ដោយៈភ្នំស្វាយ / កំពង់ធំៈ ដូចគ្រោងទុករដ្ឋបាលខេត្តកំពង់ធំនៅល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ នេះ បានប្រារព្ធពិធីអភិសេករូបសំណាក អាចារ្យលាក់ដែលសិតពីស្ពាន់និងលោហធាតុចម្រុះ កម្ពស់ ៤,៥ម៉ែត្រ ទម្ងន់ ២,៥តោន កម្ពស់ជើងទម្រ ៥,៤៥ម៉ែត្រ ឬសរុបទាំងអស់ ៩,៩៥ម៉ែត្រដែលស្ថិតនៅផ្លូវច្រមុះជ្រូក (ចំណុចផ្លូវប្រសព្វផ្លូវជាតិលេខ៦និងផ្លូវវាងក្រុងស្ទឹងសែន)ក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។
រូបថតៈអភិសេករូបសំណាកអាចារ្យលាក់ដែលសិតពីស្ពាន់និងលោហធាតុចម្រុះទម្ងន់ ២,៥តោន
លោកសុខលូអភិបាលខេត្កំពង់ធំបានដឹកនាំកម្មវិធីបុណ្យនោះដែលប្រព្រឹត្តពីថ្ងៃទី២៤ដល់ល្ងាចថ្ងៃទី២៥ខែកុម្ភៈ។ថ្លែងទៅកាន់ភ្ញៀវចូលរួមលោកអភិបាលខេត្តបានពណ៌នាពីសមិទ្ធិនេះថាដើម្បីលើកកម្ពស់សោភ័ណភាពតម្លៃក៏ដូចជារំលឹកគុណប្រយោជន៍នៃមរតកដូចតានៅក្រុងស្ទឹងសែនដែលជាទីរួមខេត្តកំពង់ធំ ។លោកបន្តថា រដ្ឋបាលបាលខេត្តកំពង់ធំបានសម្រេចឲ្យមានការសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់ដោយសិតពីស្ពាន់ និងលោហធាតុផ្សេងៗដ៏ធំមួយនេះ។
លោកបានបន្តថា រូបសំណាកអាចារ្យលាក់ គឺជារបស់យើងទាំងអស់គ្នា។កើតចេញពីយើងទាំងអស់គ្នា។សមិទ្ធផលនេះអាចកើតមាន លុះត្រាប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍ ព្រមទាំងមានការចូលរួមពីមន្ត្រីសង្ឃនិងមន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្មួយៗ សិស្សានុសិស្សបានរួមកម្លាំងសាមគ្គី។
ប្រវត្តិរូបសំណាកអាចារ្យលាក់នេះគឺរំឭកអំពីប្រវត្តិនៃការតស៊ូនៃមេទ័ពអង់អាចក្លាហានហើយក៏ជាបុគ្គលមួយរូបដែលមានមន្តអាគមក្នុងការព្យាបាលជម្ងឺ និងចេះប្រើដាវដែកកំពង់ធំ។ ចេះក្បាច់គុនខ្លាំងពូកែ។ ប៉ុន្តែនៅខែធ្នូ ឆ្នាំ១៨៦៧ លោកត្រូវបានគេលួចសម្លាប់។
រូបថតៈអភិសេករូបសំណាកអាចារ្យលាក់ដែលសិតពីស្ពាន់និងលោហធាតុចម្រុះទម្ងន់ ២,៥តោន
វីរភាពតស៊ូរបស់លោកអាចារ្យលាក់នាសម័យអាណានិគមបារាំងត្រូវបានគេចងចាំជានិច្ចហើយក៏បានប្រសិទ្ធនាមនូវភូមិមួយនៃកណ្តាលទីរួមខេត្តកំពង់ធំថា ភូមិអាចារ្យលាក់ និងសង្កាត់មួយថា អាចារ្យលាក់ ទៀតផង ។ហេតុនេះហើយបានជារូបសំណាកអាចារ្យលាក់ មានផ្នែកខាងក្នុង រូបលក្ខណៈជាអ្នកតស៊ូ អ្នកចេះវិជ្ជាគុន អ្នកចេះមន្តអាគម អ្នកព្យាបាលជំងឺ។ផ្នែកខាងមុខដៃកាន់ដាវរាងកោង ដកចេញពីស្រោមក្នុងគោលបំណងបង្ហាញអំពីកេតនភ័ណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូនិងបង្ហាញអំពីវីរភាពនៃការតស៊ូ ឬអ្នកក្លាហាន។ ជើងខាងឆ្វេងមានភ្ជាប់ចបជីក ក្នុងគោលបំណងបង្ហាញឲ្យឃើញថា អាចារ្យលាក់គឺជាគ្រូមន្តអាគមមើលជំងឺ ចេះផ្សំថ្នាំព្យាបាល -ល-។ ផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងគោលបំណងបង្ហាញឲ្យឃើញថានៅពេលលោក អាចារ្យលាក់ចេញប្រយុទ្ធតស៊ូជាមួយពួកអាណានិគមនិយមបារាំង ក្រៅពីការប្រើដាវ គឺលោកបានប្រើប្រាស់អាវុធជាស្នាដែលផ្លែមាន លាបដោយពិសពស់ ឬផ្លែឈើពុលផ្សេងៗ ជាដើម។
លោកសុខលូអភិបាលខេត្តបួងសួងនិងណែនាំឲ្យគ្រប់គ្នាអនុវត្តអនុសាសន៍សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងក្រសួងសុខាភិបាល ។លោកសង្ឃឹមថាថាក្នុងខេត្តកំពង់ធំ នឹងគ្មានអ្នកណាម្នាក់ឆ្លងឬគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩ឬជំងឺឯទៀត ព្រមទាំងគ្រោះថ្នាក់ផ្សេងទៀតឡើយ ៕
រូបថតៈលោក សុខ លូ អភិបាលខេត្តកំពង់់ធំក្នុងពិធីអភិសេករូបសំណាកអាចារ្យលាក់ដែលសិតពីស្ពាន់និងលោហធាតុចម្រុះទម្ងន់ ២,៥តោន
រូបថតៈអភិសេករូបសំណាកអាចារ្យលាក់ដែលសិតពីស្ពាន់និងលោហធាតុចម្រុះទម្ងន់ ២,៥តោន
រូបថតៈអភិសេករូបសំណាកអាចារ្យលាក់ដែលសិតពីស្ពាន់និងលោហធាតុចម្រុះទម្ងន់ ២,៥តោន
រូបថតៈអភិសេករូបសំណាកអាចារ្យលាក់ដែលសិតពីស្ពាន់និងលោហធាតុចម្រុះទម្ងន់ ២,៥តោន