ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រភពដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែកុម្ភៈថា តារាចម្រៀងប៉ុបនាង ឡេឌី ហ្គាហ្គា នឹងផ្តល់រង្វាន់ជាទឹកប្រាក់ ៥០០.០០០ដុល្លារសម្រាប់ការប្រគល់មកវិញនូវឆ្កែតឿពូជរបស់បារាំងឈ្មោះ កូជី និងហ្គូស្តាវ ដែលត្រូវចោរលួចនៅសង្កាត់ហូលីវូដ បន្ទាប់ពីមានរបាយការណ៍ជាច្រើនថា អ្នកបណ្តើរឆ្កែរបស់នាងត្រូវគេបាញ់របួស។
ហ្គាហ្គា ដែលការសម្តែងថ្មីៗរបស់នាងរួមមានទាំងការច្រៀងចម្រៀងជាតិនៅពិធីសម្ពោធកាន់តំណែងរបស់លោកប្រធានាធិបតីចូ បៃដិនកាលពីខែមុន បានកំពុងស្ថិតនៅទីក្រុងរ៉ូមថតខ្សែភាពយន្តមួយ។ សារព័ត៌មានដេលីម៉ែលបានរាយការណ៍ថា ឆ្កែទាំង ៣ ក្បាលរបស់នាងកំពុងស្ថិតនៅសង្កាត់ហូលីវូដនៃទីក្រុងឡូស អែនជើឡេសក្នុងពេលកើតឧបទ្ទវហេតុ។
ដេលីមែលនិយាយថា អ្នកបណ្តើរឆ្កែរបស់ហ្គាហ្គាកំពុងបណ្តើរឆ្កែនៅល្ងាចថ្ងៃពុធនៅពេលដែលគាត់ត្រូវគេបាញ់របួស។ ឆ្កែទី ៣ ឈ្មោះ មីស អេស៊ា បានរត់គេចខ្លួន ហើយក្រោយមកត្រូវបានរកឃើញវិញ។
មន្ត្រីប៉ូលិសក្រុងឡូស អែនជើឡេស លោក ដ្រេក ម៉ាឌីសុន និយាយថា មិនយូរប៉ុន្មានមុនម៉ោង ១០ យប់ថ្ងៃពុធ ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិបានបាញ់បុរសអាយុខ្ទង់ ៣០ ឆ្នាំនៅសង្កាត់ហូលីវូដហើយរត់គេចខ្លួននៅក្នុងរថយន្តពណ៌សដោយលួចយកឆ្កែបារាំងពីរក្បាល។
ប៉ូលិសនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីនៅមន្ទីរពន្លត់អគ្គិភ័យបាននាំជនរងគ្រោះទៅមន្ទីរពេទ្យក្នុងតំបន់ កន្លែងដែលគាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយសារតែគ្រាប់កាំភ្លើង។
ប្រភពជិតស្និទ្ធនឹងឡេឌី ហ្គាហ្គា ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បាននិយាយថា តារាចម្រៀងរូបនេះកំពុងទទូចដល់អ្នកណាដែលមានឆ្កែនេះ ឱ្យទាក់ទងទៅអ៊ីម៉ែល kojiandgustav@gmail.com ដើម្បីប្រគល់សត្វឆ្កែមកវិញ និងមកយករង្វាន់ មិនបាច់សួរអ្វីទៀតឡើយ៕
នាងហ្គាហ្គានឹងផ្តល់លុយ៥០ម៉ឺនដុល្លារសម្រាប់ការប្រគល់ឆ្កែ២ក្បាលមកវិញ