Home ព័ត៌មានជាតិ នយោបាយ ​ស្ថានទូត​កម្...

​ស្ថានទូត​កម្ពុជា និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ​កូរ៉េ ចុះ​អនុស្សរណៈ ស្ដីពី​កិច្ចសហប្រតិបត្តិការ ក្នុង​ការជំរុញ​ការវិនិយោគ​បន្ថែម នៅ​កម្ពុជា និង​កិច្ច​គាំពារ​ផ្សេងៗ ដល់​ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បានឱ្យដឹងថាៈ នៅ​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB Financial Group បាន​ចុះហត្ថលេខា អនុស្សរណៈ យោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ ក្នុង​ការជំរុញ​ការវិនិយោគ​បន្ថែម នៅ​កម្ពុជា និង​កិច្ច​គាំពារ​ផ្សេងៗ ដល់​ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ ។​

​លោក​ឯកអគ្គរាជទូត​កម្ពុជា នៅ​កូរ៉េ បាន​មានប្រសាសន៍ថាៈ អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ភាគី​ទាំងពីរ​នេះ ផ្តោត​សំខាន់​ទៅលើ​ការលើកកម្ពស់ ការវិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា កិច្ច​គាំពារ​ផ្សេងៗ ដល់​ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ និង​ការ​ផ្ដល់ឱកាស ដល់​និស្សិត​ខ្មែរ​យើង បាន​បំពេញ​កម្មសិក្សា នៅក្នុង​ធនាគារ DGB ។​


​យោងតាម​ឯកសារ អនុស្សរណៈ ខាងលើនេះ នឹង​ក្លាយជា​ឯកសារ​តម្រង់ទិស នៃ​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​ទាំងពីរ ក្នុង​គោលបំណង បង្កើន​ចំណងមិត្តភាព និង​ផ្តល់​ជា​ផលប្រយោជន៍ សម្រាប់​ភាគី​ទាំងពីរ ក៏ដូចជា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅក្នុង​ប្រទេស​កូរ៉េ និង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ឡុង ឌី​ម៉​ង់ បានបញ្ជាក់​ថាៈ អនុស្សរណៈ​នេះ ផ្តោតលើ​ចំណុច​សំខាន់ៗ មួយចំនួន ដូចជា កិច្ចសហការ រវាង​ភាគី​ទាំងពីរ ក្នុងការ​អនុវត្ត​កម្មវិធី​សង្គម​នានា ដែលមាន​អត្ថប្រយោជន៍ ចំពោះ​ជនជាតិខ្មែរ ដែល​រស់នៅ​កូរ៉េ និង​នៅ​កម្ពុជា​។ សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB Financial Group ក្នុង​ផ្តល់ឱកាស​គាំទ្រ ដល់​សិស្ស និស្សិត​កម្ពុជា អាច​ចូលរួម​ក្នុង​កម្មវិធី ចុះ​កម្មសិក្សា​នានា នៅក្នុង​ប្រទេស​កូរ៉េ ក៏ដូចជា ផ្តល់ជូន​វគ្គ​សិក្សា ការបំពាក់​បំប៉ន​ជំនាញ ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ សម្រាប់​សិស្ស និស្សិត​កម្ពុជា​។ សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB Financial Group នឹង​ផ្តល់នូវ​អត្រា​ការប្រាក់​ទាប ពិសេស​សម្រាប់​ពលករ​ខ្មែរ​យើង ដែលមាន​បំណង ចង់​ទទួល​ប្រាក់កម្ចី ពី​ធនាគារ​។ សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB Financial Group នឹង​ជួយឧបត្ថម្ភ ដល់​ស្ថានទូត​កម្ពុជា ក្នុងករណី​ដែល​ស្ថានទូត​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍ សំខាន់ៗ​ណាមួយ​។​

​លោក ឡុង ឌី​ម៉​ង់ បានបញ្ជាក់​ទៀតថាៈ ស្ថានទូត​កម្ពុជា នឹង​សម្របសម្រួល និង​ផ្តល់​ការប្រឹក្សា​យោបល់ ចាំបាច់​នានា ជូន​ដល់​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB ពាក់ព័ន្ធ​នឹង​បរិយាកាស​ធុរកិច្ច សង្គម សេដ្ឋកិច្ច នៅក្នុង​កម្ពុជា ដើម្បី​អាចជួយ​គាំទ្រ ដល់​ការធ្វើ​ធុរកិច្ច ក៏ដូចជា គម្រោង​សំខាន់ៗ​នានា របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB Financial Group នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB Financial Group នេះ ជា​សម្ព័ន្ធ​ដែល​គ្រប់គ្រង ទៅលើ​ក្រុមហ៊ុន និង​ធនាគារ​បុត្រ​សម្ព័ន្ធ ដទៃទៀត​ចំនួន ៨ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​។​

​សូមបញ្ជាក់ថាៈ កន្លងទៅ​ថ្មីៗ​នេះ ស្ថានទូត​កម្ពុជា នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់ មួយ​ផ្សេងទៀត ជាមួយនឹង​មន្ទីរពេទ្យ ដ៏​ល្បីឈ្មោះ​មួយ របស់​ប្រទេស​កូរ៉េ ដែល​ក្នុងនោះ បាន​ពាំនាំ​យកមក​នូវ អត្ថប្រយោជន៍​ជាច្រើន ក្នុង​វិស័យ​សុខាភិបាល សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular