ក៏​ទីបំផុត​អតីត​ប្រធាន​រូបនេះ មិនអាច​នឹង​បាន​វិល​មក​ធ្វើ​ប្រធាន​វិញ​ដែរ ព្រោះ​លោក​និង​មន្ត្រី​ខ្លះ​មាន​ក្លិន​មិនល្អ​។​

រូបថតៈលោក ឈួន សោភា ប្រធាន​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឬ​គេ​ស្គាល់​ថា​គយ​ចល័ត​ក្រសួង​តំបន់​៥​ប្រចាំខេត្ត​បន្ទាយមានជ័យ(រូបឯកសារ)

​ប្រភពព័ត៌មាន​ពី​អង្គភាព​គយ​ចល័ត​ក្រសួង​នេះ​និង​ពី​ក្រុមអធិការកិច្ច​ឲ្យ​ដឹង​ថ្ងៃទី​២៥​ខែកុម្ភៈ​ថា​ក្រុមអធិការកិច្ច​ទាំងពីរ​ក្រុម​ធំ​បាន​ចុះ​ធ្វើ​អធិការកិច្ច​ចប់សព្វគ្រប់​ហើយ​លើ​ករណី​លោក ឈួន សោភា មេ​និង​មន្ត្រី​គយ​ចល័ត​ក្រសួង​តំបន់​៥ ប្រចាំខេត្ត​បន្ទាយមានជ័យ​។​មកទល់ ពេលនេះ​រង់ចាំតែ​ថ្នាក់លើ​ពិនិត្យ​កំណត់ហេតុ​និង​របាយការណ៍​ដើម្បី​សម្រេច​ប៉ុណ្ណោះ ។​

​ក្នុងពេល​ដំណាលគ្នា​នេះ​មានការ​សម្រួល​បន្ធូរ​ភាព​តានតឹង​មួយ​ដោយ​អង្គភាព​គយ​បាន​បង្ហើប​ឲ្យ​មន្ត្រី​យោធា​សរសេរ​ពាក្យ​ទៅ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ស្នើសុំ​ឡាន​តូយ៉ូតា​ពីរ​បាំង​ដែលជា​របស់​យុទ្ធជន​ធ្វើអត្តឃាត​ព្រោះ​បាក់​ទឹក​ចិត្តនឹង​មន្ត្រី​គយ​ចល័ត​ក្រសួង​ចាប់​ឡាន​នោះ​ដើម្បី​យកទៅ​ប្រើប្រាស់់​ក្នុង​អង្គភាព ។​

​សូម​រំលឹកថា ការចុះ​ធ្វើ​អធិការកិច្ច​នេះ​បាន​ធ្វើឡើង​ក្រោយពេល​លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័យ អាយុ​៣៣​ឆ្នាំ​យុទ្ធជន​នៃ​កងការពារ ព្រំដែន​លេខ​៥០៣​ចំណុះ​យោធភូមិភាគ​៥​បានធ្វើ​អត្តឃាត​ចងក​កាលពី​ថ្ងៃ​ពុធ​ទី​១០​ខែកុម្ភៈ​នៅ​ដី​ចាំ​ស្រែ​កន្លែង​នា​ភូមិ​សាលា​ក្រហម​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​សព​ត្រូវបានធ្វើ​ពិធីបុណ្យ​នៅ​គេហដ្ឋាន​ម្តាយ​ស្ថិតនៅ​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​ពេលនោះ​ក៏មាន​លោក​វេជ្ជបណ្ឌិត​អ៊ុយ សំអាត ក្នុងនាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​នាំ​បច្ច័យ​ទៅ​ចូលរួម​រំលែក​ទុក្ខ​នៃ​បុណ្យសព​ផងដែរ ។​

​យុទ្ធ​ជននេះ​បានធ្វើ​អត្តឃាត​។​ចំណែក​សាច់ញាតិ មន្ត្រី​និង​មេ​បញ្ជ​ការ​យោធា​រួម​អង្គភាព​រហូតដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សេង ធា​រិ​ន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥​បានដាក់​ការសង្ស័យថា​មកពី​(​អត្តឃាត​ជន​)​បាន​បាក់​ទឹកចិត្ត​នឹង​គយ​ចល័ត​តំបន់​៥​ចាប់​ឡាន​ចង្កូត​ស្តាំ​បាញ់​ពណ៌​ត្រេអ៊ី​ដែល​ខូចខាត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រួច​យកទៅ​ជួសជុល​។​លុះ​ចេញពី​ជាង​មិនទាន់​ចាប់ ផ្លាក​លេ ខ​បើក​តាមផ្លូវ ក៏ត្រូវ​កម្លាំង​គយ​ស្ទាក់ចាប់​ដូច​ចោរ​ចេញ​ប្លន់​…​។​មន្ត្រី​រូបនេះ​បន្តថា​អង្គភាព​គ្រប់​ថ្នាក់​ចេញ​អង្វរ​សុំ​ប៉ុន្តែ​មន្ត្រី​គយ មិន​ព្រម​អនុគ្រោះ​ឡើយ ។​

​ដោយសារ​មានការ​ចោទ​ឆ្លើយ​នេះ ហើយ​មានប្រតិកម្ម​ដល់​មេទ័ព​ជាន់ខ្ពស់​ដល់​មន្ត្រី​តង​ទ័ព​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា​ផង ទើប​ថ្នាក់លើ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បញ្ជា​ឲ្យ​មន្ត្រី​អធិការកិច្ច​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​គយ​អគ្គនាយកដ្ឋាន​ចុះ ស្រាវជ្រាវ​ពី​ល្ងាច​ថ្ងៃទី​១៤​ដល់​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ ។​ចំណែក​ខាង​ក្រសួងការពារជាតិ​ក៏បាន​ចាត់តាំង​ឲ្យ​ក្រុមអធិការកិច្ច​ក្រសួង​និង អគ្គនាយក សម្ភារ​បច្ចេកទេស ក្រសួង ចុះទៅ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ការពិត​ដែរ​ពី​ថ្ងៃទី​១៧​ដល់​២០​ខែកុម្ភៈ ។​

​ប្រភពពី​អង្គភាព​គយ​ចល័ត​ខាងលើ​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​កើតហេតុ​ការណ៍​ដើម្បី​ធានា​ប្រសិទ្ធិភាព​នៃ​ដំណើរការ​នីតិវិធី​របស់​ក្រុមការងារ​អធិការកិច្ច ថ្នាក់លើ​បាន​សម្រួល​ភារកិច្ច​(​ដក​បញ្ឈរជើង​)​លោក ឈួន សោភា​ពី​ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ ពន្ធ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឬ​គេ​ស្គាល់​ថា​គយ​ចល័ត​ក្រសួង​តំបន់​៥ ប្រចាំខេត្ត​បន្ទាយមានជ័យ​ដោយ​ដាក់​លោក យឹម ផល្លី ជា​ប្រធានស្តីទី​ជំនួស​។​

​ប្រភព​បាន​បន្ថែមថា​លោក​ឈួន​សុភា​នឹង​មិនមាន​វាសនា​វិលត្រឡប់​មក​ធ្វើ​ប្រធាន​វិញ​ឡើយ​ហើយ​លោក យឹម ផល្លី​អនុប្រធាន​និង ជា​ប្រធានស្តីទី​នោះ​ក៏​មិនទាន់​ក៏​មិនទាន់​ប្រាកដថា​មាន​វាសនា​ឡើង​ធ្វើ​ប្រធាន​ដែរ​។​ពោលគឺ​អ្វីៗ​ត្រូវ​រង់់ចាំ​ការស្នើសុំ​ពី​ទីចាត់ការគយ និង​រដ្ឋាករ​(​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ )​ស្នើ​ទៅ​ថ្នា​កក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រេច ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular