ប្ដូរជីវិត​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ទៅ​ជាន់មីន​ដាច់​ជើង​ម្ខាង​ដៃ​ម្ខាង​

663

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពលករ​ខ្មែរ​ដែល​រត់គេច​ពី​ការត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ទៅ​ជាន់មីន​នៅ​ព្រំដែន​កម្ពុជា ថៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​កន្ល​ង​មក បាន​នឹង​កំពុង​បន្ត​ទទួល​ការពិនិត្យ​ព្យាបាល​ក្រោម​កំហិត​ច​ត្តា​ឡី​ស័ក នា​បន្ទប់​ដាច់ដោយឡែក​មួយ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន មង្គល​បូរី​។​

​លោក​វេជ្ជបណ្ឌិត ច័ន្ទ​វិ​ឌ្ឍី ណា​វុ​ឌ្ឍ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២១ ថា​៖ ជនរងគ្រោះ​មានឈ្មោះ យឿន រ៉​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ជាន់មីន​នៅ​ព្រំដែន​ព្រោះ​ដើរគេច មិន​ចង់ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ មកទល់ពេលនេះ បន្ត​ទទួលបាន​ការពិនិត្យ​ព្យាបាល​ពី​គ្រូពេទ្យ តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ផង​។ គឺ​ដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក​មួយ​ពី​គេ​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​៖ ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ តែ​បាន​ត្រូវបាន​សង្គ្រោះ​រួចផុតជីវិត​។ ប៉ុន្តែ​បាន​ត្រូវ​កាត់​ជើង​ម្ខាង និង​ដៃ​ម្ខាង ព្រោះ​រងរបួស​បាន​ដាច់​អស់​ទៅហើយ​។​

​ចំណែក​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​បាន​ទៅសួរសុខទុក្ខ​ជនរងគ្រោះ​ខាងលើ បាន​និយាយថា​៖ “​ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ខ្ញុំ​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន សួរសុខទុក្ខ និង​ផ្តល់ជូន​គ្រួសារ និង​ជនរងគ្រោះ​ដោយសារ​ផ្ទុះ​មីន កាលពីពេល​ថ្មីៗ​កន្លងមកនេះ​”​។​

​សូម​រំលឹកថា ពលករ​ខ្មែរ​ឈ្មោះ​យឿន រ៉​ន ភេទ ប្រុស អាយុ​៣០ ឆ្នាំ រស់នៅ​ភូមិ ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល មក​កម្ពុជា​តាម​ច្រករបៀង​ដោយ​រត់គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ប៉ុន្តែ​គ្រោះ​ចង្រៃ គាត់​បាន​ជួប​ឧ​ប​ទ្ទេ​ហេតុ​ជាន់​ផ្ទុះ​មីន​កា​លិ​ម៉ោង​១០​យប់ ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នា​ព្រំដែន​កម្ពុជា ថៃ នៅ​ចំណុចដើម​កកោះ ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ហើយ​ត្រូវបាន​ក្រុម​គ្រួ​ដ​សារ នគរបាល កងទ័ព មន្ត្រី​អាជ្ញាធរ​ដែនដី បញ្ជូនទៅអោយ​ក្រុមគ្រូពេទ្យ​និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​ម​ង្គ​បូរី ជួយសង្គ្រោះ​និង​វះកាត់ បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​