កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ ប្រទេស​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​កម្ពុជា បានបង្ហាញ​នូវ​ជំហរ​រួមគ្នា​មួយ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែមទៀត​។​

​ការបង្ហាញ ជំហរ​ភាគី​ទាំងពីរ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​លោកស្រី ម៉ា​រៀ អា​មេ​លី​តា ស៊ី អាគី​ណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​ក្នុងជំនួប​ភា​ក្សា​នេះដែរ ក្រសួង​ការងារ​បានឱ្យដឹងថា ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​នូវ​អ្វី ដែលជា​ក្របខណ្ឌ​របស់​ប្រទេស​ទាំងពីរ ដែល​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ដ៏​ល្អ​កន្លងមក ជាពិសេស​ក្នុងពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​មកកាន់​កម្ពុជា កាលពី​ឆ្នាំ​២០១៦ ដែល​កម្ពុជា និង​ហ្វីលីពីន​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ការងារ ដែល​តាមរយៈ​នេះ ប្រទេស​ទាំងពីរ​មាន​ការងារ​ជាច្រើន​ត្រូវ​ធ្វើការ​ជាមួយគ្នា ហើយក៏​មាន​សេចក្តីថ្លែងការណ៍​រួមមួយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​ផ្តោតទៅលើ​ការជួយ​គាំទ្រ និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការជួយ​ដោះស្រាយ និង​ផ្តល់​កិច្ច​គាំពារ​ទៅលើ​បញ្ហា​ពលរដ្ឋ ក៏ដូចជា ពលករ​ទេសន្តរប្រវេសន៍​ការងារ ដោយសារតែ​ហ្វីលីពីន មាន​ស្ថានទូត​ជាច្រើន​ទូទាំង​ពិភពលោក និង​ការិយាល័យ​អនុព័ន្ធ​ការងារ​ក៏ដូចជា​ការិយាល័យ​ខាង​ផ្នែក​ផ្តល់​កិច្ច​គាំពារ​ទៅដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​នៅ​ស្ទើរ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​។

​ក្នុង​ពិធី​នេះដែរ លោកស្រី អគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​ការការពារ និង​គាំពារ​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លី​ពី​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា​ប្រមាណ​ជិត ៥០០០​នាក់ ដែល​ពួកគេ​ទទួលបាន​នូវ​ការការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ដូច​កម្មករនិយោជិត​ក​ម្ពុ​ជា​ដែរ ជាពិសេស​បានទទួល​អ​ត្ថ​ប្រយោជន៍​ពី​សមាជិកភាព​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​។

​លោកស្រី​ថា​កាលពី​កន្លងទៅ​ថ្មីៗ​នេះ ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​៨០០​នាក់ ក៏​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព ក្នុងស្ថានភាព​នៃ​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​។​បន្ថែម​ពីនេះ ប្រទេស​ទាំងពីរ​ក៏មាន​កិច្ចសហប្រតិបត្តិការ​មួយទៀត​ទៅលើ​វិស័យ​សន្តិសុខ​សង្គម តាមរយៈ​អនុស្សារណៈ​យោគយល់​គ្នា​មួយ រវាង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​អង្គការ​ធានារ៉ាប់រង​សុខភាព​របស់​ហ្វីលីពីន (Philhealth) ដែលជា​ក្របខណ្ឌ​កិច្ចប្រតិបត្តិការ​ក្នុងការ​សហការគ្នា​ចែករំលែក​នូវ​បទពិសោធន៍ ជាពិសេស​ទៅលើ​ផ្នែក​បច្ចេកទេស​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ថវិកា ហិរញ្ញវត្ថុ​ក្នុង​ផ្តល់នូវ​កិច្ច​គាំពារ​ដល់ក​ម្មករ​និយោជិត​។​

​លោកស្រី​លើកឡើងថា​ហ្វីលីពីន ជា​ប្រទេសមួយ​ដែលមាន​បទពិសោធន៍​ខ្ពស់ ហើយ​មាន​ពលរដ្ឋ​ហ្វីលីពីន​ធ្វើការ​នៅក្រៅ​ប្រទេស​ជាច្រើន​ដែល​អាច​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ជាច្រើន​ក្នុងការ​ផ្តល់នូវ​ការ​គាំពារ​ទៅដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​។

​គួរ​បញ្ជាក់ថា​ក្នុង​ពិធី​នេះដែរ​លោក អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏ បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ហ្វីលីពីន ដែល​បាន​ជួយ​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ល្អៗ​ដល់​កម្ពុជា ក្នុង​រួមចំណែក​ជួយ​ដល់ ការ​គាំពារ​កាន់តែ​ប្រសើរ​ឡើងដល់​ពលរដ្ឋ​កម្ពុជា​ទាំង​នៅក្នុង និង​ក្រៅប្រទេស​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular