​ដោយៈ ទេព មង្គល​/​ភ្នំពេញៈ នៅពេលនេះ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កំពុងតែ ធ្វើ​ការចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់​-​ស្ពាន នៅ​ខេត្តសៀមរាប , បន្ទាយមានជ័យ , បាត់ដំបង និង​ខេត្តកំពង់ធំ ដើម្បី​ទទួលបាន​គុណភាព​ល្អប្រសើរ​តាម​ស្តង់ដារ​បច្ចេកទេស និង​ការប្រើប្រាស់​បានយូរ​អង្វែង​។

​បេសកម្ម​ចុះ​ពិនិត្យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ គឺ​បានធ្វើ​តាំងពី​ថ្ងៃទី​២៤ ហើយនឹង​បន្ត​រហូតដល់ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ។

​បេសកម្ម​នេះ​ដឹកនាំ​ដោយ​លោក ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​សាធារណកា​រ និង លោក ហ៊ាង វុត្ថា អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រួមជាមួយ​នឹង​លោក រស់ បរម អគ្គនាយករង​ថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

​ក្នុងឱកាស​នោះ​ផងដែរ ក្រុមការងារ បាន​ណែនាំ​ដល់​អង្គភាព​អនុវត្ត​គម្រោង ត្រូវ​អនុវត្តតាម​អនុសាសន៍​របស់ លោក ទេសរដ្ឋមន្ត្រី ក្នុងការ​សាងសង់​ប្រកបដោយ​គុណភាព ចៀសវាង​ការធ្វើ​វិញ​ដដែលៗ ម្ដង​ជា​ពីរដង ជា​បី​ដង​។​

​បន្ថែមទៀត ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ទាំងពីរ បាន​ឲ្យ​អង្គភាព​អនុវត្ត​យកចិត្តទុកដាក់​លើ​បញ្ហា​សុវត្ថិ​ភាព​នៅ​ការដ្ឋាន ចៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​រៀបចំ​ផែនការ​អនុវត្ត​គម្រោង​ឲ្យ​មាន​ប្រសិទ្ធ​ភាព ចៀសវាង​ការសាងសង់​មាន​រយៈពេល​យូរ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​៕សរន