Home ព័ត៌មានជាតិ សន្តិសុខ មកពីរកមិនឃើញ ...

មកពីរកមិនឃើញ ឬមិនឃើញរក?

ដោយ: ម៉េងឆៃ / ភ្នំពេញ: ផែនការ ស្តីពី «យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦» នៅឆ្នាំ២០២១ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា ប្រកាសដាក់ឲ្យអនុវត្ត កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេច បានផ្តល់អនុសាសន៍មួយចំនួនលើការបង្ក្រាបបទល្មើសគ្រឿងញៀននៅកម្ពុជា ពិសេសអាជ្ញាធរសមត្ថកិច្ច ត្រូវតែស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឲ្យដល់ឫសគល់ ហើយអនុវត្តច្បាប់លើបទល្មើសគ្រឿងញៀន ដោយគ្មានការយោគយល់ និងគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ច ប្រឹងប្រែងទប់ស្កាត់ការលួចនាំចូលគ្រឿងញៀនពីក្រៅប្រទេស ហើយត្រូវតស៊ូរកឲ្យឃើញទីតាំង ដែលលួចដាំ ផលិត និងកែច្នៃសារធាតុញៀន នៅក្នុងប្រទេស។

សម្តេចតេជោក៏បានជំរុញឲ្យអាជ្ញាធរសមត្ថកិច្ច នៅក្នុងឆ្នាំ២០២១នេះ ត្រូវបន្តបង្កើនការផ្សព្វផ្សាយ និងការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានការយល់ដឹងពីគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន។

សូមរម្លឹកថា ផែនការ ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល ៦ខែ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់អនុវត្ត កាលពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី២ បានបន្តអនុវត្ត ៦ខែ រហូតដល់បំណាច់ឆ្នាំ២០១៧។ យុទ្ធនាការនេះ បានធ្វើឡើងជាបន្តបន្ទាប់រយៈពេល ១ឆ្នាំម្តង រហូតដល់ឆ្នាំ២០២១នេះ ជាលើកទី៦ហើយ។

ការដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន ដោយសារតែឥទ្ធិពលនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅលើពិភពលោក និងក្នុងតំបន់ បាន និងកំពុងជះឥទ្ធិពលចំពោះប្រទេសកម្ពុជា។ ក្នុងប្រទេសកម្ពុជាយើងបញ្ហាគ្រឿងញៀន ក៏បានកើតឡើង មិនត្រឹមតែនៅភ្នំពេញ ទីប្រជុំជន ទីរួមខេត្តនោះទេ គឺចូលដល់សហគមន៍ តាមជនបទស្រុកស្រែចំការផងដែរ។
ក្នុងមួយឆ្នាំៗ បទល្មើសគ្រឿងញៀន និងជនល្មើសរាប់ពាន់ ចូលខ្ទង់ម៉ឺន ត្រូវបានបង្ក្រាប និងចាប់ខ្លួន។ ក្នុងនោះ គ្រឿងញៀនរាប់រយ ចូលដល់ពាន់គីឡូក្រាម ក៏ត្រូវបានរឹបអូស បង្ក្រាបបានក្នុងមួយឆ្នាំៗ។
នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កន្លងមក បានបង្ក្រាបនៅទីតាំងធំៗ ក្នុងឆ្នាំ២០១៩ រួមមាន៖ នៅមជ្ឈមណ្ឌលកម្សាន្ត Rock ជាប់សាលាច្បាប់បឹងត្របែក ក្នុងរាជធានីភ្នំពេញ ក្លិបកម្សាន្ត Luxury នៅភ្នំពេញ និងក្លិបកម្សាន្ត ម៉ាយអាមី នៅភ្នំពេញដែរ។

ចៅកែ និងអ្នកពាក់ព័ន្ធច្រើននាក់ ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការកាត់ទោស ពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ គ្រឿងញៀនរាប់សិបគីឡូក្រាម ក៏ត្រូវបានចាប់រឹបអូស។ ក្លិបកម្សាន្តធំៗទាំង ៣កន្លែងនោះ ត្រូវបានបិទ ហើយមិនអនុញ្ញាតឲ្យបើកដំណើរការវិញឡើយ។
កាលពីឆ្នាំ២០២០ កន្លងមក អាជ្ញាធរសមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ១ម៉ឺនករណី។ ក្នុងនោះ មានករណីជួញដូរគ្រឿងញៀនខ្នាតធំៗ ៧៧ករណី។

ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជាង ២១០០០ នាក់ ត្រូវចាប់ខ្លួន ហើយក្នុងចំណោមនោះ មានមេខ្លោងគ្រឿងញៀន ៣១នាក់។ កាលពីឆ្នាំ២០២០ គ្រឿងញៀនគ្រប់ប្រភេទជាង ៣៨០០ គីឡូក្រាម និងសារធាតុគីមីផ្សំគ្រឿងញៀន ៤៤០០គីឡូក្រាម ត្រូវបានអាជ្ញាធរសមត្ថកិច្ច បង្ក្រាប និងរឹបអូស។

ការបង្ក្រាបបទល្មើសគ្រឿងញៀន ការចាប់ខ្លួនជនល្មើសគ្រឿងញៀន រួមទាំងវត្ថុតាងគ្រឿងញៀន ដែលត្រូវបានរឹបអូស កើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ ប៉ុន្តែគ្រឿងញៀន ក៏នៅតែចរាចរ ចែកចាយ និងប្រើប្រាស់ មិនត្រូវតែនៅភ្នំពេញ និងមិនត្រឹមតែនៅតាមបណ្តាទីរួមខេត្ត ទីប្រជុំជនប៉ុណ្ណោះទេ ប៉ុន្តែក្នុងសង្គមយើងសព្វថ្ងៃ គ្រឿងញៀន បានចូលទៅដល់ភូមិស្រុកនៅជនបទ ហើយសូម្បីតែកន្លែងដាច់ស្រយាល ក៏មានគ្រឿងញៀនដែរ។ គ្រឿងញៀន បំផ្លាញអនាគតយុវជន សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

នៅតាមភូមិស្រុកតំបន់មួយចំនួន អ្នកស្រុកអ្នកភូមិស្គាល់មុខមេខ្លោងចែកចាយគ្រឿងញៀនហើយ តែជននោះ ក៏នៅតែអាចបន្តសកម្មភាពបានដោយសេរី។ ករណីខ្លះទៀត អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានចាប់ខ្លួន បញ្ជូនអ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀន ទៅតុលាការ តែមិនបានប៉ុន្មានថ្ងៃផង មេខ្លោងជួញដូរគ្រឿងញៀន រួមទាំងអ្នកប្រើប្រាស់នោះ មានសេរីភាព វិលមករកស៊ីលក់ដូរ ចែកចាយគ្រឿងញៀន ដូចលក់ស្ករគ្រាប់ដដែល។ នេះជាបញ្ហាមួយ។

បញ្ហាមួយទៀត គេឃើញអាជ្ញាធរសមត្ថកិច្ច មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស គឺមានព័ត៌មានចុះផ្សាយពីការបង្ក្រាបចាប់ជនសង្ស័យជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន មិនលោះថ្ងៃទេ។ ប៉ុន្តែកម្រនឹងស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនមេខ្លោងធំ ជាអ្នកជួញដូរគ្រឿងញៀនណាស់។ នេះជាបញ្ហា ដែលកម្ពុជាយើង បន្តនៅបក់ផ្សែង ដូចភ្លៀងរលឹម លើបញ្ហាគ្រឿងញៀន ព្រោះថា មិនមែននៅសុខៗ គ្រឿងញៀនធ្លាក់ពីលើមេឃ ឬក៏រើសបានតាមផ្លូវ ដោយមិនមានបណ្តាញចរាចរ ចែកចាយពីតំបន់មួយ ទៅតំបន់មួយនោះឡើយ។

ការដែលមិនអាចឈានទៅចាប់មេខ្លោងធំនេះហើយ ទើបគេលើកឡើងថា ដោយសារតែមេខ្លោងនោះ មានខ្សែធំ ឬមានអ្នកមានអំណាច ការពារពីក្រោយ ឬក៏លើកហេតុផលមួយពីរ។ល។ និង។ល។ ប៉ុន្តែទាំងអស់នេះ គ្រាន់តែជាការលើកឡើងប៉ុណ្ណោះ។

ចូរកុំភ្លេចថា បើនៅតែចាប់លែងៗ ហើយចាប់តែអ្នកប្រើប្រាស់ និងអ្នកលក់គ្រឿងញៀនតូចតាច នោះកម្ពុជាយើង ក៏នៅតែចិញ្ចឹមបញ្ហា និងក៏នៅតែដោះបញ្ហាគ្រឿងញៀន ដូចភ្លៀងរលឹមរាល់ថ្ងៃរហូតពីមួយឆ្នាំ ទៅមួយឆ្នាំ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular