ដោយ: ដេប៉ូ / មណ្ឌលគិរី: មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង ១០ ក្បាលត្រូវបានគេប្រទះឃើញពួកវាកំពុងផឹកទឹកនៅពីខាងក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ការប្រទះឃើញសត្វព្រៃដ៏កម្រ និង កំពុងមានវត្តមាននៅប្រទេសកម្ពុជាកាន់តែច្រើនឡើងនេះកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
គួរបញ្ជាក់ថាក្នុងអំឡុងខែកុម្ភៈជារៀងរាល់ឆ្នាំ ហ្វូងដំរីព្រៃតែងតែមកទីតាំងនេះដើម្បីរកស៊ី និងផឹកទឹក។ ជាមួយការប្រទះសត្វព្រៃដ៏មានតម្លៃមហាសាលនេះដែរ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំរំខានសត្វដំរីព្រៃទាំងនេះ និងសូមចូលរួមការពារនិងអភិរក្ស។
លោកថា នៅប្រទេសកម្ពុជា សត្វដំរីព្រៃមានចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាក្នុងនោះភូមិភាគឦសានដែលរួមមានខេត្តមណ្ឌលគិរី និងរតនគិរីគឺសម្បូណ៌ដោយសត្វដំរីព្រៃ។
ទាក់ទិនទៅនឹងសត្វដំរីនេះដែរ លោករដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ថា បើគេយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា។
គួររំលឹកថាសត្វដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។
បើតាមលោក នេត្រភក្ត្រា បានឱ្យដឹងដែរថា “យោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍ ណាមួយស្តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរីខុសច្បាប់តាំងពីឆ្នាំ២០០៣ មកម្ល៉េះ”។
លោកបានឱ្យដឹងបន្ថែមថាចំណែកនៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថាមានដំរីស្លាប់ចំនួន ៨ ក្បាលក្នុងនោះមានទាំងកូនដំរី និងដំរីធំដែលករណីដំរីធំស្លាប់ត្រូវបានសង្ស័យថា មានការពាក់ព័ន្ធនឹងការបរបាញ់។ កាលពីដើមឆ្នាំ២០១៩ សត្វដំរីព្រៃវ័យចំណាស់មួយក្បាលត្រូវបានប្រទះឃើញស្លាប់ ដោយត្រូវគេបាញ់ងាប់នឹងគ្រាប់កាំភ្លើងកែច្នៃនៅចំណុចចម្ការស្វាយចន្ទីរបសប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ហើយភ្លុកនិងកន្ទុយរបស់វាត្រូវបានគេលួចកាត់យកទៅបាត់។ នៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន ២ ក្បាលបានរកឃើញស្លាប់នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹកស្លាប់ដោយសារជើងជាប់នឹងល្បាក់ថ្ម និងមួយទៀតកើតមកមិនមានសុខ ភាពល្អ បានស្លាប់ទៅវិញក្រោយក្រុមមន្ត្រីជួយសង្គ្រោះ។
លោកបានមានប្រសាសន៍ដែរថា បើតាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី ៧ ក្បាលមាន ៤ក្បាលដែលមានអន្ទាក់នៅ ជាប់នឹងជើងរបស់ពួកវា ហើយក៏មានកូនដំរីព្រៃមួយក្បាលដែរដែលបានស្លាប់ដោយជាប់អន្ទាក់។
ភស្តុតាងនេះបានបញ្ជាក់ថា ការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា នៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផង ដែរព្រោះវាអាចបណ្តាលឱ្យសត្វដំរីរងរបួស និងស្លាប់បាន។
លោករដ្ឋលេខាធិការបានលើកឡើងថា ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់ នោះចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ក្នុងការផុតពូជ។ ពលរដ្ឋខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីរំខានដំរីដូចជាការធ្វើក្តារដាំដែកគោលដាក់តាមផ្លូវដើម្បីកុំឱ្យដំរីចូលស៊ីដំណាំរបស់ខ្លួនជាដើម។ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំនៅតាមច្រករបៀងដែលសត្វដំរី ឆ្លងកាត់ក៏ជាបញ្ហាមួយចោទផងដែរ។
ទាក់ទិនទៅនឹងការអភិរក្សសត្វដំរីនេះវិញ លោករដ្ឋលេខាធិការបានបញ្ជាក់ថាបើយោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕