ដោយៈ បូកគោ / កំពតៈ កំណាត់ផ្លូវលេខ ៧០១ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ប្រវែងជាង ១.៥០០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ជាប្រភេទផ្លូវបេតុង សរសៃដែក នឹងសម្រេចរួចរាល់ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់។ នេះជាសមិទ្ធផលថ្មី សម្រាប់ពលរដ្ឋ ដើម្បីមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ចេញចូលមូលដ្ឋានប្រចាំថ្ងៃ។
ក្នុងដំណើរចុះពិនិត្យសកម្មភាពផ្ទាល់ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ មន្ត្រីជំនាញ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនស្ថាបនា ត្រូវសហការគ្នា ដើម្បីធ្វើឱ្យគម្រោងផ្លូវមួយខ្សែនេះ ឆាប់សម្រេចរួចរាល់។ តាមការកត់សម្គាល់ ឃើញថា ក្នុងប្រវែងសរុបជាង ១.៥០០ ម៉ែត្រនោះ នៅមិនទាន់រួចរាល់ ប្រមាណជាង ៨០០ ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះ ក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណាពន្លឿនកិច្ចការងារ ឱ្យបានចប់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខ។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ទន្ទឹមនឹងការបង្កើនល្បឿន ការងារនេះដែរ ក្រុមហ៊ុន ក៏ត្រូវគិតគូរ អំពីគុណភាពផ្លូវ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ជាចម្បង។ ដោយឡែក អាជ្ញាធរសង្កាត់ ក៏ដូចជា រដ្ឋបាលក្រុងកំពត ត្រូវរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ តាមដងផ្លូវ ព្រមទាំងធ្វើការឈូសឆាយ ពង្រាបផ្លូវ ដើម្បីសម្រួលដល់ ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ បន្ថែមទៀត៕/V