Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ទម្ល...

អាម៉េរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​របស់​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ស៊ី​រី​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​សហរដ្ឋ​អាម៉េរិក​បាន​បើក​ការវាយប្រហារ​តាម​អាកាស​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កុម្ភៈ​ដោយ​ផ្តោត​គោលដៅ​ទៅ​លើ​ទីតាំង​នានា​នៅ​ជិត​ព្រំដែន​អ៊ីរ៉ាក់​ដែល​ត្រូវបាន​ប្រើ​ដោយ​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។

​មន្ទីរ​ប៉ង់​បញ្ច​កោណ​បាន​និយាយថា​ការវាយប្រហារ​នេះ​គឺជា​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​មួយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពីដើម​ខែ​នេះ​ដែល​បាន​សម្លាប់​អ្នកម៉ៅការ​ស៊ីវិល​ម្នាក់​និង​បង្ក​របួស​ដល់​សមាជិក​ទាហាន​អាម៉េរិក​ម្នាក់​និង​កងទ័ព​របស់​កម្លាំង​ចម្រុះ​ផ្សេងទៀត​។​

​ការវាយប្រហារ​តាម​អាកាស​នេះ​គឺជា​សកម្មភាព​យោធា​ដំបូង​ដែល​ធ្វើឡើង​ដោយ​រដ្ឋបាល​លោកបៃ​ដិនដែល​ក្នុង​សប្តាហ៍​ដំបូង​របស់​ខ្លួន​បាន​សង្កត់ធ្ងន់​លើ​ការផ្តោត​ការយកចិត្តទុកដាក់​បន្ថែមទៀត​លើ​បញ្ហា​ប្រឈម​នានា​ដែល​បង្កឡើង​ដោយ​ចិន ទោះបីជា​ការគំរាមកំហែង​នៅ​តំបន់​មជ្ឈិមបូព៌ា​នៅតែមាន​ក៏ដោយ​។ ការសម្រេចចិត្ត​របស់​លោកបៃ​ដិន​ក្នុង​ការវាយប្រហារ​នៅ​ប្រទេ​សស៊ី​រី​មិន​បាន​បង្ហាញ​ពី​ចេតនា​ដើម្បី​ពង្រីក​ការចូលរួម​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាម៉េរិក​នៅក្នុង​តំបន់​នោះ​ទេ​ប៉ុន្តែ​ជា​ការបង្ហាញ​ឆន្ទៈ​ដើម្បី​ការពារ​កងទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​ឡយ អូ​ស្ទីន បាន​ប្រាប់​ក្រុមអ្នកកាសែត​ដែល​ហោះ​ជាមួយ​គាត់​ពី​កាលីហ្វ័រ​ញ៉ា​ទៅ​វ៉ាស៊ីនតោន​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​គោលដៅ​ដែល​យើង​បាន​តាម​វាយ​ហើយ​យើង​ដឹង​ពីអ្វី​ដែល​យើង​បាន​វាយប្រហារ​”​។ លោក​បាន​បន្ថែមថា “​យើង​មាន​ទំនុកចិត្ត​ថា​គោលដៅ​ទាំងនោះ​ត្រូវបាន​ប្រើ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត​តែមួយ​ដែល​បាន​រៀបចំ​ការវាយប្រហា​រ​” ដោយ​រ៉ុក្កែត​កាលពី​ថ្ងៃទី ១៥ ខែ​កុម្ភៈ​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់​ដែល​បានសម្លាប់​អ្នកម៉ៅការ​ស៊ីវិល​ម្នាក់​និង​បង្ក​របួស សមាជិក​ទាហាន​អាម៉េរិក​និង​កងទ័ព​ចម្រុះ​ផ្សេងទៀត​។​

​លោក​អូ​ស្ទី​ននិយាយថា គាត់​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ចាត់វិធានការ​នេះ​ដល់​លោកបៃ​ដិន​។​

​លោក​អូ​ស្ទី​ននិយាយថា “​យើង​បាន​និយាយ​ជា​ច្រើន​ដង​ថា​យើង​នឹង​ឆ្លើយតប​តាម​ពេលវេលា​កំណត់​របស់​យើង​។ យើង​ចង់​ឱ្យ​ប្រាកដ​អំពី​បណ្តាញ​ពាក់ព័ន្ធ​ហើយ​យើង​ចង់​ប្រាកដ​ថា​យើង​វាយ​ចំ​គោលដៅ​ត្រឹមត្រូវ​”​។​

​មុន​នេះ​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក ច​ន កឺ​ប៊ី និយាយថា សកម្មភាព​របស់​អាម៉េរិក​គឺជា “​ការឆ្លើយតប​ផ្នែក​យោធា​ដោយ​សមាមាត្រ​”​ដែល​ត្រូវបាន​អនុវត្ត​រួម​គ្នា​ជាមួយនឹង​វិធានការ​ការទូត​រួម​ទាំង​ការពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ចម្រុះ​៕

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​ឡយ អូ​ស្ទីន ណែនាំ​ការវាយប្រហារ​គោលដៅ​នៅ​ស៊ី​រី​ដល់​លោកបៃ​ដិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular