Home ព័ត៌មានសំខាន់ៗ ប៉ូលិស​បង្កើន...

ប៉ូលិស​បង្កើន​កម្លាំង ពង្រឹង​ការពារ​សន្តិសុខ នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ទប់ស្កាត់​អ្នក​ចង់​គេចវេះ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បានដាក់​ពង្រាយ កម្លាំង​បន្ថែម ពង្រឹង​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នៅតាម​គោលដៅ​ទីតាំង ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទីតាំង​ដែល​ត្រូវ​បិទ បណ្តោះអាសន្ន ប្រមាណ​ជាង ៧៥ កន្លែង ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុង​គោលបំណង ដើម្បី​បង្ការ​ទប់ស្កាត់ ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ចង់​គេចវេះ មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​។​

​កម្លាំង​នគរបាល អន្តរាគមន៍ នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល តាម​បណ្តា​ខណ្ឌ ប្រចាំការ​ការពារ ត្រួតពិនិត្យ និង​បានដាក់​រនាំង​ដែក រឹតត្បិត នៃ​ការចេញចូល នៅក្នុង​តំបន់ ឬ​ទីតាំង ដែល​ត្រូវ​ហាមឃាត់ ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រួមមានៈ នៅ​ចំណុច​មជ្ឈមណ្ឌល កោះ​ពេជ្រ នៅ​ខណ្ឌដូនពេញ សណ្ឋាគារ​សុខា នៅ​ខណ្ឌ​ជ្រោយចង្វារ និង​នៅ​គោលដៅ សណ្ឋាគារ ខុន​ដូ នៅ​ខណ្ឌ​បឹង​កេងកង រួម​នឹង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​បណ្តា​ខណ្ឌ មួយចំនួនទៀត​។​

​ក្រៅពី​ការប្រើប្រាស់ កម្លាំង​យាម​តាម​គោលដៅ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ អនុវត្តតាម​ផែនការ ដឹកនាំ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ត្រូវបាន​ប្រើប្រាស់ កម្លាំង​អន្តរាគមន៍ ជាមួយ​មធ្យោបាយ និង​បំពាក់​សម្ភារៈ ចុះ​ល្បាត​ចល័ត​ជាប្រចាំ អនុវត្តតាម​វេន​ប្រចាំ​បញ្ជា ដោយ​ចេញ​ត្រួតពិនិត្យ នៅ​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក ដោយមាន​លោក​លោកស្រី ស្នងការរង និង​លោកនាយ​ការិយាល័យ​ជំនាញ ដឹកនាំ​កម្លាំង ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ទទួលខុសត្រូវ​ខ្ពស់​។​

​ការ​រឹតបន្តឹង​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នៅ​គោលដៅ​ទីតាំង ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ពី​សំណាក់​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ អនុវត្តតាម​បទបញ្ជា របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បុគ្គល​គេចវេះ មិន​ចង់​ធ្វើ​ច​ត្តា​ឡី​ស័ក ដែលជា​បញ្ហា​ប្រឈម បង្ក​ឱ្យ​រីក​រាលដាល ជំងឺ​កូ​វីដ​១៩​។​

​រាជធានី​ភ្នំពេញ ត្រូវគេ​មើលឃើញថា បាន​ផ្ទុះ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចូល​សហគមន៍ ជា​លើក​ទី​៣ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​ការឆ្លង​ចូល សហគមន៍ លើក​ទី​៣​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា មាន​សភាព​ធ្ងន់ធ្ងរ ជាង​ព្រឹត្តិការណ៍ លើក​ទី​១ ថ្ងៃ ៣ វិច្ឆិកា និង​លើក​ទី​២ ថ្ងៃ ២៨ វិច្ឆិកា ២០២០ កន្លងទៅនេះ​។ ទីតាំង​ដែល​អាជ្ញាធរ រាជធានី​ភ្នំពេញ រកឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មាន​រហូត ៧៥ កន្លែង ក្នុង​រាជធានី​ភ្នំពេញ​។ ទីតាំង​ទាំងនោះ មាន​ទាំង​សាលារៀន ខុន​ដូ បុរី សណ្ឋាគារ ផ្ទះសំណាក់ លំនៅឋាន ភោជនីយដ្ឋាន ក្លិប​កម្សាន្ត ជាដើម​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular